(ភ្នំពេញ)៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធ នឹងករណីឆបោក និងក្លែងឯកសារស៊ីដាច់ប្រាក់ ធនាគារសហពាណិជ្ជ ក.អ ( UCB) ជិត១០ម៉ឺន ដុល្លារអាមេរិកត្រូវបាន លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការថា បុរសរូបនេះឈ្មោះ ហាក់ យូសុះ មានទីលំនៅផ្ទះលេខ២៧អា ផ្លូវលេខ២៤៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅថ្ងៃទី២៥ ខែសីហា តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច នៅអំឡុងដើមឆ្នាំ២០១៦ឈ្មោះ ហាក់ យូសុះ និងបក្ខពួក៩នាក់ទៀត បានរៀបចំឯកសារបញ្ជាក់ដីធ្លីមួយចំនួន ពីអាជ្ញាធរមូលដ្ឋាន រួចយកឯកសារទាំងនោះ ទៅដាក់បញ្ចាំនៅធនាគារសហពាណិជ្ជ ក.អ (UCB) ដើម្បីខ្ចីប្រាក់ចំនួនជិតមួយលាន ដុល្លារអាមេរិក ពោលក្នុងម្នាក់ៗជិត១០ម៉ឺនដុល្លារ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីមានការអនុញ្ញាតឲ្យខ្ចីលុយនោះ ពួកគេទាំង១០នាក់នេះ មានការរអាក់រអួលក្នុងពេលបង់ប្រាក់នោះ ទើបខាងធនាគារធ្វើការស្រាវជ្រាវដឹងថា ពុំមានដីដូចឯកសារដាក់បញ្ចាំឡើយ ពោលគឺដីខ្យល់តែប៉ុណ្ណោះ។ បន្ទាប់មកនៅចុងឆ្នាំ២០១៦ ខាងធនាគារសម្រេចចិត្តដាក់ពាក្យប្តឹងមកតុលាការ ដើម្បីចាត់ការតាមច្បាប់តែម្តង៕