(ភ្នំពេញ)៖ ថ្ងៃសៅរ៍ ទី២៦ ខែសីហា សប្តាហ៍កន្លងទៅនេះ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះទៅសាកសួរសុខទុក្ខបងប្អូនអាជីវករ ក្នុងផ្សារធំថ្មីដោយផ្ទាល់។ ដំណើរចុះទៅដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យបងប្អូនអាជីវករ ស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមានដ៏កម្ររបស់ប្រមុខរាជរដ្ឋាភិបាលទៅកាន់កន្លែងប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់។

វត្តមានសម្តេចតេជោ ហ៊ុន សែន នៅផ្សារធំថ្មី គេឃើញបងប្អូនអាជីវករទូទាំងផ្សារ បានចេញមកសម្តែងការគោរពស្រឡាញ់យ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន។ មានអ្នកខ្លះឱបថើប និងខ្លះទៀតព្យាយាមថតរូបទុកជាអនុស្សាវរីយ៍ជាមួយសម្តេច បើទោះបីការចូលទៅថតរូប និងការឱបរឹតនោះមានការលំបាកបន្តិច ព្រោះតែចំនួនអាជីវករក្នុងផ្សារមានចំនួនច្រើនក៏ដោយនោះ។ តាមរយៈកាយវិការដ៏ផ្អែមល្ហែម និងស្និទ្ធស្នាលបានស្តែងឲ្យឃើញថា ក្រុមអាជីវករក្នុងផ្សារធំថ្មីពិត ជាមានសមានចិត្ត និងការគោរពស្រឡាញ់ចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងធំធេង។

ការផ្តល់ក្តីគោរពស្រឡាញ់របស់ក្រុមអាជីវកម្ម ចំពោះសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ក្រុមអាជីវករផ្សារធំថ្មី​​ ជាការផ្តល់នូវយុត្តិធម៌នៃសច្ចភាពប្រវត្តិសាស្រ្ត និងជាការតបគុណដ៏ធំធេងរបស់សម្តេច ដែលបានប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងប្រាជ្ញា ដើម្បីអភិវឌ្ឍន៍ និងរក្សាសន្តិភាព ស្ថេរភាពសង្គម ជាកត្តាដ៏ចម្បងសម្រាប់បង្កលក្ខណៈឲ្យពួកគាត់អាចប្រកបរបររកស៊ីទទួលទានចិញ្ចឹមដោយក្តីសុខសាន្ត និងប្រកបដោយភាពថ្លៃថ្នូរ។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ចុះស្វែងយល់ដោយផ្ទាល់ពីការប្រកបអាជីវកម្មរបស់បងប្អូនអាជីវករនៅក្នុងផ្សារថ្មី គឺជាអំណរសាទរដ៏ក្រៃលែងរបស់បងប្អូន អាជីវករនៅក្នុងផ្សារ តែប្រហែលមិនមែនជាក្តីអំណរសាទរ សម្រាប់ក្រុមមន្រ្តីបក្សប្រឆាំង ជាពិសេសគឺគណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្ររបស់ពួកគេនោះឡើយ។ ភាពស្និទ្ធស្នាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រជាប្រជាពលរដ្ឋសិស្សនិស្សិត កម្មករ កម្មការិនី ក្រុមអាជីវករ និងកសិករផងនោះ គឺជាប្រតិកម្មគីមីដ៏ខ្លាំងក្លាបំផុតនៅក្នុងសតិអារម្មណ៍ និងបេះដូងរបស់គណបក្សប្រឆាំង និងក្រុមអ្នកគាំទ្ររបស់ពួកគេ។

បក្សប្រឆាំង និងអ្នកគាំទ្របក្សប្រឆាំង គេតែងតែលាបពណ៌រាល់អ្នកគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន គឺជាជនជាតិយួន បើទោះបីពួកគេដឹងថា អ្នកគោរពស្រឡាញ់ទាំងនោះ ទាំងសាច់ ទាំងឈាម ទាំងពូជពង្សជាជាតិខ្មែរដូចពួកគេក៏ដោយ។ ជាក់ស្តែងបុរសម្នាក់ មានឈ្មោះក្នុង Facebook ថា «Lam Rady» ជាបុគ្គលិកក្រុមហ៊ុនឯងជនមួយនៅក្នុងប្រទេសកម្ពុជា ហើយដែលគេសង្ស័យថា បុរសរូបនេះជាអ្នកមានសមានចិត្តខ្ពស់ជាមួយគណបក្សសង្រ្គោះជាតិនោះ សម្រេចចិត្តចោទប្រកាន់ និងលាបពណ៌ក្រុមអាជីវករនៅក្នុងផ្សារធំថ្មីទាំងអស់ថា «សុទ្ធតែជាជនជាតិយួន»។

ការចោទប្រកាន់ក្រុមអាជីវករផ្សារធំថ្មីជាជនជាតិយួន ពីសំណាក់លោក «Lam Rady» បានធ្វើឡើងតាមរយៈការបញ្ចេញមតិយោបល់ នៅក្នុងអត្ថបទមួយ ចុះផ្សាយនៅលើទំព័រ Facebook របស់ Fresh News មានចំណងជើងថា «ជនបរទេសភ្ញាក់ផ្អើលនឹងប្រជាប្រិយភាពសម្តេចតេជោ ហ៊ុន សែន នៅពេលសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារធំថ្មី!»។ ក្រៅពីបុរស «Lam Rady» គេក៏សង្កេតឃើញក្រុមអ្នកដែលសង្ស័យមានសមានចិត្ត និងគាំទ្រគណបក្សសង្រ្គោះជាតិមួយចំនួនទៀត សុទ្ធរួមគ្នាលាបពណ៌ និងបំពាក់ជាតិសាសន៍យួន ទៅក្រុមអាជីវករនៅផ្សារធំថ្មីផងដែរ។

តែទោះជាយ៉ាងណា គេក៏ឃើញមានការចេញមកប្រតិកម្មតបទៅ នឹងការលាបពណ៌របស់ក្រុមបក្សប្រឆាំងនេះផងដែរ។ អ្នកខ្លះទៀត ក៏បានចោទជាសំណួរថា «បងប្អូនអាជីវករឈឺចាប់ទេ ដែលបុរសម្នាក់នេះ (Lam Rady) លាបពណ៌ថាជាយួននោះ។ សារធាតុសកម្មជនបក្សប្រឆាំង គឺយ៉ាងនេះ មានតែការលាបពណ៌ ញុះញង់បំបែកបំបាក់តែប៉ុណ្ណោះ»

អ្នកលេង Facebook ម្នាក់ទៀត បានចេញមកបន្តថា «បក្សប្រឆាំងមានសន្លឹកឆ្នោតច្រើនដោយសារអាជីវករ តែបើគាត់ (អាជីវករ) ដឹងប្រហែលគាត់ស្តាយ ក្រោយណាស់»

ការព្យាយាមលាបពណ៌ និងបំពាក់ជាតិសាសន៍ថ្មីឲ្យក្រុមអាជីវករផ្សារធំថ្មីជា «ជនជាតិយួន» ពីសំណាក់លោក «Lam Rady» មិនមែនជារឿងថ្មីឡើយ នៅក្នុងសង្គមកម្ពុជា។ ការលាបពណ៌ និងបំពាក់ជាតិសាសន៍ថ្មីឲ្យខ្មែរគ្នាឯងថាជា «ជនជាតិយួន» គេតែងតែបានឮចេញពីក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ក៏ដូចជា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា និងថ្នាក់ដឹកនាំបក្សប្រឆាំងជាច្រើនទៀត រាល់ពេលមានសកម្មជនបក្ស ឬ អ្នកគាំទ្ររបស់ពួកគេ ឈប់គាំទ្របក្ស ទៅរួមរស់ជាមួយគណបក្សកាន់អំណាច ឬគណបក្សនយោបាយផ្សេង។

មិនត្រឹមតែក្នុងសម័យចបច្ចុប្បន្ននោះទេ ក្នុងពេលដែលប្រទេសកម្ពុជារងឥទ្ធិពលសង្រ្គាមត្រជាក់នាអំឡុងទសវត្សរ៍ឆ្នាំ៦០-៧០ ការលាបពណ៌ និងបំពាក់ជាតិសាសន៍យួននេះ ក៏ត្រូវបានគេយកមកប្រើផងដែរ ដើម្បីសម្រេចមហិច្ឆតានយោបាយដណ្តើមអំណាចនៅក្នុងសង្គមនយោបាយខ្មែរ។ ការលាបពណ៌ និងការសាបព្រោះបំពាក់ជាតិសាសន៍យួនឲ្យខ្មែរគ្នាឯងនេះ គឺជាល្បែងនយោបាយដ៏សែនគ្រោះថ្នាក់នៅកម្ពុជា ហើយទីបំផុតបានបំផុតចិត្តគំនិតស្ពប់គុំកួនរវាងខ្មែរ និងខ្មែរគ្នាឯងបានកើតមានឡើង រហូតឈានដល់ការសម្លាប់ខ្មែរគ្នាឯងយ៉ាងរង្គាល ក្រោមលេសចោទប្រកាន់លាបពណ៌ថាជាជនជាតិយួន៕