(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានសេចក្តីប្រកាសព័ត៌មានមួយ ដោយធ្វើការបញ្ជាក់ និងពន្យល់លម្អិត អំពីការអនុវត្តន៍ច្បាប់ ចំពោះស្ត្រីអ្នកលក់ឡេលាបស្បែក ម៉ាក់ Love Riya ដែលល្បីពេញ Facebook កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅក្រុងតាខ្មៅ។

គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានចេញសេចក្តីពន្យល់ថា «តាមពិតទៅក្នុងដំណាក់កាលសាកសួរ ដោយមន្ត្រីនគរបាលយុត្តិធម៌បានតម្រូវឲ្យ ឈ្មោះ ឆេង ស្រីរ័ត្ន ដែលជាស្ត្រីអ្នកលក់ឡេរូបនេះ ធ្វើកិច្ចសន្យាបញ្ឈប់ការប្រកបអាជីវកម្ម ខុសច្បាប់របស់ខ្លួនតទៅទៀត ប៉ុន្តែត្រូវបានស្ត្រី ឈ្មោះ ឆេង ស្រីរ័ត្ន បដិសេធ និងបានជំរុញឲ្យមន្ត្រីនគរបាលបញ្ជូនខ្លួនទៅតុលាការ ដើម្បីបន្តនីតិវិធី»។

ជាមួយគ្នានេះគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានឲ្យដឹងថា «ឈ្មោះ ឆេង ស្រីរ័ត្ន និងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការ ខេត្តកណ្តាល ស្របតាមនីតិវិធីច្បាប់ ដោយសមត្ថកិច្ចក្នុងការឃុំខ្លួន ដោះលែងឲ្យរួចខ្លួន និងផ្តន្ទាទោស គឺជាឆន្ទានុសិទ្ធិទាំងស្រុងរបស់តុលាការ»។

តែទោះយ៉ាងណា បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ លើការចាប់ខ្លួន រហូតតុលាការសម្រេចចេញដីកាឃុំខ្លួន ស្រ្តីលក់ឡេលាបស្បែកតាម Facebook «Love Riya» ដាក់ពន្ធនាគារនោះ នៅទីបំផុតនារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ តុលាការខេត្តកណ្តាល បានចេញដីកាដោះលែងស្រ្តីរូបនេះហើយឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា កម្លាំងនគរបាលលេខាដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងប្រតិបត្តិការបង្រ្កាបផលិតផលក្លែងក្លាយ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ បានចុះទៅបង្រ្កាបករណីនេះ ស្ថិតនៅគេហដ្ឋានរបស់ស្រ្តីនេះផ្ទាល់តែម្តង ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ស្រ្តីរូបនេះ មានឈ្មោះពិតថា ឆេង ស្រីរ័ត្ន។ ការឃាត់ខ្លួនបានធ្វើឡើងបន្ទាប់ពីស្រ្តីរូប បានលក់ផលិតផលដែលគ្មានការចុះបញ្ជី ឬត្រួតពិនិត្យគុណភាពឲ្យបាន ច្បាស់លាស់ពីស្ថាប័នពាក់ព័ន្ធនោះឡើយ។ ជាពិសេសផលិតផលលេដែលស្រ្តីរូបនេះលក់ និងអះអាងថា ជួយឲ្យស្បែកស ក្នុងរយៈពេល៧ថ្ងៃនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់៕