(ឧត្តរមានជ័យ)៖ កាលពីល្ងាចម្សិលមិញ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដឹកនាំដោយ លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុក​ បានចុះស្រាវជ្រាវបង្ក្រាបករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅ ចំណុចភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ។

លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តឧត្តរមានជ័យឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា​ កម្លាំងយើង​ចាប់បានជនសង្ស័យ​ជួញដូរគ្រឿងញៀន២នាក់ ទី១៖ ឈ្មោះ សុខ វ៉ាន់នឿន (ហៅភាក់) អាយុ១៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ ភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង និងទី២៖ ឈ្មោះ ញាណ សុខប៊ុនធឿន (ហៅឌាក់) អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង។

វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទ​មេតំហ្វេតាមីន អាយ​ ចំនួន៥កញ្ចប់តូច, ទូរសព្វ័ដៃចំនួន២គ្រឿង, ប្រាក់រៀលចំនួន ២៥០០រៀល​។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវកម្លាំងនគរបាលស្រុកធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការ តាមនីតិវិធីច្បាប់៕