(ពោធិ៍សាត់)៖ លោកវរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះសហការជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបទល្មើសធនធានធម្មជាតិ (រថយន្តដឹកឈើ) ១គ្រឿងប្រគល់ឲ្យមន្រ្តី បរិស្ថាន (ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស)បន្តនីតិវិធី។

ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្រ្តីអាវុធហត្ថចុះប្រតិបត្តិការខាងលើ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះថា ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងបានធ្វើការបង្រ្កាប រថយន្តចង្កូតឆ្វេងចំនួន១គ្រឿងម៉ាក HINO ក្បាលពណ៌ស ទ្រង់ពណ៌ត្រាវឆ្នូតបៃតង លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B -2407 ដឹកឈើចំនួន២៣ដុំ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។

ឈើលើរថយន្តមានចំនួន២៣ដុំ ស្មើនឹងចំនួន១៨,៩០០ម៉ែត្រត្រីគុណ ហើយឈើនេះជាប្រភេទឈើ(រាជកុល)។ ជាលទ្ធផលក្នុងការបង្ក្រាប ទាំងវត្ថុតាងទាំងរថយន្តទាំងឈើ យើងបានប្រគល់ឲ្យមន្រ្តីបរិស្ថាន (ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស) ដើម្បីយកទៅរក្សាទុក នឹងបន្តនីតិវិធី៕