(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ លើការរៀបចំយុទ្ធនាការ ចុះពិនិត្យសុខភាព ជូនបងប្អូនកម្មករ-កម្មការិនី​ នៅតាមរោងចក្រសហគ្រាស ក្នុងខេត្ត ដែលមានរោងចក្រធំៗមួយចំនួន​ មានកម្មករ-កម្មការិនីបម្រើការច្រើននៅទីនោះ​។

ការយកចិត្តទុកដាក់ លើសុខភាពកម្មករ-កម្មការិនីរោងចក្រ សហគ្រាសនេះ គឺបង្ហាញពីការជួយគិតគូរ ដល់ការរស់នៅ និងជីវភាពរបស់ពួកគាត់ ឲ្យមានភាពល្អប្រសើរឡើង តាមការណែនាំ និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។​

ការចុះពិនិត្យសុខភាពជូនកម្មករ-កម្មការិនីរោងចក្រនេះ​ នឹងជួយដោះស្រាយបញ្ហាសុខភាពទូទៅ របស់ពួកគាត់ ដោយក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យជាតិ​ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងយកចិត្ដទុក្ខដាក់ខ្ពស់ ក្នុងពិនិត្យព្យាបាល ចំពោះរាល់ថ្លៃការព្យាបាល គឺ​រាជរដ្ឋាភិបាលជាអ្នកចេញថ្លៃជួស៕