(កំពង់ធំ)៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋបាលក្រុងស្ទឹងសែន បានរៀបចំពិធីប្រកាសតែងតំាងលោក ម៉ាក់ ប៊ុនហុង ជាអភិបាលក្រុង ជំនួសលោក ហុក រិន ត្រូវចូលនិវត្តន៍ និងលោក ឆូយ កុសល និងលោក ទង់ គឹមតុល ជាអភិបាលរងក្រុងស្ទឹងសែន ក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ផងដែរ។

ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងនេះដែរ លោក សុខ លូ បានលើកឡើងថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

លោកបន្ថែមទៀតថា សូមលោកអភិបាលក្រុង ដែលចូលកាន់មុខតំណែងថ្មីនេះ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពក្នុង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព និងខិតខំបន្តអភិវឌ្ឍក្រុងឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ លោកបានជំរុញដល់អាជ្ញាធរក្រុងស្រុកទំាងអស់ក្នុងខេត្ត ត្រូវលុបបំបាត់រាល់សកម្មភាពសំណង់អាណាធិបតេយ្យខុសច្បាប់ ដែលកន្លងមកតែងតែបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋមួយចំនួន លួចសាងសង់សំណង់ដោយមិនមានការសុំច្បាប់ ជាពិសេសសូមឲ្យអង្គភាពទំាងអស់ ខិតខំជំរុញការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសបើកវគ្គបណ្តុះបណ្តាល ឲ្យចំទៅតាមជំនាញដែលជាតម្រូវការចំាបាច់ និងសិក្សាឲ្យបានលម្អិតទៅតាមផ្នែកនីមួយៗ ដើម្បីផ្តល់នូវជំនាញច្បាស់លាស់ ឆ្លើយតបនឹងការងារជាក់ស្តែង។

ទន្ទឹមនោះដែរ សម្រាប់ក្រុងស្ទឹងសែន អាជ្ញាធរខេត្តកំពុងតែគិតគូរពីសោភ័ណ្ឌក្រុង នឹងធ្វើការកែលម្អផ្ទះនៅជាប់ផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ត្រូវលាបព័ណ៌ឲ្យមានលក្ខណៈដូចគ្នា ពង្រីសួនច្បារកុមារ និងកន្លែងផ្សេងៗទៀត ដើម្បីឲ្យមានទីធ្លាធំទូលាយ ដើម្បីឲ្យមានផាសុខភាព ជាពិសេស មានភាពងាយស្រួលដល់បងប្អូនដែលមកធ្វើការហាត់ប្រាណនៅតាមទីសាធារណៈ និងជាកន្លែងសម្រាប់ដើរកំសាន្តលំហែកាយផងដែរ។

លោក ម៉ាក់ ប៊ុនហុង ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល, គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅ មតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ, បន្តនិរន្តភាពការងារក្នុងរដ្ឋបាលក្រុង លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា។ ជាមួយគ្នានោះលោកនឹងរក្សា និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕