(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ចំនួន១ម៉ឺនកន្លែង ដល់សិស្សានុសិស្សជាប់ ឬធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) 

​លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំ២០១៧នេះ។ នេះបើតាមការបញ្ជាក់របស់ លោក ថង សាម៉ុន អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃនៃក្រសួងការ​ងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយ Fresh News លោក ថង សាម៉ុន បានថ្លែងយ៉ាងដូច្នេះថា​ «ឆ្នាំនេះ ក្រសួងការងារ នឹងគ្រោងផ្តល់អាហារូបករណ៍ប្រមាណ១ម៉ឺនកន្លែង ទៅលើការសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេស ដើម្បីផ្តល់ឲ្យសិស្ស និស្សិតដែលប្រឡងបញ្ចប់ថ្នាក់ទី១២ មិនថាធ្លាក់ឬជាប់នោះទេ»

លោកបន្តថា ដើម្បីអាចទទួលបានអាហារូបករណ៍នេះ សិស្សានុសិស្សអាចទាក់ទង បាននៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសទាំង៣៩ ដែលចំណុះឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតាមរយៈនាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ ឬតាមរយៈអង្គភាពព័ត៌មាន Fresh News ផងដែរ។

អ្នកជំនាញក្នុងវិស័យការងាររូបនេះ បានផ្តល់ជាដំបូន្មានដល់សិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ គួរតែរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការការងាររាប់ម៉ឺនកន្លែងក្នុង១ឆ្នាំៗ។

លោក ថង សាម៉ុន បានថ្លែងឲ្យដឹងថា ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបាន និងកំពុងសាង​សងហេដ្ឋារចនាសម្ព័ន្ធ, អគារ, ​ផ្សារទំនើប, ផ្ទះ, រោងចក្រជាច្រើន​ ដើម្បីធ្វើយ៉ាងណាឲ្យក្លាយទៅជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយនឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ នៅក្នុងឆ្នាំ២០៥០។

លោកបានថ្លែងឲ្យដឹងថា «កម្ពុជាខ្វះខាតអ្នកបច្ចេកទេសជាច្រើន ដើម្បីគាំទ្រការផលិត គាំទ្រវិស័យឧស្សាហកម្ម, ខ្ញុំគិតថាប្អូនៗដែលរៀនគួរណាស់តែរៀនខាង ជំនាញបច្ចេកទេសឲ្យបានច្រើន ជំនាញនេះរួមមាន វិស្វករសំណង, វិស្វករអគ្គិសនី, មេកានិក, ក្រឡឹង, ម៉ាស៊ីនត្រជាក់, រថយន្ដ, អេឡិចត្រូនិក និងផ្សេងៗជាច្រើនទៀត។ ជំនាញទាំងអស់នេះ​ហើយដែលចាត់ចូលក្នុងវិស័យឧស្សហកម្ម ក្នុងការផលិត ការសាងសង និងជាជំនាញដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន»

លោកបានបន្ដទៀតថា ថ្មីនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបង្កើតនូវគោនយោបាយជាតិ ស្ដីពីការអប់រំ​ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលក្នុងនោះ ក្រសួងបានដើរតួនាទីសំខាន់ ក្នុងការសម្របសម្រួលការអនុវត្តន៍គោល​នយោបាយ​។ ដូច្នេះគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ បានបង្ហាញ​និងរកយន្ដការទាក់ទាញសិស្សនិស្សិត ដៃគូវិនិយោគមិនថាឯកជន, អង្គការ ឬក៏ជាតិអន្ដជាតិឲ្យចូលរួមគាំទ្រ ការងារបណ្ដុះបណ្ដាលបច្ចេកទេស ដើម្បីធ្វើយ៉ាងគាំទ្របានទាំងបច្ចេកទេស ហិរញ្ញវត្ថុ និងធ្វើឲ្យវិស័យនេះរីកទៅមុខជាលំដាប់ និងមានការទាក់ទាញពីមហាជន និងសិស្សនិស្សិត៕