(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ចុះដកហូតសត្វខ្លាឃ្មុំមួយក្បាល ពីម្ចាស់ផ្ទះសំណាក់​ «ផ្កាយព្រឹក» ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលចោទថា ការចិញ្ចឹមនេះដោយគ្មានការអនុញ្ញាត ខណៈដែលម្ចាស់ផ្ទះសំណាក់អះអាងថា ដោយសារតែឃើញគេបាញ់មេវាស្លាប់ ទើបគាត់ទិញមកចិញ្ចឹម។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា​ កម្លាំងប្រតិបត្តិការចម្រុះរួមមាន កម្លាំងនគរបាល, កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងរដ្ឋបាលព្រៃឈើ ស្ថិតក្រោមការសម្រួបសម្រូលពី តំណាងអយ្យការអមសាលាដំបូងផងដែរ។ ដោយឡែកម្ចាស់ទីតាំងផ្ទះសំណាក់ «ផ្កាយព្រឹក» នេះឈ្មោះ ចែ មុំ។

បើតាមសេចក្ដីរាយការណ៍ ម្ចាស់ទីតាំងឈ្មោះ ចែ មុំ បានអះអាងថា សត្វខ្លាឃ្មុំនេះ គាត់បានទិញ​មក​ពីតំបន់ក្ដុលជាងមួយឆ្នាំមកហើយ ពោលគឺទិញមកតាំងពីសត្វនេះនៅតូចម្ល៉េះ ដែលមានតម្លៃជាង៥០០ដុល្លារ ហើយកាលដែលគាត់ទិញមកនោះ ក៏ដោយសារតែមេរបស់វាត្រូវគេបាញ់សម្លាប់ និងឃើញអាណិតក៏សម្រេចចិត្តទិញមកចិញ្ចឹមខ្លួនឯង។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបានបញ្ជាក់ថា ការចិញ្ចឹមសត្វខ្លាឃ្មុំរបស់ម្ចាស់ផ្ទះសំណាក់ខាងលើនេះ ជាទង្វើខុសច្បាប់ ដោយសមត្ថកិច្ចនឹងធ្វើការដកហូតសត្វនេះតែម្ដង៕​