(ភ្នំពេញ)៖ លោកទេសរដ្ឋ ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាសហប្រធានគណៈកម្មការ អន្តរជាតិរដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស នឹងដឹកនាំគណៈប្រតិភូទៅ បំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅសហព័ន្ធរុស្ស៊ី។ ទស្សនកិច្ចនេះ នឹងធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសនៅថ្ងៃនេះ។

ក្រសួងការបរទេសបានប្រកាសថា ក្នុងអំឡុងស្នាក់នៅទីក្រុងម៉ូស្គូ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ស៊ៃរហ្គៃ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី ដែលពិភាក្សាអំពីទំនាក់ទំនងទ្វេរភាគី រួមទាំងបញ្ហាតំបន់ និងសកលលោក ដែលជាការព្រួយបារម្ភរួម។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរ ក៏នឹងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍គ្នាផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ លោក ប្រាក់ សុខុន និងលោក នីកូឡៃ នីគីហ្វូរ៉ូវ (Nikolay Nikiforov) រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ និងព័ត៌មាន នៃសហព័ន្ធរុស្ស៊ី នឹងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពិកិច្ចការអនុវត្តការព្រមព្រៀង ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំលើកទី៩ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ព្រមទាំងរិះរកលទ្ធភាពផ្សេងទៀត ដែលអាចពង្រឹង កិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្ស៊ីលើគ្រប់វិស័យ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងកិច្ចប្រជុំលើកទៅ១០ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នេះមានឯកសារមួយចំនួនគ្រោងនឹងចុះហត្ថលេខាផងដែរ៕