(កោះកុង)៖ មន្ដ្រីអាវុធហត្ថម្នាក់ដែលឈរជើងប្រចាំការ នៅផ្លូវបំបែកស្រែអំបិល ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ឈ្មោះ ដួង ខ្លឹង ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ដី នៅតំបន់នោះ ធ្វើការចោទប្រកាន់ថា បានរំលោភដីរបស់គាត់ជាច្រើនលើក ដោយប្រើគ្រឿងចក្រឈូសឆាយបំផ្លាញព្រំដី រួចវាទយកដីតែម្ដង ដោយគ្មានខ្វល់ពីច្បាប់ទម្លាប់ នោះឡើយ។

ប្រជាពលរដ្ឋម្ចាស់ដីម្នាក់នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ​ បានទូរស័ព្ទមកកាន់ការិយាល័យនិពន្ធ អង្គភាព Fresh News ដោយស្នើសុំទៅថ្នាក់ដឹកនាំខេត្ត និងមន្ដ្រីពាក់ព័ន្ធជាពិសេស នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ជួយពិនិត្យមើលសកម្មភាពពីមន្ដ្រីអាវុធហត្ថម្នាក់នេះ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់។

មន្ដ្រីអាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជាក់ថា លោក ដួង ខ្លឹង គឺជាមន្ដ្រីអាវុធហត្ថ នៅស្រុកស្រែអំបិល ខេត្តកោះកុង ពិតប្រាកដមែន ប៉ុន្ដែលោកមិនដឹងអំពីសកម្ម​ភាពនៃការរំលោភដី របស់ប្រជាពលរដ្ឋ ដូចដែរបានចោទប្រកាន់នោះឡើយ។

ចំពោះការលើកឡើងខាងលើនេះ លោក ដួង ខ្លឹង បានឆ្លើយបដិសេធទាំងស្រុង គឺលោកមិនបានរំលោភយកដីគេនោះទេ។ លោកបានអះអាងថា តាមពិតលោកត្រូវបានម្ចាស់ដី ជួលឲ្យទៅមើលការខុសត្រូវមែន ដោយខ្លាចគេរំលោភយក ហើយការកាយដីនោះ គឺគ្រាន់តែកាយប្រឡាយចាស់ តែប៉ុណ្ណោះ ដើម្បីពង្រីកផ្លូវទឹកហូរ។

ប្រជាពលរដ្ឋដែលអះអាងថា គឺជាជនរងគ្រោះ នៃការរំលោភបំពានដីធ្លីខាងលើ បានឲ្យដឹងថា លោក ដួង ខ្លឹង បានរំលោភដីរបស់គាត់ចំនួន៣លើកមកហើយ ជាងមួយឆ្នាំមកនេះ ដែលការរំលោភចុងក្រោយ កើតឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ អស់ជាងមួយហិចតា តាមរយៈការយកគ្រឿងចក្រមកឈូសបំផ្លាញព្រំជាមុនបន្ទាប់មកទើប ឈូសយកដីតែម្ដង។

ប្រជាពលរដ្ឋរូបនេះបាននិយាយថា នៅពេលដែលចុះទៅហាមឃាត់ មន្ដ្រីអាវុធហត្ថដដែលនេះបានបោះពាក្យសម្ដីថា «ទោះចង់ប្ដឹងទៅដល់ណាក៏ប្ដឹងទៅ»

បើតាមការបញ្ជាក់បន្ថែមពីប្រជាពលរដ្ឋដដែលនេះ លោក ដួង ខ្លឹង ក៏បានរំលោភបំពានដីប្រជាពលរដ្ឋផ្សេងទៀត នៅតំបន់នោះផងដែរ ដោយរូបភាពមុនដំបូងឈូសបំផ្លាញព្រំដី រួចវាតយកដីតែម្ដង។

ជារើយៗនាយឧត្តមសេនីយ៍ សៅ សុខា តែងតែចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះកងកម្លាំងអាវុធហត្ថទាំងឡាយណា ដែលប្រព្រឹត្តខុសពីវិន័យកងកម្លាំង ជាពិសេសនោះគឺការរំលោភបំពានទៅលើប្រជាពលរដ្ឋស្លូតត្រង់៕