(ស្ទឹងត្រែង)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាស្រ្តីជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធនឹងការជួញដូរនូវសារធាតុញៀន ដកហូតបានថ្នាំចំនួន១១កញ្ចប់ ស្ថិតនៅក្នុងភូមិព្រែកសង្កាត់ ក្រុងខេត្តស្ទឹងត្រែង នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន បានខាងលើនេះ ឈ្មោះ ង្វៀន ធីម៉ី ហាំង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ រស់នៅភូមិកើតហេតុខាងលើ។

មន្ត្រីនគរបាល បន្តថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើបាន កម្លាំងសមត្ថកិច្ចបានដេញចាប់ប្រផាត់ប្រផីងផងដែរ គ្រាដែលជនសង្ស័យ បានរត់គេចខ្លួនពីលំនៅដ្ឋានរបស់ម្តាយជនសង្ស័យ ដោយកាន់ពិលមួយ មានផ្ទុកថ្នាំញៀនចំនួន១១កញ្ចប់ ហើយគប់ចោល និងរត់គេចខ្លួន តែទោះជាយ៉ាងណា ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់បានដដែល។

មន្ត្រីដដែល បានបន្តទៀតថា គ្រឿងញៀនដែលដកហូត បានជាប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌ស (ICE) មានចំនួន១១កញ្ចប់តូច មានទម្ងន់២.៤៩ក្រាម ព្រមទាំងសម្ភារប្រើបាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ស្រី្ដជាជនជាតិវៀតណាម និងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕