(កោះកុង)៖ នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រកាសទទួលស្គាល់ លោកស្រី មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងអាណ្ណត្តិទី៤ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ប៊ុន លើត ប្រធានកិត្តិយសសាខា អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង លោក អនុប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោក លោកស្រី ដែលជាសមាជិកគណៈកម្មាធិការសាខា-អនុសាខា មន្ត្រីសាខា ព្រះមេគុណខេត្ត យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបប្រមាណចំនួន ១៥០នាក់/អង្គ។

នៅក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរជូនដល់ គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា-អនុសាខា មន្ត្រី-បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលមានវត្តមាននៅក្នុងពិធីនេះ ព្រមទាំងមានអនុសាសន៍ផ្ដាំផ្ញើមួយចំនួនដែលមានខ្លឹមសារដូចតទៅ៖

១៖ ត្រូវរក្សាសាមគ្គីភាព រវាងគណៈកិត្តិយស គណៈកម្មាធិការ និងក្រុមប្រតិបត្តិ ឱ្យបានល្អប្រសើរ

២៖ ត្រូវបង្កើនសមត្ថភាព និងទម្រង់ទិសអនុវត្តន៍ របស់មន្ត្រី-បុគ្គលិកសាខា-អនុសាខា ដើម្បីអនុវត្តន៍ការងារមនុស្សធម៌បន្តទៀត

៣៖ ត្រូវបន្តពង្រឹង និងពង្រីក កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីឱ្យសកម្មភាពការងារកាន់តែរស់រវើក

៤៖ ត្រូវពង្រីកសមាជិកភាពបន្ថែម ដើម្បីជួយកៀរគរមូលនិធិសម្រាប់ជួយដល់ប្រជាពលងាយរងគ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព

៥៖ រៀបចំចងក្រងឯកសារអ្នកទទួលផលឱ្យបានជាក់លាក់ ដើម្បីទុកជាឯកសារតម្កល់ទុកប្រើប្រាស់នាពេលក្រោយ

៦៖ លើកកម្ពស់ ការថែទាំសមិទ្ធិផលនានារបស់កាកបាទក្រហមកម្ពុជា ដែលបានកសាងសម្រាប់ប្រជាជន។

ជាមួយគ្នានេះដែរ លោកស្រី មិថុនា ភូថង ដែលទើបត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណ្ណត្តិទី៤ ជំនួសលោកស្រី អេង គឹមនាង ដែលបានទទួលមរណភាព បានថ្លែងនូវអំណរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលបានផ្ដល់នូវទំនុកចិត្តដល់លោកស្រី ហើយលោកស្រីបានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖

១៖ គាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា គ្រប់ៗអាណ្ណត្តិ

២៖ អនុវត្តន៍ការងារ ឱ្យស្របតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម

៣៖ បំពេញការងារឱ្យស្របតាម វិស័យស្នូលទាំង៤ នៃយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០១១-២០២០

៤៖ បន្តពង្រឹង និងពង្រីកសមាជិកភាពបន្ថែមទៀត និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀតសម្រាប់ការកៀរគរមូលនិធិពីសប្បុរសជន

៥៖ តម្រង់ទិស មន្ត្រីក្រុមប្រតិបត្តិសាខា-អនុសាខា ដើម្បីអនុវត្តន៍បានល្អប្រសើរ និងស្របតាមគោលការណ៍គ្រឹះរបស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម

៦៖ រក្សាសាមគ្គីភាពរវាងគណៈកិត្តិយស គណៈកម្មាធិការ និងក្រុមប្រតិបត្តិឱ្យបានល្អប្រសើរ

៧/ យកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋឱ្យបានកម្រិតខ្ពស់បំផុត និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយសារអត់អាហារឡើយ៕