(ភ្នំពេញ)៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ សហការជាមួយក្រុមការងារគ្រប់គ្រងមូលនិធិជប៉ុន សម្រាប់សមាហរណកម្មអាស៊ាន នៃលេខាធិការអាស៊ាន បានរៀបចំសិក្ខាសាលាស្តីពីមូលនិធិជប៉ុន សម្រាប់សមាហរណកម្មអាស៊ានលើកទី៤ រយៈពេល២ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ។

ពិធីបើកសិក្ខាសាលាស្តីពីមូលនិធិជប៉ុន សម្រាប់សមាហរណកម្មអាស៊ានលើកទី៤នាព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីលោក កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមន្រ្តីអាស៊ានរបស់កម្ពុជា លោក Kazuo Sunaga ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

លោក កាន់ ផារិទ្ធ បានថ្លែងបញ្ជាក់ថា សិក្ខាសាលាស្តីពីមូលនិធិជប៉ុន សម្រាប់សមាហរណកម្មអាស៊ាន បានធ្វើដោយជោគជ័យចំនួន ៣លើករួចមកហើយនៅនៅប្រទេសម៉ីយ៉ាន់ម៉ា នៅខែសីហា ឆ្នាំ២០១៥ នៅប្រទេសឡាវ នៅខែមករា ឆ្នាំ២០១៦ និង នៅប្រទេសវៀតណាម នៅខែមិថុនា ឆ្នាំ២១០៦។

លោក កាន់ ផារិទ្ធ បានថ្លែងថា សិក្ខាសាលានេះ គឺជាឱកាសអនុញ្ញាតឲ្យប្រទេសសមាជិកអាស៊ាន និងជប៉ុន បានជួបគ្នាពិនិត្យមើលពីលទ្ធផលគម្រោងផ្សេងៗទៀត ដែលប្រទេសជប៉ុនផ្តល់មកប្រទេសអាស៊ាន ជាពិសេសបណ្តាប្រទេសតំបន់ទន្លេមេគង្គ មានដូចជា កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។

លោក កាន់ ផារិទ្ធ បានបង្ហាញក្តីរំពឹងថា សិក្ខាសាលានេះ នឹងធ្វើឲ្យមានបំលាស់ប្តូរនៃមេរៀនល្អៗជាច្រើនទៀត ពីអ្នកជំនាញរបស់ជប៉ុន លើគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេស​ សមាជិកអាស៊ានឲ្យកាន់តែល្អប្រសើរ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សិក្ខាសាលានេះបញ្ជាក់ការប្តេជ្ញាចិត្តរបស់អាស៊ាន និងជប៉ុន ដើម្បីនាំមកនូវភាពជិតស្និទ្ធរវាងមូលនិធិជប៉ុន និងភ្នាក់ងារពាក់ព័ន្ធនានា។ សិក្ខាសាលាមានគោលបំណងបង្កើតភាពជាដៃគូ និងលើកកម្ពស់ប្រសិទ្ធភាព របស់មូលនិធិជប៉ុន សម្រាប់សមាហរណកម្មអាស៊ាន តាមរយៈគំរោងនានា ដែលបានទទួលការគាំទ្រពីមូលនិធិ។

ក្នុងរយៈពេលសិក្ខាសាលាពីរថ្ងៃនេះ អ្នកចូលរួមនឹងមានឱកាសយល់ដឹងអំពីមូលនិធិជប៉ុន សម្រាប់សមាហរណកម្មអាស៊ាន យន្តការគោលបំណង អាទិភាពនានារបស់មូលនិធិ និងគំរោងដែលគាំទ្រដោយមូលនិធិ សម្រាប់សមាហរណកម្មអាស៊ាននៅកម្ពុជា។ បន្ថែមលើនេះ អ្នកស្នើគំរោងរបស់កម្ពុជា និងចែករំលែកសមិទ្ធគំរោង និងការអនុវត្តដ៏មានប្រសិទ្ធភាព ដែលនឹងជួយការជម្រុញសហការលើគំរោងបន្ថែមទៀត ក្នុងគោលបំណងជួយដល់សមាហរណកម្មអាស៊ាន កិច្ចប្រឹងប្រែងកសាងសហគមន៍ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន កម្ពុជា។

សូមជម្រាបថា មូលនិធិជប៉ុនសម្រាប់សមាហរណកម្មអាស៊ាន បានបង្កើតឡើងជាផ្លូវការនៅខែមីនា ឆ្នាំ២០០៦។ ចាប់តាំងពីការបង្កើតមូលនិធិនេះមក ទម្រង់នានានៃការគាំទ្រហិរញ្ញវត្ថុ បានទទួលនូវការសន្យាផ្តល់ជាថវិកា សរុបក្នុងពេលបច្ចុប្បន្នជាង ៦៥០លានដុល្លារ។ គិតត្រឹមខែឧសភា ឆ្នាំ២០១៧ គំរោងជាង៥០០ត្រូវបានអនុវត្ត។ ប្រទេសសមាជិកអាស៊ាន បន្តទទួលស្គាល់នូវការបង់វិភាគទាន របស់មូលនិធិជប៉ុន សម្រាប់សមាហរណកម្មអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន ជប៉ុន ដោយអនុវត្តគំរោងផផ្សេងៗដូចជា វិស័យគ្រប់គ្រងគ្រោះមហន្តរាយ ការប្រឆាំងភេរវកម្ម សមាហរណកម្ម សេដ្ឋកិច្ច និងការផ្លាស់ប្តូរយុវជនជាដើម៕