(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល​​ខេត្តសៀមរាប បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការចំណតរថយន្ត ប៉ែកខាងលិចក្រុងសៀមរាប ដោយមានចូលរួមពីលោក ទេព សំអាន អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហរិញ្ញវត្ថុ នៃក្រសួងការពារជាតិ លោក អភិបាលរង, លោកឧកញ៉ា ទូច សៀ អ្នកវិនិយោគចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាប, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព, លោក លោកស្រី សហគ្រិន ពាណិជ្ជករ អាជីវករ ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរភ្ញៀវកិត្តិយសបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៥០រូប។

លោក​ ឃឹម ប៊ុនសុង បានថ្លែងថា ដោយមានគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា នោះជាបុព្វហេតុនៃការរីកចម្រើនសម្រាប់ខេត្តសៀមរាប លើគ្រប់វិស័យដែលកំពុងរួមចំណែកកសាងសេដ្ឋកិច្ច សង្គមជាតិ លើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់ តាមរយៈការជួយសម្របសម្រួល ការលើកទឹកចិត្ត និងកក្តាជម្រុញផ្សេងៗ ទៀតតាមការសង្កេតនូវសន្ទុះសេដ្ឋកិច្ចរបស់ខេត្ត ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយឃើញមានកំណើនប្រកបដោយសក្តានុពលឈាន ឡើងយ៉ាងខ្លាំងជីវភាពរស់នៅកាន់តែប្រសើរ និងសេវាផ្សេងៗ កាន់តែមានប្រសិទ្ធភាព និងសកម្មភាពផុសផុលទ្វេឡើងជារៀងរាល់ឆ្នាំ។

លោក ឃឹម ប៊ុនសុង បានបន្តថា ភាពលេចធ្លោ និងការបោះជំហានយ៉ាងនេះ គឺមានកត្តា៤យ៉ាងគឺ ទី១៖ កត្តាសន្តិសុខ គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយពេញបរិបូរណ៍លើផ្ទៃ ប្រទេសក៏ដូចជាក្នុងខេត្តសៀមរាបទាំងមូល ហើយ​ឈរលើមូលដ្ឋាននេះយើងនឹងបន្តពង្រឹងឲ្យកាន់តែ​បានប្រសើរឡើងថែមទៀតពីមួយ ថ្ងៃទៅមួយថ្ងៃ។

ទី២៖ កត្តាច្បាប់ ដោយផ្អែកលើមូលដ្ឋានច្បាប់ស្តីពីការគ្រប់​គ្រ​ងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឲ្យខេត្តសៀមរាប អនុវត្តស្របទៅតាម គោលការណ៍រដ្ឋបាលឯកភាពដើម្បីជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយកំណែទម្រង់ រដ្ឋបាលសាធារណៈបានផ្តោតជាសំខាន់ទៅលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសំដៅដល់ការកែលម្អគុណភាព នៃសេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការចូលរួម។ អាជ្ញាធរខេត្តក៏បានខិតខំប្រឹងប្រែ​ដើម្បីធ្វើឲ្យប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលគ្រប់ថ្នាក់ក្នុងដែន សមត្ថកិច្ចរបស់ខេត្ត បានដំណើរការទៅប្រកបដោយតម្លាភាព និង​មានគណនេយ្យភាពដែលជឿទុកចិត្តបាន។

ទី៣៖ កត្តាសម្បត្តិវប្បធម៌ ៖ ភាពសំបូរបែបនៃសម្បត្តិវប្បធម៌ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ ធម្មជាតិ ជាពិសេសប្រាង្គប្រាសាទអង្គ​ ​ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោកដែលធ្វើឲ្យខេត្តសៀមរាបទទួលបាននូវកិត្យានុភាពល្បីល្បាញហើយក្លាយជាទីតាំងរមណី​យ​ដ្ឋានទេសចរណ៍ដែលមានភាព ទាក់ទាញបំផុតលើពិភពលោក។

ទី៤៖ កត្តាអភិវឌ្ឍខេត្ត៖ អាជ្ញាធរខេត្ត បានជម្រុញនូវការអភិវឌ្ឍន៍ខេត្ត តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ប្រឡាយ លូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ការពង្រីកប្រព័ន្ធទឹកស្អាត អគ្គីសនី ការបំពាក់ភ្លើងបំភ្លឺសាធារណៈ និ​ង​ការរៀបចំសួនសាធារណៈ ប្រកបដោយបរិស្ថានល្អជា បន្តបន្ទាប់ដើម្បីបម្រើដល់តម្រូវការចាំបាច់អប្បបរមាក្នុងលក្ខខ័ណ្ឌរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

នៅក្នុងពិធីសម្ភោធនោះផងដែរ លោកអភិបាលខេត្ត រួមនឹងគណៈអធិបតីបានប្រគល់ថវិការជូនប្រជាពលរដ្ឋ លោកតា លោកយាយ សិស្ស-និស្សិត យុវជន ដែលអ្នកចូលរួមក្នុងពិធីនោះចំនួនជាង៥០០នាក់ ក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ៕