(បុរីវ៉ាទីកង់)៖ ​សម្តេច ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) នៃសាសនាគ្រិស្ដនិកាយ រ៉ូមាំងកាតូលិក (Roman Catholic) បានគ្រោងនឹងធ្វើដំណើរទស្សនៈកិច្ច ទៅ​កាន់​ប្រទេសមីយ៉ាន់ម៉ា រួមទាំងបង់ក្លាដែស នៅចុងខែវិច្ចិកានិងដើមខែធ្នូខាងមុខនេះ ខណៈប្រទេសទាំងពីរ កំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹង​ជន​ជាតិ​ភាគ​តិច​ម៉ូស្លីម ​រ៉ូហីងយ៉ា (Rohingya)។ នេះបើការដកស្រង់ការចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

បើតាមសម្តីរបស់មន្ត្រីបុរីវ៉ាទីកង់ បានឲ្យដឹងថា សម្តេចប៉ាប នឹងធ្វើដំណើរបំពេញទស្សនៈកិច្ច នៅឯមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ចិកា ក្នុងទីក្រុង រ៉ង់ហ្គូន (Yangon) និងរដ្ឋធានីណៃពិដោ (Naypyitaw) ហើយសម្តេចក៏នឹងធ្វើដំណើរទស្សនៈកិច្ច ទៅកាន់ទីក្រុង Dhaka របស់បង់ក្លាដែសបន្តទៀត ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី០២ ខែធ្នូខាងមុខផងដែរ។

ជាមួយគ្នានេះ ការប្រកាសដំណឹងខាងលើ ត្រូវបានធ្វើឡើងក្រោយប៉ុន្មានម៉ោង បន្ទាប់ពីមន្ត្រីការពារព្រំដែនរបស់បង់ក្លាដែស បានបញ្ជូនជនជាតិភាគតិចម៉ូស្លីម Rohingya រាប់ពាន់នាក់ ឲ្យវិលត្រឡប់ទៅវិញ បន្ទាប់ពីពួកគេបានរត់ភៀសខ្លួន ចេញពីតំបន់ជម្លោះ ក្នុងប្រទេសមីយ៉ាន់ម៉ា អស់រយៈពេល០៥ឆ្នាំមកហើយ ខណៈ​​​មនុស្សចំនួន១០៤នាក់ បានបាត់បង់ជីវិតក្នុងអំឡុងពេលនោះ។ ម៉្យាងវិញទៀត កាលពីខែកុម្ភៈកន្លងទៅ សម្តេចប៉ាប បានធ្វើការរិះគន់ ស្តីពី​បញ្ហា​ជន​ជាតិ​ភាគ​តិច​ម៉ូស្លីម Rohingya ដោយបានលើកឡើងថា ពួកគេបានទទួលរងការធ្វើទារុណកម្ម និងត្រូវបានសម្លាប់ ដោយសារតែពួកគេចង់ថែរក្សានូវវប្បធម៌ និង​ជំនឿ​ម៉ូស្លីម​របស់​ពួក​គេ។

គួរបញ្ជាក់ថា មានជនជាតិភាគតិចម៉ូស្លីម Rohingya ប្រមាណ១.១លាននាក់ រស់នៅក្នុងរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា ប៉ុន្តែត្រូវបានគេមិនឲ្យសិទ្ធិជាពលរដ្ឋ និង​បាន​ប្រឈម​មុខ នឹងការរឹតបន្តឹងការធ្វើដំណើរយ៉ាងខ្លាំង៕