(ភ្នំពេញ)៖ នៅឆ្នាំ២០១៧នេះ ប្រទេសកម្ពុជានឹងនាំចេញស្ករត្នោត ទៅកាន់ទីផ្សារអន្តរជាតិជិត៤០០តោន, មានតែក្រុមហ៊ុនក្នុងស្រុកពីរប៉ុណ្ណោះ ដែលនាំចេញស្ករត្នោតពីកម្ពុជា ទៅលក់នៅទីផ្សារអន្តរជាតិ ក្នុងនោះមាន ក្រុមហ៊ុន Signatures of Asia Co.,Ltd. ចំនួន២៥០តោន និងក្រុមហ៊ុន Confirel ចំនួន១២០តោន។

ការនាំចេញស្ករត្នោតនេះ មិនត្រឹមតែបានជួយលើកកម្ពស់ជីវភាព ដល់ប្រជាកសិករកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយអភិរក្សដើមត្នោត ដែលជាអត្តសញ្ញាណជាតិដ៏សំខាន់មួយ របស់កម្ពុជាផងដែរ។

លោក ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន Signatures of Asia Co.,Ltd. ដែលបាននឹងកំពុងនាំចេញស្ករត្នោត ចំនួន២៥០តោន ទៅប្រទេសនានា ក្នុងសហគមន៍អឺរ៉ុប បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះថា ក្រុមហ៊ុនលោក បាននាំចេញស្ករត្នោតជាង១៨០តោន ទៅកាន់ទីផ្សារអន្តរជាតិរួចហើយ ខណៈនៅជិត១០០តោនទៀត កំពុងត្រៀមនាំចេញនៅពេលដ៏ខ្លីខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះនៅកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា ស្ករត្នោតដែលក្រុមហ៊ុនលោក បានទិញពីកសិករឡើងត្នោតផ្ទាល់ មាននៅខេត្តកំពង់ស្ពឺ ១៤០គ្រួសារ ខេត្តកំពង់ឆ្នាំង៣០គ្រួសារ និងខេត្តស្វាយរៀង២០គ្រួសារ ដោយមួយគ្រួសារៗទទួលបានចំណូលយ៉ាងតិច៣៤០០ដុល្លារក្នុងរយៈពេលការងារ ប្រមូលផលស្ករត្នោតចំនួន៥ខែ។

អគ្គនាយកដដែលរូបនេះបានបញ្ជាក់ថា បើគិតសរុបទាំង១៩០គ្រួសារពួកគាត់ ទទួលបានថវិកាពី៥០ម៉ឺនដុល្លារទៅ៦០ម៉ឺនដុល្លារ ពីរបរឡើងត្នោត ឬអាចនិយាយបានថា ដើមត្នោតមួយដើមអាចផ្តល់ចំណូលពី១០០ទៅ១៥០ដុល្លារ។ នេះគឺជាការជួយដល់ប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ និងក៏ដើម្បីចូលរួមថែរក្សាដើមត្នោត របស់ខ្មែរយើងផងដែរ។

លោកបានលើកឡើងថា «បើចង់ជួយជាតិជួយសង្គម ជួយប្រជាជនកម្ពុជា មិនចាំបាច់តែធ្វើជាអ្នកនយោបាយទេ ក៏អាចជួយបានដែរ។ ក្រុមគ្រួសារដែលជាអ្នកផលិតស្ករត្នោត ២៥០តោននេះ មានចំណូលយ៉ាងតិច៣៤០០ដុល្លារសហរដ្ឋអាមេរិក ក្នុង១គ្រួសារក្នុងរយៈពេលការងារ៥ខែ។ ឆ្នាំ២០១៧នេះ យើងបានធ្វើការដោយផ្ទាល់ជាមួយប្រជាជន១៤០ក្រុមគ្រួសារ ក្នុងខេត្តកំពង់ស្ពឺ, ៣០គ្រួសារ ខេត្តកំពង់ឆ្នាំង និង២០គ្រួសារ ក្នុងខេត្តស្វាយរៀង។ ការងារនេះយើងធ្វើឡើងដោយថវិកាយើងផ្ទាល់ ដោយគ្មានជំនួយហិរញ្ញប្បទានពីអង្គការឬស្ថានទូតណាឡើយ។ យើងធ្វើដំណើរទៅមុខដោយការតាំងចិត្តនិងជំនឿយ៉ាងមុតមាំ សម្រាប់មាតុភូមិមួយនេះ»

លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុន Confirel ដែលបាននឹងកំពុងនាំចេញស្ករត្នោត ទៅកាន់ទីផ្សារអន្តរជាតិដែរនោះ បានបញ្ជាក់ថា នៅឆ្នាំនេះ ក្រុមហ៊ុនគ្រោងនឹងនាំស្ករត្នោតកម្ពុជា ដែលទិញពីកសិករដោយផ្ទាល់ក្នុងខេត្តកំពង់ស្ពឺ ចំនួន១២០តោន ហើយបច្ចុប្បន្នស្ករត្នោតជាងពាក់កណ្តាលហើយ បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន តៃវ៉ាន់ កូរ៉េ និងបារាំង។

លោក ហ៊ឹម ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ការនាំចេញស្ករត្នោតរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ គឺ Confirel បានចាប់ផ្តើមដំបូងនៅឆ្នាំ២០០១ បើគិតរហូតមកដល់ពេលនេះ មានរយៈពេល១៦ឆ្នាំហើយ ដែលការនាំចេញនេះ គឺដើម្បីចូលរួមលើកស្ទួយផលិតរបស់ខ្មែរ និងជំរុញលើកទឹកចិត្ត ឲ្យកសិករអ្នកឡើងត្នោត មានជីវភាពល្អប្រសើរ និងមិនបោះបង់ចោលរបរនេះ។

លោកបញ្ជាក់ថា ក្រៅតែពីការនាំចេញស្ករត្នោត Confirel បាននាំចេញស្រាទឹកត្នោត ទឹកខ្មេះទឹកត្នោត ទឹកជ្រលក់ទឹកត្នោត សូកូឡាស្ករត្នោត ទឹកត្នោតផ្អែមផងដែរ។

បើតាមការបញ្ជាក់របស់លោក ចាន់ សុឃាំង និងលោក ហ៊ឹម ពិសិដ្ឋ បានឲ្យដឹងថា ស្ករត្នោតរបស់កម្ពុជា មានការពេញនិយមយ៉ាងខ្លាំង នៅបណ្តាប្រទេសតំបន់អឺរ៉ុប និងតៃវ៉ាន់និងកូរ៉េជាដើម សម្រាប់ឆុងកាហ្វេ ជាមួយនឹងឱជារសឈ្ងុញឆ្ងាញ់។ ពិសេសស្ករត្នោតរបស់កម្ពុជា មានសារធាតុម្យ៉ាងដែលមិនបង្កឲ្យមានបញ្ហាទឹកនោមផ្អែម។

ជាមួយគ្នានេះដែរ លោក ហុង ហឿន ប្រធានសហគមន៍ត្នោតកំពង់ស្ពឺ បានថ្លែងបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា នៅឆ្នាំនេះសហគមន៍ដែលមានសមាជិកជាង១៧០គ្រួសារ បានផ្គត់ផ្គង់ស្ករត្នោតចំនួន១៣២តោន ទៅឲ្យ Signatures of Asia Co.,Ltd. និងមួយចំនួនទៀត ទៅក្រុមហ៊ុន៦ផ្សេងទៀត ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ។ នៅឆ្នាំ២០១៨ សហគមន៍ គ្រោងនឹងផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Signatures of Asia Co.,Ltd. រហូតដល់៤០០តោន។ ឆ្លើយតបនឹងតម្រូវការកើនឡើងយ៉ាងខ្លាំងនេះ សហគមន៍បានពង្រីកសមាជិក នៅស្រុកឧដុង្គ និងស្រុកសំរោងទង ឲ្យកើនឡើងដល់២៨០ភូមិ។

ប្រធានសហគមន៍រូបនេះ បានបញ្ជាក់ទៀតថា ដោយយល់ឃើញពីសារៈប្រយោជន៍ របស់ដើមត្នោតអ្នកស្រុកកំពង់ស្ពឺ បានថែរក្សាដើមត្នោតទុក ដើម្បីយកទឹកធ្វើស្ករ ដោយមិនសម្រេចចិត្តកាប់ងាយៗដូចមុននោះឡើយ ដើមត្នោតដែលពួកគាត់កាប់គឺ ជាដើមត្នោតខ្ពស់ឬចាស់ ដែលមិនអាចឡើងយកទឹកបានប៉ុណ្ណោះ៕