(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC គាំទ្រចំពោះសំណើរបស់ ក្រសួងពាណិជ្ជកម្ម ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការពិចារណា ផ្តល់ការអនុគ្រោះពន្ធបន្ថែមទៀតដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ GMAC ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហានេះ។

ការលើកឡើងរបស់ GMAC បន្ទាប់ពីមានកិច្ចប្រជុំថ្មីៗ រវាងតំណាងក្រុមមន្ត្រីពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកមួយក្រុម បានជំនួបជាមួយនឹង លោក ឱក ប៊ុង រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុន។

ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានលើកឡើងថា យោងតាមស្មារតីនៃសេចក្តីប្រកាសរួម របស់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហុងកុង រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ឲ្យប្រទេសអភិវឌ្ឍន៍តិចតួច (ក្នុងនោះរួមមានកម្ពុជា) នូវការអនុគ្រោះពន្ធនាំចូល ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឲ្យបានយ៉ាងតិច៩៧% ក្នុងល័ក្ខខ័ណ្ឌពន្ធគយសេរី-កូតាសេរី (GSP-DFQF) របស់អង្គការពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែគិតមកត្រឹមឆ្នាំ២០១៧នេះ ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់កម្ពុជាមួយនេះ បានផ្តល់នូវការអនុគ្រោះពន្ធ ត្រឹមតែ៨២.៦%តែប៉ុណ្ណោះ។

លោករដ្ឋលេខាធិការបានបន្ថែមថា មុខទំនិញដែលសហរដ្ឋអាមេរិក បានផ្តល់ឲ្យកម្ពុជាក្នុងរង្វង់៨២.៦% នោះ មិនមានផលិតផលសក្តានុពលសំខាន់ៗ ដែលកម្ពុជាអាចផលិត និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសក្រីក្រនោះទេ ពោលគឺផលិតផលសក្តានុពលទាំងនោះ ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានាដទៃទៀត ដែលមានសេដ្ឋកិច្ចរីកចម្រើនជាងកម្ពុជាដែរ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC បានបញ្ជាក់ថា សមាគមក៏បានជួបជាមួយ មន្ត្រីពាណិជ្ជកម្មអាម៉េរិកផងដែរ កាលពីសប្តាហ៍មុនដែរ។ GMAC បានគាំទ្រក្រសួងពាណិជ្ជកម្ម ក្នុងការស្នើសុំរបស់សហរដ្ឋអាមេរិក ឱ្យពិនិត្យឡើងវិញនូវ GSP សម្រាប់ប្រទេសកម្ពុជា «ដើម្បីឱ្យប្រទេសក្រីក្រនេះ ទទួលបានការចូលទីផ្សារបន្ថែមទៀត» ។

លោកបានលើកឡើងថា៖ «យើងសូមអរគុណពួកគេ [មន្រ្តីពាណិជ្ជកម្មអាម៉េរិក] បានជួបជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបានឃើញនូវរូបភាពពេញលេញនៃប្រទេសកម្ពុជា។ GMAC គាំទ្រសំណើរបស់ក្រសួង និងចង់អំពាវនាវដូចគ្នាទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក»៕