(កំពង់ធំ)៖ នាយករងរដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក ថន ពុទ្ធា ត្រូវបានប្រកាលតែងតាំងជាអភិបាលរងស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅសាលាស្រុកកំពង់ស្វាយ ក្រោមអធិបតីភាពលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អមដោយលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងមានការចូលរួមពីមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់។

បន្ទាប់ពីលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានធ្វើសេចក្តីរាយការណ៍ស្តីពីភូមិសាស្រ្តក្នុងស្រុកកំពង់ស្វាយរួចមក លោក គង់ វិមាន បានឲ្យដឹងថា ការប្រកាសតែងតាំងតំណែងនេះ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ដែលបានយកចិត្តទុកដាក់ដំឡើងមុខងារឲ្យមន្រ្តីមួយចំនួន ដោយយល់ឃើញពីការខិតខំធ្វើការងារ និងមានសមត្ថភាពសមស្របតាមតម្រូវការរបស់រដ្ឋបាលខេត្តកំពង់ធំ និងមានការឯកភាពពីថ្នាកដឹកនាំ បានសម្រេចតែងតាំងលោក ថន ពុទ្ធា អតីតនាយករងរដ្ឋបាលស្រុក មកជាអភិបាលរងស្រុកកំពង់ស្វាយ។

លោក គង់ វិមាន ណែនាំចង្អុលបង្ហាញអភិបាលរងស្រុកថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍក្នុងមូលដ្ឋាន ខិតខំបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងយុត្តិធម៌ ផ្សារភ្ជាប់ចំណងមិត្តភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ និងជំរុញឲ្យប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តច្បាប់ និងគាំទ្រគ្រប់សកម្មភាពរបស់សហគមន៍ ដូចជា ដំាដំណាំដាំដុះ ចិញ្ចឹមសត្វ និងបង្កើតផលិតផលបង្កើនចំណូលដល់ប្រជាពលរដ្ឋ ក្នុងនោះក៏បានផ្តាំផ្ញើដល់ប្រជាការពារមិនត្រូវយកតួនាទីជានគរបាលទៅប្រើប្រាស់អធិការ នាយប៉ុស្តិ៍រដ្ឋបាល ត្រូវផ្សព្វផ្សាយពីតួនាទីរបស់ខ្លួនឲ្យបានដឹង ចៀសវាងការប្រើប្រាស់សិទ្ធិហួសដែនកំណត់នាំឲ្យមានការយល់ច្រឡំ៕