(ភ្នំពេញ)៖ លោក យ៉េង វីរៈ ដែលកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន រយៈពេល២ឆ្នាំមកនេះ បានជាប់ឆ្នោតបន្តតំណែងរបស់ខ្លួនមួយអាណត្តិទី២ថែមទៀត នៅក្នុងការបោះឆ្នោត ក្នុងសមាជបក្ស នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧នេះ

លោក យេង វីរៈ អតីតប្រធានអង្គការអប់រំច្បាប់សម្រាប់សហគមន៍ ជាស្ថានិកមួយរូបរបស់គណបក្សដែលកើតចេញពីអង្គការសង្គមស៊ីវិលមួយនេះ ត្រូវបានសមាជិកជាន់ខ្ពស់គណបក្សនេះ បោះឆ្នោតគាំទ្ររហូតដល់ ចំនួន១១៧សំឡេង ក្នុងចំណោមអ្នកបោះឆ្នោតសរុប១២៥សំឡេង។ នេះបើតាមការប្រកាសរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរៀបចំសមាជថ្នាក់ជាតិរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនសម្រាប់អាណត្តិទី២។ តំណែង៣សំខាន់ៗដើម្បី បោះឆ្នោតជ្រើសរើសប្រធាននោះរួមមាន ប្រធានគណបក្ស/គណៈកម្មាធិការប្រតិបត្តិ, ប្រធានគណៈកម្មាធិការនាយកទី១, ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ជាដើម។

ក្រៅពីលោក យ៉េង វីរៈ ដែលជាប់ជាប្រធានជាលើកទី២ និងជាប្រធានគណៈកម្មាធិការប្រតិបបត្តិរបស់គណបកក្សនោះ លោកបណ្ឌិត យ៉ង សាំងកុមារ ត្រូវបានជាប់ជាប្រធានគណៈកម្មាធិការនាយក។ ចំណែកតំណែងជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ត្រូវបានទៅលើលោកស្រីប្រុក វ៉ាន្នី ដែលទទួលសំឡេងគាំទ្រ១២០ ខណៈសំឡេងមិនគាំទ្រមាន៦សំឡេងផងដែរ។

សូមជម្រាបថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាបណ្តុំអង្គការសង្គមស៊ីវិល ត្រូវបានបង្កើតឡើង នៅពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ដែលមានប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិលមួយចំនួនជាអ្នកគាំទ្រ។ ក្នុងការបោះឆ្នោតឆ្នាំនោះ គ.ប.ម មានលោក យ៉េង វីរៈ ជាប្រធានគណបក្ស, លោក សាម ស៊ុនឌឿន ជាអនុប្រធាន, លោក សាម អ៉ីន អគ្គលេខាធិការ, និងលោក ប៉ោ សេដ្ឋា ជាហិរញ្ញិកនៃគណបក្ស៕