(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន់ស្រន់ឲ្យអាមេរិក និងប្រទេសអឺរ៉ុប កុំឲ្យជួបវិបត្តិសេដ្ឋកិច្ចដូចឆ្នាំ២០០៨ ព្រោះប្រទេសនោះ បានទិញសម្លៀកបំពាក់ជាច្រើនពីកម្ពុជា បើប្រទេសនោះជួបវិបត្តិសេដ្ឋកិច្ច ក៏នឹងប៉ះពាល់ដល់កម្មករ កម្មការិនី របស់កម្ពុជាផងដែរ។ (សូមស្ដាប់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន)

​ការលើកឡើងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពិធីជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងបន់ស្រន់កុំឲ្យអាមេរិក សហភាពអ៊ឺរ៉ុប កុំមានវិបត្តិសេដ្ឋកិច្ចដូចឆ្នាំ២០០៨ ដែលឆ្នាំ២០០៨គឺជាឆ្នាំដ៏លំបាក​ ដែលពេលនោះ​កម្មករកាត់ដេរ​របស់យើងមួយចំនួន ត្រូវបានបញ្ឈប់ពីការងារ ដោយសាររោងចក្រត្រូវបិទ​»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវគោលជំហរ​​ ចង់ឲ្យប្រទេសនានាមានការលូតលាស់ ដែលក្លាយទៅជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជា សម្រាប់ការនាំចេញ​ផងដែរ ហើយសម្ដេចថា មិនបានបន់ស្រន់ឲ្យប្រទេសណាមួយ ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចទេ ព្រោះសេដ្ឋកិច្ចលូតលាស់ នៅប្រទេសដ៏ទៃ វាក៏អាចទាក់ទាញបានមួយផ្នែក​នូវការទិញទំនិញពីកម្ពុជា ឬក៏គេមានប្រាក់មកលេងប្រទេសកម្ពុជា ក្នុងឋានៈជាទេសចរណ៍ ដូច្នេះសម្ដេចចង់ឲ្យសេដ្ឋកិច្ចនៅគ្រប់ប្រទេស និងគ្រប់តំបន់នៅលើពិភពលោក មានការរីកលូតលាស់ឡើង។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ ដោយការប្ដេជ្ញាចិត្តថា ​«រាជរដ្ឋាភិបាលកម្ពុជា ​ត្រូវបន្ដការងារជាមួយប្រទេសជិតខាង ប្រទេសក្រៅ ជាមួយដៃគូរដែលជាអ្នកនាំទំនិញចេញពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសនានា បើគេពង្រីក​សេដ្ឋកិច្ច ពង្រីកការនាំចេញ ការងារសម្រាប់កម្មករ ការតម្លើងសង្វាក់ផលិតកម្មសម្រាប់រោងចក្រនានា ឬការបង្កើតរោងចក្រថ្មី វានឹងបានមកដល់សម្រាប់យើង»

​យោងតាមអគ្គនាយកដ្ឋានគយ និងកាត់ដេរកម្ពុជា (GDCE) បានឲ្យដឹងថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង របស់ប្រទេសកម្ពុជា បានកើនឡើង ៧.២​ភាគរយស្មើនឹង ៧.៣ពាន់លានដុល្លារនៅឆ្នាំ​២០១៦ (កើនឡើងពី​ ៦.៨​ពាន់លានដុល្លារ ក្នុងឆ្នាំ​២០១៥)​។

សូមរំលឹកថា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិតឲ្យកាន់តែប្រសើរសម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។

ចាប់ពីខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យថៅកែរោងចក្រ សហគ្រាស ដែលបានចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយឆ្នាំ។

ចាប់ពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យកម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តី រាជការផងដែរ។ ប្រាក់នេះ សម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ តាមរយៈកញ្ចប់អត្ថប្រយោជន៍ថ្មីជាច្រើននេះ ដែលសម្តេចផ្តល់ជូនកម្មករ និយោជិតនេះ គេរំពឹងថា នឹងជួយឲ្យជីវភាព និងការរស់នៅរបស់កម្មករ និយោជិត កាន់តែល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន តែងតែបានអំពាវនាវដល់ម្ចាសផ្ទះជួលទាំងអស់ កុំឲ្យដំឡើងថ្លៃផ្ទះឈ្នួលរបស់កម្មករ និយោជិត៕