(ភ្នំពេញ)៖ ខឹង​នាងមានសង្សារថ្មី ហៅ​បក្ខពួក១០នាក់ឡើង​​វាយ​​ដល់បន្ទប់ រួចបោកទូរស័ព្ទ​ចោលខ្ទេច និងចាក់សោរបង្ខាំង​​ក្នុងបន្ទប់ ព្រមទាំងពួនស្ទាក់ ប៉ងចាំកាប់ប្រហារ​បុរសដែលជាសង្សារថ្មី​តែម្តង ដែលនាំឲ្យប្រជាពលរដ្ឋ​មានការភ័យខ្លាច​យ៉ាងខ្លាំង នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ​នៅចំណុចបន្ទប់ជួលជាន់ទី២ ក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។

ក្រោយបានដឹងព័ត៌មាននេះភ្លាម លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ​ បានបញ្ជាកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅបង្ក្រាបរំដោះនារីរងគ្រោះបានសម្រេចភ្លាមៗ និងធ្វើការសំរ៉ុកចាប់បាន​ជនសង្ស័យ​ចំនួន៣នាក់ រួមទាំងដាវ១ដើមផងដែរ ដែលអង្គុយចាំកាប់សម្លាប់បុរសសង្សារថ្មីនោះ ដោយឡែកមេក្លោង និងបក្ខពួកចំនួន៧នាក់ទៀត កំពុងរត់គេចខ្លួន។

បើតាមមន្ដ្រីនគរបាល នារីរងគ្រោះឈ្មោះ លី សៀងមួយ អាយុ២១ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ ស្រុកកំណើតនៅភូមិឆ្អឹងជំនី ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ចំណែកជនសង្ស័យដែលបង្ក្រាបបាន ទី១៖ឈ្មោះ ព្រាប ណុយ អាយុ២៣ឆ្នាំ មុខរបរបើកឡានរោងចក្រ​, ទី២៖ឈ្មោះ អម អេ អាយុ១៨ឆ្នាំ និងទី៣៖ឈ្មោះ វ៉េត វ៉ាយ អាយុ២៣ឆ្នាំ មុខរបរលក់សាច់ជ្រូក។​

មន្ត្រីនគរបាលបានឲ្យដឹងថា ដំណើរឿងនៅមុនពេលកើតហេតុ នារីរងគ្រោះ​ធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយ​ជនសង្ស័យខាងលើ ដែលជាមេក្លោង ឈ្មោះ ម៉ាប់ រយៈពេលយូរមកហើយ ដោយអតីតសង្សារ ឈ្មោះ ម៉ាប់នោះ ឧស្សាចេញចូលនៅក្នុងបន្ទប់នាងញឹកញាប់ សឹងរាល់ថ្ងៃតែម្តង តែមួយរយៈក្រោយ មកអ្នកទាំង២ មានរឿងរកាំរកូតឈានដល់បែកបាក់គ្នា ដោយនាងក៏មានស្នេហាថ្មី ជាមួយបុរសម្នាក់ទៀត លុះមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ ដែលជាអតីតសង្សារ​ បានដឹងថានាងកំពុងមានស្នេហាថ្មី​នោះ កើតចេញជាគំនុំឡើងវាយនាងយ៉ាងដំណំ ថែមទាំងបោកទូរស័ព្ទចោលខ្ទេច រួចក៏ចាក់សោរបង្ខាំងឃុំនាង ក្នុងបន្ទប់ទៀតផង និងប្រមូលបក្ខពួក១០នាក់ពួនស្ទាក់កាំ ចាំចាក់សម្លាប់​បុរសសង្សារថ្មី​ តែមិនបានសម្រេចក៏ត្រូវកម្លាំងនគរបាលបង្ក្រាបបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅ​សួរនាំ នៅប៉ុស្តិ៍នគរបាលចោមចៅ ​និងបញ្ជូនបន្តផ្នែកជំនាញព្រហ្មទណ្ឌ ​ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្ត និងតាមចាប់​បក្ខពួកបន្តទៀត៕