(ភ្នំពេញ)៖ ដោយមើលឃើញពីភាពរីកចម្រើន និងកំណើនសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន លោក Matsumoto Hiroaki ម្ចាស់កសិដ្ឋាន ចិញ្ចឹមជ្រូក Kakegawa Pork ដែលជាកសិដ្ឋានចិញ្ចឹមជ្រូកដ៏ល្បី ដោយសាច់ជ្រូកក្នុង១គីឡូក្រាម មានតម្លៃខ្ទង់៧០ដុល្លារនិងជាប់ ចំណាត់ថ្នាក់លេខ១ នៅជប៉ុន គ្រោងនឹងបោះទុនប្រមាណ១លានដុល្លារ ដើម្បីបើកកសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជា ប្រសិនបើការ ពិសោធន៍លើកដំបូង នៅលើភ្នំគិរីរម្យទទួលបានជោគជ័យ។

ការលើកឡើងរបស់បុរសជនជាតិជប៉ុននេះ បានធ្វើឡើងក្នុងឱកាសដែលលោករៀបចំកម្មវិធីប្រគំតន្ដ្រី World SHIP Orchestra Concert របស់ក្រុមនិស្សិតជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានោះលោក Matsumoto Hiroaki ក៏បានចែករំលែងចំណេះដឹងថ្មីៗ អំពីការចិញ្ចឹមជ្រូកដោយមិនប្រើចំណីមានជាតិគីមី និងបង្ហាញពីសាច់ជ្រូក ក៏ដូចជាចម្អិនឲ្យនិស្សិតចូលរួមកម្មវិធីប្រគំតន្ដ្រីខាងលើ បានភ្លក្សជាមួយនឹងសាច់ជ្រូកដ៏មានតម្លៃនោះទៀតផង។

លោក Matsumoto Hiroaki បានបញ្ជាក់ថា បច្ចុប្បន្នលោកបាននឹងកំពុងសាកល្បងចញ្ចឹមជ្រូកប្រមាណ១០ក្បាល លើភ្នំគិរីរម្យក្នុង ប្រទេសកម្ពុជា ដើម្បីពិសោធន៍ជាមួយនឹងចំណីធម្មជាតិរបស់ខ្លួន តែប្រើពូជជ្រូករបស់ខ្មែរ។ លោកបន្ដថា ក្រោយសាកល្បងចិញ្ចឹម មួយរយៈកន្លងទៅ លោកសង្កេតឃើញទទួលបានលទ្ធផលជាវិជ្ជមានច្រើន ដែលអាចជំរុញឲ្យលោកសម្រេចក្ដីសុបិនបើកកសិដ្ឋាន ចិញ្ចឹមជ្រូកនៅកម្ពុជា នាពេលអនាគត ។ ចំពោះតម្លៃវិញ លោកកំពុងសិក្សាពីទីផ្សារកម្ពុជា ដើម្បីងាយស្រួលលក់ ខណៈនៅជប៉ុនសាច់ជ្រូក លោកលក់ក្នុងតម្លៃប្រមាណ៧០ដុល្លារក្នុង ១គីឡូក្រាម។

លោកបន្ដថា «បន្ទាប់ពីយើងសាកល្បងចិញ្ចឹមជោគជ័យ យើងសុំអាញ្ញាប័ណ្ណបើកកសិដ្ឋានត្រឹមត្រូវនៅកម្ពុជា ពីក្រសួងកសិកម្ម ។ បន្ទាប់មកយើងគ្រោងនឹងបោះទុន ប្រហែល១លានដុល្លារ ដើម្បីបើកកសិដ្ឋានមួយ ប៉ុន្ដែវាគ្រាន់តែជាជំហ៊ានដំបូងប៉ុណ្ណោះ ។ ចំពោះតម្លៃវិញ យើងកំពុងសិក្សាពីទីផ្សារកម្ពុជា ដើម្បីងាយស្រួលលក់ឲ្យបានសមរម្យ។ ប៉ុន្ដែបើនៅជប៉ុនសាច់ជ្រូកនេះ យើងលក់ក្នុងតម្លៃប្រមាណ ៧០ដុល្លារក្នុង ១គីឡូក្រាម»

លោកបន្ថែមថា លោកមានសង្ឃឹមខ្ពស់ ចំពោះគម្រោងនឹងទទួលបានជោគជ័យ ដោយសារកម្រិតជីវភាពប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច កម្ពុជាបច្ចុប្បន្ន កំពុងមានការរីកច្រើនគួរឲ្យកត់សម្គាល់៕