(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់កាណូតបុកកាណូត នៅលើផ្ទៃទឹកនៃបឹងទ្លេសាប ដែលហេតុការណ៍នេះ បានកើតឡើង នៅលើផ្ទៃបឹងទន្លេសាប ត្រង់ចំណុចចារជំនាន់ ស្ថិតក្នុងភូមិទួលគូរ ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះថា ជនរងគ្រោះដែលស្លាប់​ក្នុងករណីនេះមាន ឈ្មោះ ងន ឡៃហ៊ន អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះផែបណ្ដែត លើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិចារុះ ឃុំមេទឹក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ចំណែកភាគីម្ខាងទៀត បានបើកកាណូតរត់គេចខ្លួនបាត់ស្រមោល។

លោកអធិការបន្តថា ជនរងគ្រោះ (ស្លាប់) បានបើកកាណូតប្រភេទសំបកស្មាច់ប្រវែង៦,០៣ម៉ែត្រ លុះមកដល់ចំណុចកើតហេតុបានបុកកាណូត មួយគ្រឿងទៀត បណ្ដាលឲ្យក្រឡាប់កាណូត រីឯមនុស្សក៏ធ្លាក់ទឹកដែរ។ បើតាមការកោសលវិច្ច័យ ជនរងគ្រោះមានស្នាមរបួសលើក្បាល ប្រហែលជាចំស្លាបចក្រកាណូត។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសាច់ញាតិ យកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន រីឯភាគីកាណូតបង្កម្ខាងទៀតត្រូវសមត្តកិច្ចជំនាញ កំពុងតាមស្រាវជ្រាវដើម្បីយកមកដោះស្រាយតាមនីតិវិធីច្បាប់៕