(ប៉ៃលិន)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមការងារយោធភូមិភាគទី៥ ដឹកនាំដោយឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការរងយោធភូមិភាគទី៥ និងឧត្តមសេនីយ៍ទោ ឈៀង អិត មេបញ្ជាការតំបន់ទី៣ ប៉ៃលិន-សំឡូត បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីការ កសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅអង្គភាពវរសេនាតូចលេខ៥០៧ ស្ថិតនៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

​​លោកឧត្តមសេនីយ៍ទោ ខាត់ ជន់ បានថ្លែង​ថា គោលបំណង​របស់​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដែល​បាន​ដាក់​ផែនការ​កម្មវិធី​ទស្សនកិច្ច​សិក្សា​កន្លង​មកនេះ គឺដើម្បី​ដើម្បី​ស្វែង​យល់​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយទៀត ឲ្យ​មានការ​ប្រឡងប្រណាំងក្នុងការកសាង និងអភិវឌ្ឍន៍អង្គភាពនិមួយៗ ឲ្យមាន​​ការ​រីក​ចម្រើនឡើង។ ​

លោកឧត្តមសេនីយ៍ទោ ខាត់ ជន់ បានតាស់តឿនដល់នាយទាហាន នាយទាហានរងត្រូវយកចិត្តទុកដាក់បន្ត​ប្រឹងប្រែង​លើ​ការងារ​អប់រំ​ចិត្តសាស្ត្រ ការងារ​ចិញ្ចឹម​ទ័ព ធានា​ជីវភាព​ទាំង​គ្រួសារ​កងទ័ព និង​គ្រប់គ្រង​ត្រួតពិនិត្យ​ថែរ​រក្សា​អាវុធ​យុទ្ធ​ភ័​ណ្ឌ និង​សម្ភារ​យោធា​ផ្សេង​ៗ ​ទៀត​ឲ្យ​បានគង់វង់​ល្អ និង​ទប់ស្កាត់​រាល់​ការចរាចរណ៍​លក់ដូរ​អាវុធ​ឆ្លងកាត់​ព្រំដែន។ ព្រមជាមួយគ្នានេះ ត្រូវមានកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ប្រឆាំង​ភេរវកម្ម លុប​បំបាត់ការជួញដូ​គ្រឿងញៀនឆ្លង​តាម​ដែនខុសច្បាប់ ជាពិសេសត្រូវ​សហការ​ជាមួយអាជ្ញាធរ​មូលដ្ឋានឲ្យបានជិតស្និទ្ធក្នុងការចូលរួមអនុវត្តគោលនយោបាយ​ ​ភូមិ ​ឃុំ​មាន​សុវត្ថិភាពឲ្យមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ ឈៀង អិត បានថ្លែងបានកោតសសើរដល់ ពលទាហាន នាយទាហាន កងវរសេនាតូចលេខ៥០៧ ទាំងអស់ដែល បានខិតខំកសាង និងពង្រឹងអង្គភាពបានល្អជាពិសេសបានពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ចេះគោរពច្បាប់ និងគោរពវិន័យកងទ័ព ឲ្យបានល្អប្រសើរ ហើយនាំគ្នាចូលរួមការងារជួយដល់សង្គមជាតិផងដែរ។

លោកវរសេនីយ៍ទោ ហោ ប៊ុនហៀង បញ្ជាការវរៈសេនាតូចលេខ៥០៧ ធ្វើរបាយការណ៍ថា អង្គភាពវរសេនាតូច៥០៧ ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធខិតខំពង្រឹងកិច្ចការពារព្រំដែលខ្លួនទទួលខុសត្រូវបានរឹងមាំ និងបានរួមចំណែកការពារ សន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋបានល្អប្រសើផងដែរ។ ទន្ទឹមនេះពលទាហាននាយទាហាន បានខិតខំកសាងសមិទ្ធិផលនានា ដូចជាកសាង លេណដ្ឋានប្រយុទ្ធ ជំរុំ ជំរកស្នាក់នៅចិញ្ចឹមសត្វដើម្បីធានាដល់​ជីវភាពរស់​នៅរបសលកងទ័ពឲ្យប្រសើឡើងផងដែរ៕