(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានណែនាំ និងដាស់តឿនដល់មន្រ្តីមូលដ្ឋាន ឃុំ សង្កាត់ ភូមិ ត្រូវខិតខំពង្រឹងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ចិត្ត និងត្រូវចុះដោះស្រាយបញ្ហានានា ជូនពួកគាត់ឲ្យជាប់ជានិច្ច ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់។

ការណែនាំ និងដាស់តឿននេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអាជ្ញាធរ​មន្ត្រីមូលដ្ឋានភូមិ ឃុំ សង្កាត់ និងសមាជិកសមាជិកាគណបក្ស ក្រុងពោធិ៍សាត់ និងស្រុកបាកាន ជាង១ពាន់នាក់ នាថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៧។

អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការ ប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយលិខិត ស្នាមផ្សេងៗនេះ គឺត្រូវតែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ ទន់ភ្លន់ដែលទាំងនេះ ជាក្រមសីលធម៌របស់ មន្ត្រីឃុំ សង្កាត់ ភូមិ។

លោកបានបន្តថា ការយកចិត្តទុកដាក់ ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះគ្រប់ភូមិ ប្រាកដជានឹង បានទទួលនូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ជាក់ជាមិនខាន។

លោកបានបន្ថែមថា បងប្អូនគប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែក ដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ ដាច់ខាតកុំឲ្យមានការថ្នាំងថ្នាក់ណាមួយកើតឡើង ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ហើយលោកបានផ្តល់លេខទូរស័ព្ទ២ប្រព័ន្ធ ដើម្បីរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ជុំវិញភាពមិនប្រក្រតីណាមួយកើតឡើង។

ពាក់ព័ន្ធទៅនឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភា​ព លោកបានដាក់បញ្ជាទៅដល់កងកម្លាំងប្រដាប់ អាវុធទាំង៣ ត្រូវលុបបំបាត់ទាំងស្រុង នូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន។ ជាមួយគ្នានោះ កងកម្លាំងប្រដាប់អាវុធ ត្រូវប្រើប្រាស់ ភ្នែកឲ្យបានច្រើនជាង ប្រើត្រចៀក ទើបអនុវត្តន៍ការងារទៅបានរលូន ចំគោលដៅ និងទទួលបានលទ្ធផលជោគជ័យ ដោយមិនប៉ះពាល់ដល់សតិអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋ៕