(ភ្នំពេញ)៖ ​ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលតំណាងឲ្យកម្មករជាង៧០ម៉ឺននាក់នៅទូទាំងប្រទេស បានចេញសេចក្តីថ្លែងការណ៍អរគុណ ដល់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានជួយអន្តរាគមន៍ និងបានដោះស្រាយបញ្ហាមួយចំនួនជូនដល់ក្រុមកម្មករ-កម្មការិនី ដើម្បីឲ្យជីវភាពរបស់ពួកគេ កាន់តែមានភាពប្រសើរខ្លាំងឡើង។  

លោក តុល ផាន់មឿង ប្រធាន​ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ថា «យើងខ្ញុំទាំងអស់គ្នា ជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ដែលមានសហភាពចំនួន១០ សហព័ន្ធសហជីពចំនួន៧៣ អង្គការចំនួន២ និងសមាគមចំនួន៤ តំណាងឲ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា សូមសម្តែងនូវភាពរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងក្នុងកម្មវិធីសំណេះសំណាល ជាលើកទី២ ជាមួយបងប្អូនកម្មករនិយោជិត និងតំណាងកម្មករដូចជាប្រធានរដ្ឋបាលប្រធានផ្នែក និងមេក្រុមមកពីរោងចក្រផ្សេងៗគ្នាចំនួន៤,៤០៣ នាក់នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ»