(ភ្នំពេញ)៖ កម្លាំង​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​សហការជាមួយ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៦នាក់ នៅភូមិដើមចាន់ សង្កាត់ផ្សារច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជាមួយគ្នានេះកម្លាំងនគរបាលអន្តោប្រវេសន៍ ក៏បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៥នាក់ទៀត ដោយលួចឆ្លងដែនតាមទូកមកប្រទេសកម្ពុជ បានច្រកបន្ទាយចក្រី។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាម ទាំង១៦នាក់នេះ ស្ថិតក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមប្រធាននាយកដ្ឋានរូបនេះ ជនជាតិវៀតណាមទាំង១៦នាក់នេះ ​បានលួចឆ្លងដែនចូល​ស្នាក់នៅ និងធ្វើការខុសច្បាប់ គ្មានលិខិតឆ្លងដែន និងសៀវភៅការងារ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។​ ក្រោយឃាត់ខ្លួនជនទាំងអស់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ដោយឡែកកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅគោលដៅចល័តផ្លូវត្រង់ កម្លាំងល្បាតរបស់ប៉ុស្តិ៍បន្ទាយចក្រី បានត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាមដែលបានលួចធ្វើដំណើរ ឆ្លងកាត់ព្រំដែនចូលតាមទូក ដោយខុសច្បាប់ចំនួន៥នាក់។

មន្រ្តីនគរបាលអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៥នាក់នេះរួមមាន៖ ទី១ ឈ្មោះ Duong van dinh ភេទប្រុស កើតឆ្នាំ១៩៥១ នៅស្រុកតាំណុង ខេត្តដុងថាប់ ទី២ ឈ្មោះ Huynh van ut ភេទប្រុស កើតឆ្នាំ១៩៦៩ នៅស្រុកតាំណុង ខេត្តដុងថាប់ ទី៣ ឈ្មោះ Buay van duoc ភេទប្រុស កើតឆ្នាំ១៩៦៧ នៅស្រុកហុកងឺ ខេត្តដុងថាប់ ទី៤ ឈ្មោះ Nguyen Thi Yen Duy ភេទស្រី កើតឆ្នាំ១៩៨៨ នៅស្រុកតាំងហុង ខេត្តដុងថាប់ និងទី៥ ឈ្មោះ Tran Nguyen anh ភេទស្រី កើតឆ្នាំ ១៩៩៩ នៅស្រុកវីនឡើយ ខេត្តបាក់លីវ។

ក្រោយពីកម្លាំងរបស់ប៉ុស្តិ៍បានធ្វើកំណត់ហេតុសាកសួរ និងអប់រំណែនាំរួចមក នៅវេលាម៉ោង១២ថ្ងៃដដែល ប៉ុស្តិ៍បានធ្វើកំណត់ហេតុ ប្រគល់ជនទាំង០៥នាក់ខាងលើ អោយទៅភាគីវៀតណាម ដើម្បីអនុវត្តន៍នីតិវិធីបន្ត៕