(ភ្នំពេញ)៖ បុរសជនជាតិអង់គ្លេស ដែលបានសម្លាប់មនុស្សនៅប្រទេសថៃ រួចរត់ចូលមកលួចស្នាក់នៅកម្ពុជាដោយខុសច្បាប់ ហើយត្រូវកម្លាំងនគរបាលចាប់ខ្លួន បញ្ជូនទៅតុលាការនោះ នៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០១៧នេះ លោកចៅក្រម ស្វាយ តុល បានបញ្ចប់សវនការ និង​ប្រកាសសាលក្រមជនជាតិអង់គ្លេសរូបនេះ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ។

ជនជាតិអង់គ្លេសរូបនេះ ឈ្មោះ NELHAMS TOBY JAMIE អាយុ៤៥ឆ្នាំ មុខរបរ​ប្រធានក្រុមហ៊ុន Springtide International Co. អាស័យដ្ឋាននៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវបានព្រះរាជអាជ្ញារង លោក ខៀវ ផល្លា ពីបទឆ្លងដែលចូលកម្ពុជា ដោយខុសច្បាប់ និងបទចោទមួយទៀត គឺករណី​ឆបោក។

សូមជម្រាបថា ជនជាតិអង់គ្លេស រូបនេះជាប់ពាក់ព័ន្ធករណីសម្លាប់​អៀកឡង់ នៅប្រទេសថៃ ហើយរត់គេចខ្លួនមកជ្រកកោន​នៅកម្ពុជា ហើយត្រូវបានកម្លាំង​នាយកដ្ឋា​នស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃ​អគ្គនាយដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បញ្ជូនទៅតុលាការ នៅថ្ងៃទី១៥ ខែកុ​ម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធ​លួចចូលមកស្នាក់នៅកម្ពុជាខុសច្បា​ប់​គ្មានលិខិត ឆ្លងដែន គ្មានសៀវភៅការងារ និងសង្ស័យជាប់ជា មេគំនិតនៅពីក្រោយឃាតកម្ម សម្លាប់ជនជាតិអៀកឡង់ម្នាក់ នៅប្រទេសថៃ​។​

​ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅមុខហាងកាហ្វេមួយ ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីសាកសួរដំណើររឿង ចូលមកស្នាក់ប្រទេសកម្ពុជា គ្មានច្បាប់ទម្លាប់នោះ កម្លាំងនគរបាលជំនាញ បានទទួលដីកា​ឲ្យស្វែងរកចាប់ខ្លួនឈ្មោះ NELHAMS TOBY JAMIE នេះ​ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ជនជាតិអៀកឡង់ម្នាក់ ឈ្មោះ TONY KENWAY ​អាយុ៣៩​ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងផាតាយ៉ា ប្រទេសថៃ​។

ប្រភពព័ត៌មាន​បន្តថា ជន​ជាតិអង់គ្លេសនោះ បានជាប់សង្ស័យជាមេគំនិត សម្លាប់ជនជាតិ អៀកឡង់ មូលហេតុ ខឹងជនជាតិអៀកឡង់ ជំពាក់ប្រាក់ចំនួន៨លាន​៥សែនបាត ក្នុងមុខជំនួញរកស៊ីដាក់ហ៊ុន​ជាមួយគ្នា នៅប្រទេសថៃនោះ​៕