(កោះកុង)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង កាលពីកន្លងទៅ ចំនួន៨៥៦គ្រួសារ ដែលរស់នៅក្នុងស្រុកចំនួន៤ នៃខេត្តកោះកុង រួមមាន ស្រុកមណ្ឌលសីម៉ា ស្រុកគិរីសាគរ ស្រុកកោះកុង និងស្រុកកោះស្ដេច។

ជាក់ស្ដែងសម្រាប់ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៤២២គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះចំនួន៨៥៦គ្រួសារ នៅ៣ទីតាំងផ្សេងគ្នាដូចខាងក្រោមនេះ ៖

១/ទីតាំងទី១៖ ស្ថិតក្នុងបរិវេណវត្តសមុទ្ធារាម ដែលមាន ប្រជាពលរដ្ឋរស់នៅក្នុងឃុំប៉ាក់ខ្លង និងឃុំពាមក្រសោម ចំនួន ៦៥គ្រួសារ
២/ ទីតាំងទី២៖ ស្ថិតនៅបរិវេណផ្សារកូនកុក ដែលមាន ប្រជាពលរដ្ឋរស់នៅក្នុងឃុំភ្ញីមាស និងឃុំកោះស្ដេច នៃស្រុកគិរីសាគរ ចំនួន១៤៧គ្រួសារ
៣/ ទីតាំងទី៣៖ ស្ថិតនៅលើកោះស្ដេច ដែលមាន ប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះស្ដេច នៃស្រុកគិរីសាគរ ចំនួន ២១០គ្រួសារ។

ក្នុងពិធីចែកអំណោយនោះ លោកស្រី អគ្គលេខាធិការ បានពាំនាំសេចក្ដីផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនចំពោះប្រជាពលរដ្ឋដែលមកទទួលអំណោយនៅថ្ងៃនេះ ព្រមទាំងបានផ្ដល់នូវសារមួយចំនួនដែលមានខ្លឹមសារថា ៖

១- ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា
២- សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ឱ្យបានល្អប្រសើរ ដោយសម្អាតបរិស្ថានជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេងក្នុងមុងជានិច្ចបង្កាមូសខ្លា និងមូសដែកគោលខាំ
៣- ត្រូវប្រុងប្រយ័ត្ន និងស្វែងរកព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយមុនធ្វើចំណាកស្រុក ដើម្បីឱ្យការចំណាកស្រុកប្រកបដោយសុវត្ថិភាព
៤- ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់
៥- សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងចូលរួមទប់ស្កាត់ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន ដែលជាមូលហេតុនៃអំពើហិង្សា ចោរកម្ម ។ល។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយសម្រាប់អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា មួយចំនួន។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នឹងបន្តចែកអំណោយមនុស្សធម៌ដល់គ្រួសារដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៤៣៤គ្រួសារ បន្តទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ៕