(បរទេស)៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) និងបណ្តេញបុគ្គលិកបរទេសវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា។ ការសម្រេចបិទវិទ្យាស្ថាន NDI ដែលស្ថិតនៅក្នុងស្ថានទូតអាមេរិកនេះបានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលបានរកឃើញថា វិទ្យាស្ថាននេះ ពុំបានអនុវត្តតាមច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងស្របពេលដែលបណ្តាញទំនាក់ទំនងសង្គម ទម្លាយឯកសារសំខាន់របស់ NDI ដែលបានជួយជ្រោមជ្រែងគណបក្សប្រឆាំងនៅកម្ពុជាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ហើយការជួយបក្សប្រឆាំងនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា មហាអំណាចកំពុងប្រើប្រាស់ NGO ដើម្បីត្រួតត្រាប្រទេសកម្ពុជា ដោយយកបក្សប្រឆាំងធ្វើជាឧបករណ៍របស់ខ្លួន។

ជាមួយនេះដែរ Fresh News សូមបង្ហាញនូវឯកសារមួយដែល Wikileaks ទម្លាយកាលពីឆ្នាំ២០០៥ ស្តីពី៖ 

តើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និង វិទ្យាស្ថានអន្តរជាតិ​សាធារណៈ​ (IRI) មានតួនាទីអ្វីក្នុងរឿង​នយោបាយ?

វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ (NDI) និង វិទ្យាស្ថានអន្តរជាតិ​សាធារណៈ (IRI) បច្ចុប្បន្នកំពុង​កាន់តួនាទីយ៉ាងរឹងមាំ​ ដើម្បីជួយសម្រួល​ដល់ការធ្វើ​កំណែទម្រង់ និងផ្លាស់ប្តូរ​បក្សនយោបាយ​ក្នុងប្រទេស​វេណេស៊ុយអេឡា ដោយកសាង​ការអភិវឌ្ឍជាមួយ​សមាជិកបក្ស ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ហើយចំណេះដឹង​របស់សា្ថប័នទាំងពីរ​ជាលទ្ធផល បានមកពីទំនាក់​ទំនង​ជាមួយបក្ស​នយោបាយ។

ស្ថាប័នទាំងពីរកំពុង​ធ្វើការជាមួយ (ជាពិសេស) គណបក្សប្រឆាំង ដើម្បីជួយបក្សទាំង​នោះ​បន្តមានជីវិត តាមរយៈការធ្វើ​កំណែទម្រង់ និងពង្រឹង​បក្សនយោបាយ។ នេះបើយោង​តាមរបាយការណ៍​ទាំងស្រុង ដែលត្រូវបានទម្លាយនៅលើគេហទំព័រ Wikileaks កាលពីឆ្នាំ២០០៥។

១៖ ការពង្រឹងគណបក្សនយោបាយ

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ទើបកន្លង​ទៅថ្មីៗនេះ និងដំណើរវិវឌ្ឍន៍ដដែលៗ​នៃការបោះឆ្នោត​ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំកន្លង​ទៅនេះ បានធ្វើឱ្យ​គណបក្សប្រឆាំង​ធ្លាក់ក្នុងភាព​ទន់ខ្សោយ។ ការដើរ​ចេញពីវដ្តន៍នយោបាយ​ដដែលៗនេះ អាចឱ្យបក្សប្រឆាំង​ចាប់ផ្តើមទទួលយក​ទម្រង់ថ្មី ដោយមិនវិលត្រឡប់​ទៅរកអតីតកាល​វិញឡើយ អតីតកាល​នោះគឺ កាលពីមុន​លោក​ប្រធានាធិបតី ហ៊ូហ្គូ ឆាវេស និងក្រុមអ្នកគាំទ្រ​របស់លោក គឺជាអ្នកគិតគូរ​ពីអនាគត និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងឆាកនយោបាយ​វេណេស៊ុយអេឡា ឬបន្តមានវត្តមាន​ជាគណបក្ស​នយោបាយ។

២៖ តើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បាននឹងកំពុងធ្វើអ្វី?

កាលពីខែមករា ឆ្នាំ២០០៥កន្លងទៅនេះ វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ បានចាប់ផ្តើម​ការអនុវត្តន៍គម្រោង​រយៈពេល​មួយឆ្នាំ ដោយចំណាយ​ប្រាក់ ៥០០,០០០ដុល្លារ ដោយផ្តោត​លើការផ្លាស់ប្តូរ​គណបក្សនយោបាយ។ នៅពេល​ដែលការងារ​របស់វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​ឆ្នាំ​២០០៤ ផ្តោតសំខាន់​លើការផ្តល់​យុទ្ធសាស្ត្រ​ផ្សេងៗ ហើយត្រូវបាន​គេលាតត្រដាង​នោះ ឆ្នាំនេះ​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ ដោយផ្តោត​សំខាន់ទៅលើគោលដៅ​រយៈពេលវែង និងការផ្លាស់ប្តូរ​បែប​ស៊ីជម្រៅ។

វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​បានសន្និដ្ឋានថា ស្របពេល​ដែលមាន​ការរារាំងពី​សមាជិកគណបក្សខ្លះ ដោយបារម្ភខ្លាចការផ្លាស់ប្តូរ​នេះនឹងធ្វើឱ្យ​ពួកគេបាត់បង់​តួនាទី​ ឬតំណែងនៅក្នុង​គណបក្សនោះ សម្រាប់ឆន្ទៈក្នុងការ​ឆ្ពោះទៅមុខ ដើម្បីការផ្លាស់ប្តូរនឹងកើតមាននៅគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងស្ថាប័នដែលពាក់ព័ន្ធនឹង សង្គមផងដែរ។ ជាពិសេសនឹងបង្កឱ្យមានការប្រមូលផ្ដុំ និងការចូលរួមពី​សំណាក់អ្នក​ដែលចង់ធ្វើកំណែ​បដិវត្តន៍ (ក្នុងនោះមានដូចជា មេដឹកនាំវ័យក្មេង ស្ត្រី និងសង្គម​ស៊ីវិល​ជាដើម) ដូច្នេះវាបង្ហាញថា ការផ្លាស់ប្តូរចាំបាច់ត្រូវតែកើតឡើង បើទោះបីជាមេដឹកនាំបក្ស​មួយចំនួន មានការរារែកចិត្តក្តី។

ដោយមានកិច្ចសហការ ជាមួយសមាជិកបក្សបុគ្គលិកក្នុងប្រទេស (វេណេស៊ុយអេឡា) របស់វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យនេះ នឹងធ្វើការកត់​សម្គាល់​ទៅលើបញ្ហាសំខាន់ៗ ដែលទាក់ទង​នឹងកំណែទម្រង់​គណបក្ស។ បន្ទាប់មកអ្នក​បណ្ដុះបណ្ដាល​ប្រកបដោយ​បទពិសោធន៍ និងទីប្រឹក្សា​នយោបាយ នឹងដឹកនាំ​សមាជិកគណបក្ស តាមជំហាន​ចាំបាច់ ដើម្បីសម្រេច​បាននូវគោលដៅ​ជាក់លាក់។ ពួកគេនឹងជួយ​សម្រួលដល់​ការអភិវឌ្ឍ​យុទ្ធសាស្ត្រ និងផ្តល់សារ​ដែលឆ្លើយតប​ទៅនឹងសេចក្តីប្រាថ្នា របស់ម្ចាស់​សម្លេងឆ្នោត​ ដែលមានប្រាក់ចំណូលទាប ដែលត្រូវបាន​ចាត់ទុកជាគោលដៅ​អាទិភាពជាងគេ។

សូមជម្រាបថា ក្រុមអ្នកប្រឆាំង​របស់ លោក ឆាវេស (អតីតបុរសខ្លាំងវេណេស៊ុយអេឡា) បានព្យាយាម​ទៅបញ្ចុះបញ្ចូល​ដល់ក្រុមមនុស្ស ដែលជាម្ចាស់​សម្លេងឆ្នោត​ដ៏សំខាន់នេះ នៅមុនការ​ធ្វើប្រជាមតិ ប៉ុន្តែនៅតែមិន​បានទទួល​ជោគជ័យ។ សមាសភាពមួយទៀត នៃយុទ្ធសាស្រ្ត​របស់វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ គឺជម្រុញការ​ធ្វើកំណែទម្រង់​បក្ស​តាមរយៈការកសាង​ឡើងវិញ និងពង្រឹង​ទំនាក់ទំនង​រវាងប្លុក​នយោបាយអឺរ៉ុប និងវ៉េណេស៊ុយអេឡា ជាពិសេស​ពួកគ្រីស្ទាន​ប្រជាធិបតេយ្យ និងពួកសង្គម​ប្រជាធិបតេយ្យ។

ជាក់ស្តែងថ្មីៗនេះ វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ បានឧបត្ថម្ភដល់​លោកស្រី Elena Flores ប្រធានមូលនិធិ Pablo Iglezias នៃគណបក្ស​សង្គមនិយមកម្មករ​អេស្ប៉ាញ។ លោកស្រី Flores ធ្វើទស្សនកិច្ច​ក្នុងសិក្ខាសាលា​ថ្នាក់តំបន់​ចំនួន ០៣កន្លែង ដែល​បានរៀបចំ​ដោយ AD ក្នុងគោលដៅ​ពិភាក្សាអំពីផែនការ​បណ្តុះបណ្តាល សម្រាប់ពេលអនាគត និងសមាជិក​គណបក្ស។

វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​ ​NDI បានឱ្យដឹងថា អ្នកចូលរួមបាន​ចាត់ទុក ការថ្លែងសុន្ទរកថា​របស់អ្នកស្រី Flores ថាជាការលើកទឹកចិត្ត​ដ៏វិជ្ជមាន​លើសលុប រហូតដល់​ហូរទឹកភ្នែក​ផងក៏មាន។ ទោះបី​ជាមា​ន​ការគាបសង្កត់​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ AD បានផ្តោតការ​យកចិត្តទុក​ដាក់យ៉ាងខ្លាំង ព្រមទាំងបានគ្រប​ដណ្តប់លើ​អង្គការវិជ្ជាជីវៈ​មួយភាគធំ និងបានបង្ហាញ​វត្តមាននៅតាម​សាកលវិទ្យាល័យ​ជាច្រើន ព្រោះជាការពិត​ក្រុមទាំងនេះ សុទ្ធតែជា​ក្រុមដែលផ្តល់សន្លឹកឆ្នោត​ដល់គណបក្ស​ប្រឆាំង​ជាច្រើន​សន្ធឹកសន្ធាប់ នៅក្នុងការបោះឆ្នោត​ថ្នាក់តំបន់​កាលពី​ថ្ងៃទី៣១ ខែតុលា​កន្លងទៅ។

វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ កំពុងស្ថិតនៅក្នុងដំណាក់​កាលនៃបញ្ចប់សំណើ​បណ្តុះបណ្តាល​ជាមួយនឹង AD ដែលនឹងផ្តោត​ទៅលើរឿង​គណបក្ស និងរឿង​នយោបាយ ដូចជាការ​ធ្វើប្រជាធិបតេយ្យ​ភាវូបនីយកម្ម​ផ្ទៃក្នុងជាដើម ដើម្បីជា​ធ្វើកំណែទម្រង់​ថ្មីនូវកម្មវិធី​បណ្ដុះបណ្ដាល។ សំណើនេះ​ត្រូវបានផ្អែកលើ​ការវាយតម្លៃ​ផ្ទៃក្នុង ដែលសម្របសម្រួល​ដោយអង្គការ​អាល្លឺម៉ង់ Friederich Ebert រួមទាំងការចូលរួម​ពីសំណាក់​លោកស្រី Elena Flores និង Guillermo Galeote ។

គណបក្ស COPEI ដែលជាគណបក្ស​ធំបំផុតទី២ របស់វេណេស៊ុយអេឡា បានបន្តធ្លាក់​ចុះជាបន្ត ព្រមទាំងបានទទួល​ការប្រជែងគ្នា​ ពីគណបក្សប្រឆាំង។ នៅចុងឆ្នាំ២០០៤ អ្នកពិគ្រោះ​យោបល់របស់​វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ បានចំណាយ​ពេលមួយសប្តាហ៍​ ធ្វើការជាមួយ​សមាជិកគណបក្ស ដើម្បីចាប់ផ្តើម​ដំណើរការរៀបចំ​រចនាសម្ព័ន្ធ​របស់បក្ស​ឡើងវិញ តែត្រូវបាន​ផ្អាកដោយសារ​បញ្ហាផ្ទៃក្នុងរបស់ COPEI ។

៣៖ តើវិទ្យាស្ថានអន្តរជាតិសាធារណៈ (IRI) មានតួនាទីអ្វី?

វិទ្យាស្ថានអន្តរជាតិ​សាធារណៈ (IRI) បានចាប់ផ្តើមដំណាក់កាលទីពីរ​ នៃកម្មវិធីយុទ្ធនាការ​របស់ខ្លួន កាលពីខែមករា ឆ្នាំ២០០៥ ដោយចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ទីពីរ ចំណាយទឹកប្រាក់​ចំនួន ៥០០,០០០ដុល្លារអាមេរិក។ នៅមុនការ​បោះឆ្នោតក្រុម​ប្រឹក្សាក្រុង នៅដើម​ខែសីហា និងការបោះឆ្នោត​សភា​នៅខែធ្នូនោះ វិទ្យាស្ថានអន្តរជាតិ​សាធារណៈ បានធ្វើយុទ្ធនាការ​នៅទូទាំងប្រទេស។

(នៅខែមីនា វិទ្យាស្ថានអន្តរជាតិសាធារណៈ បានរៀបចំវគ្គបណ្ដុះបណ្តាលនៅរដ្ឋ Falcon ដោយមានការចូលរួមពីសម្រាប់សមាជិក AD ចំនួន ២៥០នាក់ និងចលនា Movimiento al Socialismo ដែលផ្តោតលើ​រចនាសម្ព័ន្ធ​នៃយុទ្ធនាការ និងអ្នកបោះឆ្នោត។ បេក្ខជនជាច្រើន​ដែលចូលរួម​ក្នុងការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុងខែសីហា បានចូលរួមវគ្គ​បណ្ដុះបណ្ដាល​នេះ )។

ប្រធានបទ​ដែលត្រូវលើកឡើង​​នៅក្នុង​សាលា នៃការធ្វើយុទ្ធនាការនេះ រួមមាន​យុទ្ធសាស្រ្ត និងការរៀបចំ​យុទ្ធនាការ ការបញ្ជូនសារ ការផ្សព្វផ្សាយ (រួមទាំងរបៀបថ្លែងជាសាធារណៈ) ការស្វែងរកមូលនិធិ ការបង្កើតទំនាក់ទំនងសាធារណៈ បច្ចេកទេសទទួលបានសម្លេងបោះឆ្នោត និងការជ្រើសរើសបេក្ខជន។ លទ្ធផលចុងក្រោយ ពឹងផ្អែកទៅលើការស្ទង់មតិ​បេក្ខជន ដែលធ្វើឡើងដោយ​វិទ្យាស្ថានសាធារណរដ្ឋ​អន្តរជាតិ ក្នុងខែមេសា ហើយបំពេញ​បន្ថែមដោយការសិក្សា​ទៅលើស្ថិតិ នៃការបោះឆ្នោតសភា​កាលពីមុន ដែលកំពុងត្រូវ​បានវិភាគ ដោយវិទ្យាស្ថានប្រជាធិបតេយ្យជាតិ។

ក្រៅពីរៀបចំបើកសាលា ដើម្បីធ្វើយុទ្ធនាការ​ហើយ វិទ្យាស្ថានអន្តរជាតិ​សាធារណៈ នឹងបញ្ជូនអ្នក​ពិគ្រោះយោបល់​ដែលមានឯកទេស​ក្នុងការធ្វើផ្លាស់​ប្តូរបក្ស ដើម្បីពិភាក្សា​អំពីករណី​សិក្សា អំពីគណបក្ស​នយោបាយ​នៅប្រទេស អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដា ដែលបានទទួល​បានជោគជ័យ​ ក្នុងការធ្វើការផ្លាស់ប្តូរ​បក្សនយោបាយ។ ដោយប្រើប្រាស់​មូលនិធិដែល​ជាជំនួយពីស្ថាប័នមូលនិធិជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យ​នោះ អង្គការអន្តរជាតិ​សាធារណៈ បានបន្តការងារ​របស់ខ្លួន​ជាមួយថ្នាក់ដឹកនាំ​យុវជននៅរដ្ឋ Miranda។

នៅក្នុងខែមីនា វគ្គបណ្ដុះបណ្ដាល​ត្រូវបានគេរៀបចំ​ឡើងនៅក្នុង​ទីក្រុង Pilas de Marriche ដែលជាតំបន់មួយក្នុងចំណោម​តំបន់ធំជាងគេ នៅរដ្ឋធានី Caracas ដើម្បីលើក​កម្ពស់ការផ្សព្វផ្សាយ​ដល់អ្នកបោះឆ្នោត ក្នុងចំណោម​អ្នកក្រីក្រ​នៅក្នុងទីក្រុង។ វគ្គបណ្តុះបណ្តាលនេះ​ត្រូវបានចូលរួម​ដោយ អ្នកតំណាងចំនួន ៤០នាក់ (ក្នុងនោះ ៣៦នាក់ជាស្ត្រី) មកពីគណបក្ស​នយោបាយចំនួន ០៤ រួមជាមួយអ្នកតំណាង​ចលនា​ឯករាជ្យ ក្នុងតំបន់ផងដែរ៕

ឯកសារដោយ៖ Wikileaks