(ភ្នំពេញ)៖ ក្នុងន័យបង្ហាញពីទ្រឹស្តី និងភាពជាក់ស្តែង នៃការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា, លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានទាញយកពំនោល របស់អ្នកនិពន្ធសៀវភៅ «កម្ពុជាឆ្នាំសូន្យ»​ លោក Francois Ponchaud ដែលលើកឡើងថា សហគមន៍អន្តរជាតិចេះ តែប្រកាសពីសិទ្ធិមនុស្ស ប៉ុន្តែរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពួកគេធ្វើព្រងើយ ធ្វើមិនដឹងមិនឮ អ្វីទាល់តែសោះ។

ជាមួយគ្នានេះ លោកបានលើកឡើងថា ហាក់ដូចជាគ្មានប្រទេសណា លើពិភពលោកអាចអនុវត្តន៍នូវគោលការណ៍សិទ្ធិមនុស្ស តាមបែបលិទ្ធប្រជាធិបតេយ្យ បានពេញលេញទាំងស្រុងនោះឡើយ ខណៈការវិវត្តន៍ផ្លាស់ប្តូរ និងរីកចម្រើននៃអនុវត្តន៍នៅកម្ពុជា ត្រូវបានរៀបចំផ្សព្វផ្សាយ ពង្រឹងជាប្រចាំ។

នៅក្នុងអត្ថបទរបស់លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ ដែលបង្ហោះក្នុង Facebook ផ្លូវការរបស់លោកមានចំណងជើងថា «សិទ្ធិមនុស្ស​បែបប្រជាធិបតេយ្យ និងនីតិរដ្ឋ​ ប្រៀបដូចជាកង់មុខ២របស់រថយន្ត Human Right in democracy and the rule of laws are two front wheels of vehicle!» ដោយបានដកស្រង់ពំនោលរបស់ អ្នកនិពន្ធសៀវភៅ «កម្ពុជាឆ្នាំសូន្យ»​ លោក Francois Ponchaud ដែលលើកឡើងថា «ក្នុងរយៈពេល​៣ឆ្នាំ​ ៨ខែ​ ២០ថ្ងៃ​ សហគមន៍អន្តរជាតិនៅស្ងៀមរហូត​ដូចជាមិនព្រមស្តាប់សូរសំរែក របស់ប្រជាជនកម្ពុជា​ ដែលកំពុងរងទុក្ខវេទនា​ គ្រប់បែបយ៉ាងក្រោមការដឹកនាំដាច់ខាតរបស់អង្គការ។​...សហគមន៍អន្តរជាតិចេះតែប្រកាសពីសិទិ្ធមនុស្ស​ ប៉ុន្តែក្នុងរយៈពេល​ ៣ឆ្នាំ​ ៨ខែ​ ២០ថ្ងៃ​ គេធ្វើព្រងើយ​ ធ្វើមិនដឹងមិនឮ​ ហើយមានអ្នកខ្លះយល់ស្រប នឹងរបបកម្ពុជាប្រជាធិបតេយ្យទៀតផង.??»។

លោក ហេង រតនា បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា៖ ការអនុវត្តយ៉ាងភ្ជាប់ភ្ជួន នូវគោលការណ៍សិទិ្ធមនុស្ស តាមបែបលទិ្ធប្រជាធិបតេយ្យ​បានពេញលេញទាំងស្រុង គឺជាប្រការល្អបំផុត​ ប៉ុន្តែវាហាក់ដូចជាគ្មានប្រទេសណា លើពិភពលោកធ្វើវាបានឡើយ!​ ហើយសិទិ្ធមនុស្សត្រូវបានអនុវត្ត តាមក្របខ័ណ្ឌច្បាប់ កំណត់នៃរដ្ឋនិមួយៗ ​ដោយផ្អែកតាមសង្គមវប្បធម៌ផងដែរ!​ ការវិវត្តន៍ផ្លាស់ប្តូរ និងរីកចំរើននៃការអនុវត្តច្បាប់ នៅកម្ពុជាត្រូវបានរៀបចំ​ផ្សព្វផ្សាយ​ ពង្រឹង​ជាប្រចាំ!!​

យើងចងចាំនូវខ្លឹមសារលោក​ Francoise Ponchaud អ្នកនិពន្ធសៀវភៅ «កម្ពុជាឆ្នាំសូន្យ» បានលើកឡើងថា​ «ក្នុងរយៈពេល​៣ឆ្នាំ​ ៨ខែ​ ២០ថ្ងៃ​ សហគមន៍អន្តរជាតិនៅស្ងៀមរហូត​ដូចជាមិនព្រមស្តាប់សូរសំរែករបស់ប្រជាជនកម្ពុជា​ ដែលកំពុងរងទុក្ខវេទនា​ គ្រប់បែបយ៉ាងក្រោមការដឹកនាំ ដាច់ខាតរបស់អង្គការ។​...សហគមន៍អន្តរជាតិចេះតែប្រកាសពីសិទិ្ធមនុស្ស​ ប៉ុន្តែក្នុងរយៈពេល​ ៣ឆ្នាំ​ ៨ខែ​ ២០ថ្ងៃ​ គេធ្វើព្រងើយ​ ធ្វើមិនដឹងមិនឮ​ ហើយមានអ្នកខ្លះយល់ស្រប នឹងរបបកម្ពុជាប្រជាធិបតេយ្យទៀតផង.??​

គំនិតល្អ​!​ ទ្រឹស្តីហូរដល់កែង ​(កែងជើង)​ តែការអនុវត្តជាក់សែ្តងគ្មាន!​ ខ្ញុំមានពិសោធន៍ផ្ទាល់ករណីកែរទំរង់ ជាមួយសហគមន៍អន្តរជាតិ៖​ នៅឆ្នាំ១៩៩៨-១៩៩៩ មានក្រុមសវនកម្ម និងក្រុមវាយតំលៃអន្តរជាតិ​ ជំរុញលើកំណែរទំរង់ និងការផ្លាស់ប្តូរ​ មានលើកនូវចំនុចអនុសាសន៍រាប់រយទំពរ័​។​ ខ្ញុំសុំលើកយកភាពជាក់សែ្តងតូចមួយ​ដែលពួកគេលើកឡើង និងទាមទារកំណែទំរង់លើប្រពន្ធ័បើកប្រាក់បៀវត្សរ៍​។

ពេលនោះតាមបែបលោកខាងលិច​ ពួកគេជំរុញត្រូវតែបើកប្រាក់ខែជូនបុគ្គលិកទាំងអស់ តាមធនាគារ​ មូលហេតុការបើកប្រាក់ខែ ដោយសាច់លុយផ្ទាល់អាចប្រឈមនឹងគ្រោះថ្នាក់ បាត់បង់លុយដោយចោរប្លន់​ឬលួច​ ឬប្រព្រឹតិ្តអំពើពុករលួយជាដើម។

​គំនិតនេះល្អណាស់​ តែមិនអាចអនុវត្តបានទេ!​ (Good idea but Not applicable!) មូលហេតុពេលនោះ (ឆ្នាំ១៩៩៨-១៩៩៩) ប្រពន្ធ័ធនាគារតាមខេត្តនៅទន់ខ្សោយណាស់​ គ្មានសាខាតាមស្រុកទេ​ ហើយគ្មានប្រព័ន្ធកាតបើកលុយទេ​ ដូចនេះដើម្បីបើកប្រាក់បៀវត្សតាមធនាគារ ត្រូវប្រមូលបុគ្គលិករាប់រយរាប់ពាន់នាក់ មកធនាគារ​នៅខេត្ត​ ការធ្វើបែបនេះប្រឈមនឹងគ្រោះថ្នាក់ ក្នុងការធ្វើដំណើរដោយសារផ្លូវស្ពានលំបាក​ ការចំណាយច្រើនណាស់! លើការដឹកជញ្ជូន! យើងរង់ចាំជិត១០ឆ្នាំទើបអាចអនុវត្តគំនិតនេះបាន​ ពោលគឺឆ្នាំ២០០៦-២០០៧​ ទើបអាចដំណើរការបើកប្រាក់បៀវត្សរ៍តាមធនាគារបាន!

ដូចនេះចំនុចខ្លះវាទាមទារពេលវេលា​ ហេដ្ឋារចនាសម្ពន្ធ័ទាំងធាតុរឹង និងធាតុទន់​ ជាមួយការពង្រឹងអនុវត្តច្បាប់!!​ ខ្ញុំយល់ថាការគោរពគ្នាទៅវិញទៅមក​ ហើយយល់ច្បាស់នូវភាពជាម្ចាស់ និងភាពជាដៃគូ​ជាប្រការ​សំខាន់ណាស់​ ព្រមទាំងស្គាល់ច្បាស់សង្គមវប្បធម៌ម​ធាតុខាងក្នុង​ (tacit knowledge) និង​ ការអនុវត្តជាក់ស្តែង​នៃធាតុខាងក្រៅ (explicit knowledge)​។​ ការបង្ខំយកស្តង់ដារសិទ្ធិមនុស្សណាមួយ​ មកជំរុញទទឹងទិស​នឹងនាំមកក្តីវិនាស​ ខូចខាតធ្ងន់ធ្ងរដល់សង្គមជាតិខែ្មរ​ ខានមិនបានឡើយ!​

ដូចខ្ញុំលើកជាឧទាហរណ៍ជាក់ស្តែងខាងលើ​ ពេលខ្លះគំនិតជាអនុសាសន៍របស់ក្រុមជំនាញ ដោយផ្អែកតាមស្តង់ដារណាមួយនោះ មិនអាក្រក់ទេ​ តែវាខុសកាលះទេសះ​និងមិនទាន់អាចអនុវត្តបាននៅឡើយទេ!!

ប្រជាពលរដ្ឋខែ្មរភាគច្រើនបំផុត មានមោទនភាពជាមួយសន្តិភាព និងការអភិវឌ្ឍន៍ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាល!​ កុមារកម្ពុជាមានឱកាសពេញលេញ ទៅសាលារៀនដោយដៃកាន់ប៉ិច​ មិនមែនកាន់កៃកាំភ្លើងឡើយ!​ សាលារៀនថ្មីៗកំពុងសាងសង់​ មានកុមារកើនឡើងទៅសាលារៀន​ នៅពេលនៅប្រទេសជប៉ុន មានកុមារកាន់តិចទៅៗ​ ហើយសាលារៀនមួយចំនួន ត្រូវបិទទ្វាដោយសារគ្មានកុមារ។​ នេះជាកិ្តសង្ឃឹមខាងសេដ្ឋកិច្ច​ សំរាប់កម្ពុជា​ មិនមែនថាជប៉ុនខ្សោយទេ​ តែពួកគេគ្មានកូនចំនួ​នប្រជាពលរដ្ឋសរុបធ្លាក់ចុះ!!​ មានកុមារាកុមារី យ៉ាងច្រើនមានសមត្ថភាពខ្លាំងៗ​ ទាំងរៀនសូត្រខាងវិទ្យាសាស្ត្រ​ ចំរៀង​ កីឡាជាដើម។ល។!៕