(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ តម្លៃប្រើប្រាស់ទឹកសម្រាប់កម្មករ នៅតាមបន្ទប់ជួល នឹងធ្លាក់នៅសល់ត្រឹម៨០០រៀល ប៉ុណ្ណោះ ក្នុងមួយម៉ែត្រគូប ដែលតម្លៃនេះ នឹងធ្វើឱ្យកម្មករបានចំណេញ៤០០រៀលបន្ថែមទៀតពីតម្លៃចាស់១២០០រៀល។ (សូមស្តាប់ប្រសាសន៍សម្តេច)

ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយ តំណាងកម្មករប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កន្លងទៅយើងបានប្រឹង ក្នុងការតភ្ជាប់អគ្គិសនី ដែលមុននេះក្មួយៗត្រូវបានម្ចាស់ផ្ទះយកលើសការកំណត់។ រដ្ឋលក់ថ្លៃភ្លើងឱ្យការប្រើប្រាស់ត្រឹម៥០គីឡូវ៉ាត់ម៉ោងចុះក្រោម យកតម្លៃតែ៤៥០រៀលទេ ក៏ប៉ុន្តែម្ចាស់ផ្ទះបានយកពីក្មួយៗរហូតដល់១ពាន់ ឬ១៥០០រៀល ប៉ុន្តែឥឡូវយើងបានតភ្លើងទៅហើយ។ ចំណែកឯទឹកវិញ គឺយើងបានតភ្ជាប់ទាំងខេត្តកណ្តាលទាំងភ្នំពេញ ចំនួន៥១១៩ផ្ទះ ស្មើនឹង១២០៧៨៧បន្ទប់»

សម្តេចបានបន្តថា «ពីមុននោះ គឺគេយកប្រាក់ច្រើន ក្រោយមករដ្ឋាករទឹកភ្នំពេញ បានលក់ទៅឱ្យម្ចាស់ផ្ទះ ក្នុងមួយម៉ែត្រគូប ស្មើនឹង១០៣០រៀល ហើយអនុញ្ញាតឱ្យកម្មករ ១២០០រៀល ក្នុងមួយម៉ែត្រគូប។ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ តម្លៃទឹក ដែលរដ្ឋាករទឹកលក់ឱ្យ ម្ចាស់ផ្ទះ ៧០០រៀល ក្នុងមួយម៉ែត្រគូប ម្ចាស់ផ្ទះលក់ទៅឱ្យកម្មករវិញ គឺ៨០០រៀល ក្នុងមួយម៉ែត្រគូប ក្មួយចំណេញ៤០០រៀល ក្នុងមួយម៉ែត្រគូប។ នេះគឺជាគោលដៅដែលចង់ឱ្យក្មួយៗរក្សាបាននូវអត្ថប្រយោជន៍»

ជាមួយគ្នានឹងការគិតគូរដល់ជីវិភាពកម្មករនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំឱ្យដំឡើងថ្លៃក្នុងរយៈពេល១ឆ្នាំ សម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នឹងត្រូវបានឡើងយ៉ាងតិចបំផុតឱ្យដល់ ១៦០ដុល្លារក្នុងមួយខែផងដែរ៕