(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ បានអំនាវនាវជាថ្មីម្តងទៀត ឱ្យម្ចាស់ផ្ទះទាំងអស់កុំដំឡើងថ្លៃផ្ទះក្នុងរយៈពេល១ឆ្នាំ នៅពេលឃើញប្រាក់ឈ្នួលកម្មករកើនឡើង ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពកម្មករខ្មែរ។ សម្តេចបានរំពឹងថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទាំងនេះ។ (សូមស្តាប់ប្រសាសន៍សម្តេច)

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បា​នធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ អំឡុងពេលជួបសំណេះសំណាលជាមួយកម្មករជាង៤ពាន់នាក់។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត ចុះសម្របសម្រួល ជាមួយម្ចាស់ផ្ទះ ឫម្ចាស់បន្ទប់ជួល ដើម្បីធ្វើយ៉ាងណាកុំឲ្យចេះតែដំឡើងថ្លៃ ស្របពេលដែលប្រាក់ឈ្នួលអប្បបរមារបស់ កម្មករ និយោជិត នឹងបន្តកើនឡើង នៅដើមឆ្នាំក្រោយនេះផងដែរ។

ជាការកត់សំគាល់ ជារៀងរាល់ឆ្នាំ រាល់ពេលដែលប្រាក់ឈ្នួលកម្មករ និយោជិត ត្រូវបានដំឡើង មានសេចក្តីរាយការណ៍ពីកម្មករមកថា ម្ចាស់ផ្ទះជួល របស់ពួកគេ ក៏បានដំឡើងថ្លៃ​ឈ្នួលផ្ទះរាល់ពេលផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា កាលពីឆ្នាំ២០១៥ កន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការជួលផ្ទះ(ច្បាប់ស្តីពី ភតិសន្យាពិសេស) ដើម្បីការពារ ផលប្រយោជន៍សម្រាប់អ្នកជួល និងម្ចាស់ផ្ទះ។ ច្បាប់ថ្មីនេះបានកំណត់ថា ម្ចាស់ផ្ទះជួលផ្ទះទៅឱ្យកម្មករ និងសិស្សនិស្សិត មានសិទ្ធិដំឡើងថ្លៃផ្ទះ​ ក្នុងរយៈពេល២ឆ្នាំម្តងប៉ុណ្ណោះ មិនអាចដំឡើង បានគ្រប់ពេលនោះទេ៕