(ភ្នំពេញ)៖ ដោយមើលឃើញពីសមត្ថភាព ការយកចិត្តទុកដាក់ សុជីវធម៌ ភាពស្មោះត្រង់ និងក្រមសីលធម៌ខ្ពស់ របស់កម្មសិក្សាការីកម្ពុជា ភាគីជប៉ុនបានបញ្ជាក់ប្រាប់ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ខ្លួនគ្រោងបន្តបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាបន្ថែមទៀត ខណៈកម្មសិក្សាការីកម្ពុជា២នាក់ហើយ បានទទួលការបណ្ដុះបណ្ដាល នៅប្រទេសនេះ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក អ៉ិត សំហេង ជាមួយលោក Fumio Yamada ប្រធានអង្គការសមាគម សហប្រតិបត្តិការកម្ពុជាជប៉ុន ហៅកាត់ថា JCIA នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង។

លោក Fumio Yamada បានលើកឡើងពីការបណ្តុះបណ្តាល កម្មសិក្សាការីកម្ពុជា ដែលមកទល់ពេលនេះមានចំនួន២នាក់ បច្ចុប្បន្នពួកគេបាន និងកំពុងរស់នៅប្រទេសជប៉ុនបាន២ខែហើយ។

លោក Yamada បានបន្តថា ដោយមើលឃើញពីសមត្ថភាព ការយកចិត្តទុកដាក់ សុជីវធម៌ ភាពស្មោះត្រង់ និងក្រមសីលធម៌ខ្ពស់ របស់កម្មសិក្សាការីកម្ពុជា លោកមានគម្រោងបន្តបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីពី៥នាក់ ទៅ១០នាក់បន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការចាំបាច់។ ជាមួយគ្នានេះ លោកក៏គ្រោងបញ្ជូនអ្នកបច្ចេកទេសជប៉ុន មកបណ្តុះបណ្តាលបច្ចេកទេស ថែទាំមនុស្សចាស់នៅកម្ពុជា មុនពេលដែលកម្មសិក្សាការីកម្ពុជា ចេញទៅបម្រើការងារនៅប្រទេសជប៉ុន។

លោកក៏មានគម្រោងធ្វើការងារមនុស្សធម៌ផងដែរ ដោយក្នុងពេលខាងមុខ លោកនឹងនាំសម្ភារមួយចំនួន ដូចជា សម្លៀកបំពាក់ដែលប្រជាជន ជប៉ុនប្រើប្រាស់រួច ដើម្បីចែកដល់ជនក្រីក្រ និងផលិតផលថ្មីមួយចំនួនទៀត ដែលលក់ក្នុងតម្លៃទាបជូនដល់ប្រជាជនកម្ពុជា។

លោករដ្ឋមន្រ្តីបានអរគុណចំពោះភាគីជប៉ុន ដែលបានខិតខំបំពេញការងាររបស់ខ្លួន ព្រមទាំងការបណ្តុះបណ្តាលកម្មសិក្សាការីកម្ពុជា លើជំនាញថែទាំមនុស្សចាស់ ដែលលោកយល់ឃើញថា ជំនាញនេះកំពុងមានតម្រូវការជាចាំបាច់នៅប្រទេសជប៉ុន ជាពិសេសការបណ្តុះបណ្តាល ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការថែទាំមនុស្សចាស់ ដែលបានដាក់ចេញនាពេលកន្លងទៅ។

លោក អ៊ិត សំហេង បានស្នើឱ្យភាគីជប៉ុនបន្តបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងផ្តល់ជាសម្ភារបច្ចេកទេសដល់ភាគីកម្ពុជា ដើម្បីគាំទ្រដល់គម្រោងនៃការបណ្តុះបណ្តាលនេះ ហើយលោករដ្ឋមន្រ្តីជឿជាក់ថា នឹងមានការបណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីកម្ពុជាជាផ្លូវការ ដើម្បីបានទៅបម្រើការនៅប្រទេសជប៉ុន កាន់តែច្រើនឡើងបន្ថែមទៀត៕