(ភ្នំពេញ)៖ យុវជនកម្ពុជា ២៩រូប ដែលបានជាប់ឈ្មោះទៅចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» លើកទី៤៤ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មួយចំនួនពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មុននឹងពួកគេឡើងនាវា Nippon Maru ធ្វើដំណើរលើមហាសមុទ្រប៉ាស៊ីហ្វិក និងទៅកាន់តំបន់នានាក្នុងប្រទេសសមាជិកអាស៊ាន និងជប៉ុន។

ក្នុងពិធីសំណេះសំណាលលោកទេសរដ្ឋមន្រ្តី បានអបអរសាទរចំពោះយុវជនទាំង ២៩រូប ដែលបានក្លាយជាយុវជនជយលាភី តំណាងឲ្យកម្ពុជា ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅប្រទេសជប៉ុន និងបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងបង្ហាញពីកំណែទម្រង់ថ្មីៗមួយចំនួនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមទិសដៅកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការ ១០០ថ្ងៃ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើកំណែទម្រង់នាពេលកន្លងមកដូចជា មណ្ឌលប្តូរ និងពន្យាបណ្ណបើកបរ ការចែកផ្លាកសុវត្ថិភាព ( ចំណាំងផ្លាត) ដល់ប្រជាពលរដ្ឋ ការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងវិស័យដឹកជញ្ជូនផ្លូវគោករួមមាន ការចុះបញ្ជីយានយន្ត ប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទ ព្រមទាំងស្លាកលេខរថយន្តដែលមាន QR Code។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរដល់យុវជនទាំងអស់ ឲ្យចេះសហការគ្នា យោគយល់អធ្យាស្រ័យគ្នា ក្នុងពេលចូលរួមកម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍ ដែលតំណាងប្រទេសកម្ពុជា និងត្រូវបង្ហាញនូវសម្ថភាពដែលខ្លួនមាន ចំណេះដឹង និងសេចក្តីថ្លៃថ្នូរ ហើយបានក្រើនរំលឹក និងដាស់តឿនដល់យុវជនឲ្យមានភាពជាអ្នកដឹកនាំ ស្គាល់ខ្លួនឯងច្បាស់ ចេះកំណត់គោលដៅពិតប្រាកដក្នុងជីវិត បំពេញភារកិច្ច កាតព្វកិច្ច និងតួនាទី ក្នុងឋានៈជាយុវជននៃប្រទេសជាតិថ្ងៃនេះ និងជាអ្នកកំណត់វាសនាជាតិ នៅថ្ងៃអនាគត។

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ឬហៅថាស្ពានយុវជនអាស៊ីអាគ្នេយ៍ គឺជាកម្មវិធីផ្លាស់ប្តូរយុវជនប្រចាំឆ្នាំដែលរៀបចំដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងគោលបំណង លើកកម្ពស់មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមយុវជននៃប្រទេសអាស៊ីអាគ្នេយ៍ទាំងដប់ និងប្រទេសជប៉ុន។ កម្មវិធីនេះ ក៏ដើម្បីពង្រីកទស្សនវិស័យរបស់ពួកគេលើពិភពលោក និងដើម្បីពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនាញជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

កម្មវិធីនេះបានប្រមូលយុវជនជាង ៣០០នាក់ មកពីបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ដោយផ្តល់ឲ្យពួកគេនូវឱកាសពិសេស ដើម្បីរស់នៅជាមួយគ្នានៅលើកប៉ាល់ Nippon Maru ក្នុងរយៈពេលជាង ៤០ថ្ងៃ។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៧៤ ដោយប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ានចំនួន៥ផ្សេងទៀត រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ ប្រទេសប្រ៊ុយណេ បានចូលរួមក្នុងឆ្នាំ១៩៨៥, ប្រទេសវៀតណាម បានចូលរួមក្នុងឆ្នាំ១៩៩៦, ឡាវ និងមីយ៉ាន់ម៉ាបានចូលរួមក្នុងឆ្នាំ១៩៩៨ និងកម្ពុជាក្នុងឆ្នាំ២០០០៕