(កូឡាឡាំពួរ)៖ ក្រុមអត្តពលិកកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿងបន្ថែមទៀតហើយ ដែលរកបានដោយកីឡាការិនី កាសាន ទ្រេនីកូល លើវិញ្ញាសាប្រយុទ្ធនារី បន្ទាប់ពីប្រកួតចាញ់កីលឫការិនីថៃ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នារសៀលថ្ងៃទី២៧ ខែសីហានេះ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុី។

នេះគឺជាមេដាយទី ២ លើប្រភេទកីឡាតេក្វាន់ដូ តែវាជាមេដាយសំរឹទ្ធទី១០ ដែលក្រុមអត្តពលិកកម្ពុជាដណ្ដើមបានពីមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ២ឆ្នាំងម្ដង បើគិតត្រឹមរសៀលថ្ងៃអាទិត្យនេះ ។ សរុបមេដាយទាំងអស់ គឺកម្ពុជាដណ្ដើមបាន ១១វិញ្ញាសា រួមមានមេដាយមាស ១ និងមេដាយសំរិទ្ធ ១០លើប្រភេទកីឡាប៉េតង់(មាស១ និងសំរឹទ្ធ៣), សីឈីនឡូន(សំរឹទ្ធ២), កីឡាប្រដាល់សាកល(សំរឹទ្ធ១), វាយកូនបាល់(សំរឹទ្ធ១), កីឡាជិះសេះ(សំរឹទ្ធ១) និងកីឡាតេក្វាន់ដូ(សំរឹទ្ធ២) ដើម្បីឈរចំណាត់ថ្នាក់លេខ៩ ក្នុងតារាងមេដាយប្រកួតបណ្តោះអាសន្ន៕