(ត្បូងឃ្មុំ)៖ លោក បៀល ឡងហឺស៍ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ ឆ្នាំ២០១៧នេះ ចក្រភពអង់គ្លេស បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាជាង១០០នាក់មកហើយ ដោយឡែកឆ្នាំនេះ នឹងផ្តល់អាហារូបករណ៍២១នាក់បន្ថែមទៀត ក្នុងនោះភាគច្រើនជាសិស្ស និស្សិតនៅភ្នំពេញ។ លោកឯកអគ្គរាជទូត ចង់ឲ្យសិស្សនិស្សិតតាមបណ្តាខេត្ត មានឱកាសបានទៅសិក្សានៅទីនោះដែរ ទើប៣ឆ្នាំចុងក្រោយនេះ លោកព្យាយាមផ្សព្វផ្សាយ តាមបណ្តាខេត្ត បូករួមទាំងខេត្តត្បូងឃ្មុំនាថ្ងៃនេះ។

លោក បៀល ឡងហឺស៍ ថ្លែងបែបនេះ ក្នុងឱកាសលោក អញ្ជើញជួបសំណេះសំណាលជាមួយលោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ មកកាន់ខេត្តកូនពៅរបស់កម្ពុជានៅថ្ងៃទី​២៣ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលាខេត្តត្បូងឃ្មុំ។

លោក បៀល ឡងហឺស៍ (Bil Longhurst) បានបន្តថា លោកមកទស្សនកិច្ចជាផូវការថ្ងៃនេះ ជាលើកទី១ ហើយលោកមកក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីខេត្ត កូនពៅមួយនេះ ពិសេសផ្សព្វផ្សាយលើការផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិត ក្នុងខេត្តត្បូងឃ្មុំ ដែលមានបំណង ចង់បន្តការសិក្សានៅចក្រភពអង់គ្លេស។

លោក បៀល ឡងហឺស៍ បានឲ្យដឹងទៀតថា ចំពោះវិស័យពាណិជ្ជកម្មអង់គ្លេសជាមួយកម្ពុជា មានទឹកប្រាក់ជាង១ពាន់លានដុល្លារ ក្នុងនោះភាគច្រើនកម្ពុជា បាននាំចេញទំនិញទៅអង់គ្លេស។ តែទោះជាយ៉ាងនេះក្តី នៅឆ្នាំបន្ទាប់ៗសង្ឃឹមថា កម្ពុជានឹងបង្កើនការនាំទំនិញចេញពីកម្ពុជា ឲ្យមានសន្ទុះខ្លាំងឡើងទៀត ទៅប្រទេសអង់គ្លេស។

ទាក់ទិននឹងវិស័យពាណិជ្ជកម្មនេះ លោកឯកឯគ្គរាជទូតចក្រភពអង់គ្លេស ក៏បានលើកឡើងពីសំណើរ របស់លោកអភិបាលរងខេត្ត ក៏ដូចជាទទួលយល់ព្រមយកទៅពិចារណា ដែលស្នើរឲ្យមានអ្នកវិនិយោគអង់គ្លេស មកធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យសក្តានុពលក្នុងខេត្ត ជាពិសេសដំណាំម្រេច និងកៅស៊ូនោះដោយលើកនឹងធ្វើការគាំពារ វិស័យពាណិជ្ជកម្មរវាងអង់គ្លេស និងកម្ពុជាឲ្យល្អជាដៃគូពាណិជ្ជកម្ម ដ៏ល្អបន្ថែមលើសពីនេះមួយកម្រិតបន្ថែមទៀត។

លោក ប៉ែន កុសល្យ បានបង្ហាញពីភូមិសាស្ត្រ តំបន់រដ្ឋបាលប្រមូលផ្តុំ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត និងវិស័យដែលមានសក្តានុពលក្នុងខេត្ត ពិសេសវិស័យ កសិ-ឧស្សាហកម្ម ដំណាំម្រេច និងកៅស៊ូ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានស្នើរសុំលោកឯកអគ្គរាជទូតចក្រភពអង់គ្លេស សុំឲ្យអ្នកិវិនិយោគនៅអង់គ្លេស មកបណ្តាក់ទុនលើវិស័យនេះ ដើម្បីឲ្យខេត្តត្បូងឃ្មុំ កាន់តែមានសក្តានុពល ដើម្បីឲ្យខេត្តមានការអភិវឌ្ឍន៍ខ្លាំងបន្ថែមទៀត។

ជាមួយគ្នានោះ លោកឯកឯគ្គរាជទូតចក្រភពអង់គ្លេស ក៏បានទទួលយល់ព្រមយកសំណើរនេះ ទៅពិចារណាផងដែរ៕