(ភ្នំពេញ)៖ ជាមួយនឹងការប្តេជ្ញាចិត្ត​ លើកកម្ពស់ការរស់នៅ របស់ប្រជាជននៅក្នុងសហគមន៍ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អេស ស៊ី ជី ជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងតំបន់អាស៊ាន បានរៀបចំសកម្មភាពអភិវឌ្ឍយុវជន សម្រាប់ក្រុមកុមារ និងយុវជនជាច្រើននាក់នៅខេត្តស្វាយរៀង ។

ក្នុងកម្មវិធីនេះ ក្រុមហ៊ុន អេស ស៊ី ជី បានសហការជាមួយក្លឹបភ្នំពេញក្រោន ដើម្បីរៀបចំវគ្គហ្វឹកហាត់បាល់ទាត់ដល់កុមារនិងយុវជនប្រមាណ ១៣០នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង ហើយក្រុមហ៊ុន ក៏មានការប្រគល់អំណោយ ដែលរួមមាន អាវយឺតកីឡាជាច្រើនរយអាវ បាល់ទាត់ សម្ភារៈហ្វឹកហ្វឺនបាល់ទាត់ និងបំពង់ទីបសម្រាប់ដំឡើងជាបង្គោលទី ដល់ក្រុមកីឡាករកុមារ ។ហេតុដែលនាំឲ្យឈាន ទៅដល់ការរៀបចំសកម្មភាពហ្វឹកហ្វឺននេះ គឺស្របតាមសំណើរសុំរបស់ព្រះតេជព្រះគុណ ថោង ចិន្តា ដែលជាស្ថាបនិកផ្តួចផ្តើមក្រុមបាល់ទាត់កុមារនេះ ក្នុងឱកាសដែលព្រះអង្គបាន នាំក្រុមកុមារ មកចូលរួម ក្នុងសកម្មភាពវគ្គហ្វឹកហ្វឺនបាល់ទាត់ ជាមួយកីឡាករបាល់ទាត់ថៃ ពេលព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ SCG Muangthong United ASEAN Tour 2017 កាលពីខែកក្កដាកន្លងទៅ ។

ព្រះតេជព្រះគុណ ថោង ចិន្តា បានមានថេរដីកាថា «អត្មាអរគុណណាស់ ដែលបានខាងក្រុមហ៊ុនចុះមកជួយឧបត្ថម្ភ ហើយបានហ្វឹកហាត់ដល់ក្រុមកីឡារបស់អត្មាបន្ថែម ព្រោះអីក្រុមកីឡារបស់អត្មាមិនដែលបានគ្រូពីភ្នំពេញក្រោន ដែលគាត់ចុះមកហ្វឹកហាត់ផ្ទាល់ទេ មានតែគ្រូក្នុងស្រុកភូមិធម្មតា ។ អត្មារៀបចំនេះឲ្យកុមារលេងបាល់ទាត់នេះ ក៏ដើម្បីមានសុខភាពល្អផង ហើយចៀសឆ្ងាយចេញពីគ្រឿងញៀនផង»

លោក គិត គឹមអ៊ន ប្រធានផ្នែកលក់ក្រុមហ៊ុន អេស ស៊ី ជី ប្រចាំនៅកម្ពុជា បានថ្លែងថា «ក្រុមហ៊ុន អេស ស៊ី ជី មានគោលនយោបាយមួយ គឺការធ្វើអាជីវកម្ម ត្រូវចេះរក្សាការងារសង្គម ជួយការងារសង្គម ជួយការងារបរិស្ថាន ព្រោះយើងធ្វើអាជីវកម្ម យើងមិនគិតតែពីរឿងចំណេញតែមួយមុខទេ ។ យើងត្រូវមកជួយសង្គម ហើយជាពិសេសគឺយើងចង់ជួយកុមារកម្ពុជា ឲ្យគាត់មានអនាគតល្អដែរ ។ ក្រុមហ៊ុន អេស ស៊ី ជី ក៏ចង់ផ្តាំផ្ញើរដល់កុមារទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយខិតខំលេងកីឡា ដើម្បីជៀសផុតពីគ្រឿងញៀន និងគ្រឿងអបាយមុខទាំងឡាយ»

ក្រុមហ៊ុន អេស ស៊ី ជី សង្ឃឹមថាក្រុមកីឡាករកុមារ នឹងប្រើប្រាស់សម្ភារៈឧបត្ថម្ភទាំងនេះ ដើម្បីបង្កើតសកម្មភាព មានប្រយោជន៍ គឺការលេងកីឡា នៅពេលដែលទំនេរមិនទៅសាលារៀន ។ ការលេងកីឡាអាចជួយកុមារអភិវឌ្ឍរាងកាយ និងប្រាជ្ញា ចេះបង្កើតមិត្តភាព និងជៀសឆ្ងាយពីទម្លាប់អាក្រក់ផ្សេងៗ ។

ប្អូនប្រុស សីហា អាយុ១២ឆ្នាំ បានឲ្យដឹងថា «ថ្ងៃនេះខ្ញុំសប្បាយចិត្ត បានបងៗមកបង្រៀនបង្ហាត់បាល់ សប្បាយចិត្តខ្លាំង ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន អេស ស៊ី ជី ដែលបានមកបង្ហាត់បាល់ដល់យើងខ្ញុំ»

នៅកម្ពុជា អេស ស៊ី ជី បាននាំយកផលិតផលមានគុណភាពជាច្រើនមុខ ដែលអាចបំពេញស្ទើរគ្រប់តម្រូវការនៃការសាងសង់អាគារ និងគេហដ្ឋាន ។ មិនតែប៉ុណ្ណោះ អេស ស៊ី ជី តែងផ្តួចផ្តើមនូវកម្មវិធីនិងសកម្មភាពអភិវឌ្ឍសង្គមជាច្រើន និងផ្តោតលើការបង្កើនគុណភាពជីវិតនិងសុខុមាលភាពសម្រាប់អតិថិជន និងប្រជាជននៅក្នុងសហគមន៍ដែលក្រុមហ៊ុនមានប្រតិបត្តិការ ៕