(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា សម្តេចតេជោ គ្រោងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បង្កើតរោងចក្រតាមព្រំដែន ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរធ្វើការ។ ប្រសាសន៍របស់នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង ខណៈសម្តេចតេជោ បានជួប សំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (សូមស្តាប់ប្រសាសន៍សម្តេច)

សម្តេចតេជោ ហ៊ុន សែន អះអាងថា គម្រោងពិភាក្សាបង្កើតរោងចក្រតាមព្រំដែននេះ គឺដើម្បីសម្រូលដល់ការងារ កម្មករ កម្មការិនី មានការងារធ្វើច្រើន ដោយមិនចាំបាច់ចូលទៅធ្វើការនៅប្រទេសថៃ។

មានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីសំណេះសំណាលនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ដែលនៅប៉ុន្មនាថ្ងៃខាងមុខនេះ នៅក្នុងខែកញ្ញាខាងមុខ នឹងមកធ្វើជាសហប្រធាននៃកិច្ចប្រជុំប្រទេសទាំង២ ខិតខំបង្កើតទំនាក់ទំនង នៅតាមព្រំដែនដើម្បីឲ្យកម្មករ កម្មការិនីរបស់យើង មានការងារនៅត្រឹមនេះ កុំឲ្យទៅហួសប្រទេសថៃ ឬក៏អ្នកទាំងនោះ គេមានរោងចក្រ នៅប្រទេសថៃ គេមករោងចក្រ នៅតាមព្រំដែនរបស់យើង ហើយគេអាចធ្វើការ នៅតាមរោងចក្រព្រំដែនរបស់យើង ការងារនៅក្រៅប្រទេសក៏ជាផ្នែកមួយនៃការងារ»

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅដល់កម្មករ កម្មការិនី នៅក្រៅប្រទេសប្រមាណ១លាននាក់ថា ប្រសិនបើគ្មានការសម្របសម្រួល ពីរាជរដ្ឋាភិបាលទេ ពួកគេមិនអាចធ្វើការងារនៅក្រៅប្រទេសបាននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានប្រឹងប្រែងសម្រួលឲ្យពួកគេ បានធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់៕