(ភ្នំពេញ)៖ ក្រុមអ្នកវង្វេងក្នុងមនោគមន៍វិជ្ជាលាបពណ៌របស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលតែងហៅអ្នកមិនគាំទ្របក្សខ្លួនថា ជាជនជាតិយួននោះ បាននិងកំពុងបន្តនាំគ្នាផ្សេងទៀតចោទប្រកាន់ និងបំពាក់ជាតិសាសន៍ថ្មីឲ្យក្រុមអាជីវករផ្សារធំថ្មីថា ជាជនជាតិយួន ទៀតហើយ។ ការចោទប្រកាន់របស់ក្រុមមនុស្សដែល គេដឹងថា មានសមានចិត្ត និងគាំទ្រគណបក្សសង្រ្គោះជាតិ ទៅលើក្រុមអាជីវករផ្សារថ្មីថា ជាយួនបានកើតមានឡើងបន្ទាប់ពីពួកគេឃើញក្រុមអាជីវករទាំងនេះ ទៅទទួលស្វាគមន៍ និងសម្តែងភាពស្និទ្ធស្នាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំបានធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីជីវិតពលរដ្ឋខ្មែរ និងប្រទេសជាតិ។

កាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា សប្តាហ៍កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចុះទៅសាកសួរសុខទុក្ខបងប្អូនអាជីវករ ក្នុងផ្សារធំថ្មីដោយផ្ទាល់។ ដំណើរចុះទៅដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យបងប្អូនអាជីវករ ស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមានដ៏កម្រ របស់ប្រមុខរាជរដ្ឋាភិបាលទៅកាន់កន្លែងប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់។

វត្តមានសម្តេចតេជោ ហ៊ុន សែន នៅផ្សារធំថ្មី គេឃើញបងប្អូនអាជីវករទូទាំងផ្សារ បានចេញមកសម្តែងការគោរពស្រឡាញ់យ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន។ មានអ្នកខ្លះឱបថើប និងខ្លះទៀតព្យាយាមថតរូបទុកជាអនុស្សាវរីយ៍ជាមួយសម្តេច បើទោះបីការចូលទៅថតរូប និងការឱបរឹតនោះមានការលំបាកបន្តិច ព្រោះតែចំនួនអាជីវករក្នុងផ្សារមានចំនួនច្រើនក៏ដោយនោះ។ តាមរយៈកាយវិការដ៏ផ្អែមល្ហែម និងស្និទ្ធស្នាលបានស្តែងឲ្យឃើញថា ក្រុមអាជីវករក្នុងផ្សារធំថ្មីពិត ជាមានសមានចិត្ត និងការគោរពស្រឡាញ់ចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងធំធេង។

អ្នកគាំទ្របក្សប្រឆាំង គេតែងតែលាបពណ៌រាល់អ្នកគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន គឺទៅជាជនជាតិយួន បើទោះបីពួកគេដឹងថា អ្នកគោរពស្រឡាញ់ ទាំងនោះ ទាំងសាច់ ទាំងឈាម ទាំងពូជពង្សជាជាតិខ្មែរដូចពួកគេក៏ដោយ។ ជាក់ស្តែងបុរសម្នាក់ មានឈ្មោះក្នុង Facebook ថា «Lam Rady» ជាបុគ្គលិកក្រុមហ៊ុនឯងជនមួយនៅរាជធានីភ្នំពេញ ហើយដែលគេសង្ស័យថា បុរសរូបនេះជាអ្នកមានសមានចិត្តខ្ពស់ជាមួយគណបក្សសង្រ្គោះជាតិនោះ សម្រេចចិត្តចោទប្រកាន់ និងលាបពណ៌ក្រុមអាជីវករនៅក្នុងផ្សារធំថ្មីទាំងអស់ថា «សុទ្ធតែជាជនជាតិយួន»

ការចោទប្រកាន់ក្រុមអាជីវករផ្សារធំថ្មីជាជនជាតិយួន ពីសំណាក់លោក «Lam Rady» បានធ្វើឡើងតាមរយៈការបញ្ចេញមតិយោបល់ នៅក្នុងអត្ថបទមួយ ចុះផ្សាយនៅលើទំព័រ Facebook របស់ Fresh News មានចំណងជើងថា «ជនបរទេសភ្ញាក់ផ្អើលនឹងប្រជាប្រិយភាពសម្តេចតេជោ ហ៊ុន សែន នៅពេលសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារធំថ្មី!»។ ក្រៅពីបុរស «Lam Rady» គេក៏សង្កេតឃើញក្រុមអ្នកដែលសង្ស័យមានសមានចិត្ត និងគាំទ្រគណបក្សសង្រ្គោះជាតិមួយចំនួនទៀត សុទ្ធរួមគ្នាលាបពណ៌ និងបំពាក់ជាតិសាសន៍យួន ទៅក្រុមអាជីវករនៅផ្សារធំថ្មីផងដែរ។

បុរសម្នាក់ទៀតប្រើ Facebook ឈ្មោះ «Paok Phearun» បានសរសេរថា «គេគ្មានមនោគមន៍វិជ្ជាអីទេ គេថាគេមានសំអាង ខ្ញុំមិនជើងទេ។ ខ្ញុំចូលទៅផ្សារថ្មីអ្នកលក់នៅនឹងគឺពិតជាយួនមែន»។

តែទោះជាយ៉ាងណា គេក៏ឃើញមានការចេញមកប្រតិកម្មតបទៅ នឹងការលាបពណ៌របស់ក្រុមបក្សប្រឆាំងនេះផងដែរ។ អ្នកខ្លះទៀត ក៏បានចោទជាសំណួរថា «បងប្អូនអាជីវករឈឺចាប់ទេ ដែលបុរសម្នាក់នេះ (Lam Rady) លាបពណ៌ថាជាយួននោះ។ សារធាតុសកម្មជនបក្សប្រឆាំង គឺយ៉ាងនេះ មានតែការលាបពណ៌ ញុះញង់បំបែកបំបាក់តែប៉ុណ្ណោះ»។

អ្នកលេង Facebook ម្នាក់ទៀត បានចេញមកបន្តថា «បក្សប្រឆាំងមានសន្លឹកឆ្នោតច្រើនដោយសារអាជីវករ តែបើគាត់ (អាជីវករ) ដឹងប្រហែលគាត់ស្តាយ ក្រោយណាស់»។

ការព្យាយាមលាបពណ៌ និងបំពាក់ជាតិសាសន៍ថ្មីឲ្យក្រុមអាជីវករផ្សារធំថ្មីជា «ជនជាតិយួន» ពីសំណាក់លោក «Lam Rady» មិនមែនជារឿងថ្មីឡើយ នៅក្នុងសង្គមកម្ពុជា។ ការលាបពណ៌ និងបំពាក់ជាតិសាសន៍ថ្មីឲ្យខ្មែរគ្នាឯងថាជា «ជនជាតិយួន» គេតែងតែបានឮចេញពីក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ក៏ដូចជា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា និងថ្នាក់ដឹកនាំបក្សប្រឆាំងជាច្រើនទៀត រាល់ពេលមានសកម្មជនបក្ស ឬ អ្នកគាំទ្ររបស់ពួកគេ ឈប់គាំទ្របក្ស ទៅរួមរស់ជាមួយគណបក្សកាន់អំណាច ឬគណបក្សនយោបាយផ្សេង។

មិនត្រឹមតែក្នុងសម័យចបច្ចុប្បន្ននោះទេ ក្នុងពេលដែលប្រទេសកម្ពុជារងឥទ្ធិពលសង្រ្គាមត្រជាក់នាអំឡុងទសវត្សរ៍ឆ្នាំ៦០-៧០ ការលាបពណ៌ និងបំពាក់ជាតិសាសន៍យួននេះ ក៏ត្រូវបានគេយកមកប្រើផងដែរ ដើម្បីសម្រេចមហិច្ឆតានយោបាយដណ្តើមអំណាចនៅក្នុងសង្គមនយោបាយខ្មែរ។ ការលាបពណ៌ និងការសាបព្រោះបំពាក់ជាតិសាសន៍យួនឲ្យខ្មែរគ្នាឯងនេះ គឺជាល្បែងនយោបាយដ៏សែនគ្រោះថ្នាក់នៅកម្ពុជា ហើយទីបំផុតបានបំផុតចិត្តគំនិតស្ពប់គុំកួនរវាងខ្មែរ និងខ្មែរគ្នាឯងបានកើតមានឡើង រហូតឈានដល់ការសម្លាប់ខ្មែរគ្នាឯងយ៉ាងរង្គាល ក្រោមលេសចោទប្រកាន់លាបពណ៌ថាជាជនជាតិយួន។

បើទោះបីជាយ៉ាងណា ការលាបពណ៌ពីសំណាក់ក្រុមអ្នកគាំទ្របក្សប្រឆាំងនេះ គេមិនទាន់មានឃើញការសម្តែងប្រតិកម្មពីប្រធានផ្សារធំថ្មី និងក្រុមអាជីវករនៅក្នុងផ្សារដ៏ធំនៅក្នុងរាជធានីភ្នំពេញមួយនេះនៅឡើយទេ។ តើការមិនប្រតិកម្មនេះ វាឆ្លុះបញ្ចាំងថា អ្វីដែលក្រុមអ្នកវង្វេងនឹងមនោគមន៍វិជ្ជារបស់បក្សប្រឆាំងចោទប្រកាន់នោះជារឿងត្រឹមត្រូវ ឬយ៉ាងណា?

មិនមែនការមិនតបតមានន័យថា ការចោទប្រកាន់ទាំងនោះជារឿងត្រឹមត្រូវនោះទេ វាគ្រាន់តែក្រុមអាជីវករដែលមានសុជីវធម៌ និងសីលធម៌ខ្ពស់ក្នុងការរស់នៅគេមិនចង់តបតតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានលើកឡើងថា ដើម្បីរក្សាភាពស្អាតស្អំសម្រាប់ខ្លួន ប្រធានផ្សារធំថ្មី ក៏ដូចជាក្រុមអាជីវករ គួរតែសម្តែងមតិតប ឬអាចនឹងប្តឹងសមត្ថកិច្ចស្វែងរក ក្រុមជនចោទប្រកាន់ទាំងនោះ មកតតាំងគ្នាមុខច្បាប់ ដើម្បីស្វែងរកឃើញការពិតថា ខ្លួនឯងពិតជាយួនមែន ឬយ៉ាងណា?

បើការចោទប្រកាន់ទាំងនោះមិនមែនជាការពិតទេ ជនដែលចោទប្រកាន់គេ ក៏គួរតែបានទទួលទោសតាមច្បាប់ផងដែរ ព្រោះការដែលពួកគេកំពុងចោទប្រកាន់នេះ គឺជាសកម្មភាពញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ខ្មែរ នាំដល់ការបែកបាក់ជាតិយ៉ាងធ្ងន់ធ្ងរដូចកាលពីអតីតកាល៕