(ភ្នំពេញ)៖ អ្វីដែលប្រជាជនកម្ពុជាសង្ស័យជាយូរមកហើយថាជនបរទេស និងអង្គការអន្តរជាតិមួយចំនួនដែលកំពុងធ្វើ សកម្មភាពនៅកម្ពុជាមានគម្រោង បំផ្ទុះបដិវត្តន៍ពណ៌ក្នុងប្រទេសកម្ពុជា បានលេចចេញសញ្ញាបណ្តើរៗមកហើយនៅ ពេលមានការបែកធ្លាយឯកសារបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ (NDI) នៅកម្ពុជារៀបចំសម្រាប់ គណបក្សសង្គ្រោះជាតិ កាលពីខែមីនា ឆ្នាំ ២០១៧ កន្លងទៅបង្ហាញយ៉ាងច្បាស់ពីគម្រោងទុច្ចរិត ដែលអង្គការមួយនេះបានរៀបចំយុទ្ធសាស្ត្រ និងល្បិចកលសម្រាប់ជួយគណបក្សប្រឆាំង ដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។ NDI បានណែនាំគណបក្ស សង្គ្រោះជាតិ ឱ្យប្រើពាក្យស្លោកជាផ្លូវការ និងជំរុញឱ្យឃោសនាតៗគ្នាថា ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ គណបក្សសង្គ្រោះជាតិនឹងឈ្នះ។

យោងតាមឯកសារបែកធ្លាយនេះ គណបក្សសង្គ្រោះជាតិ នឹងផ្សព្វផ្សាយសារនេះ ចាប់ពីពេលឥឡូវតទៅជាពិសេសបង្កើនការផ្សព្វផ្សាយ ពាក្យចចាមអារាមឱ្យខ្ទរខ្ទាឡើង ៥ថ្ងៃមុនការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

តាមផែនការ NDI បានប្រាប់នូវល្បិចកលនេះ ទៅបក្សសង្គ្រោះជាតិឱ្យរកប្រព័ន្ធផ្សព្វផ្សាយដែលតែងតែវាយប្រហារលើរដ្ឋាភិបាល ឧទាហរណ៏ Cambodia Daily - Phnom Penh Post និងវិទ្យុដែលទទួលលុយជំនួយពីប្រទេសមហាអំណាចដូចជាវិទ្យុអាស៊ី សេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ចុះផ្សាយសារនយោបាយនេះនៅទំព័រមុខ និងឱ្យសហការជាមួយវិទ្យុទាំងនោះ ធ្វើការផ្សព្វផ្សាយឱ្យបានខ្លាំងក្លា នៅមុនថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល បោះឆ្នោត។

NDI មានជំនឿជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយសារថាបក្សសង្គ្រោះជាតិឈ្នះឆ្នោត គេនឹងនាំគ្នានិយាយតៗគ្នាពីម្នាក់ទៅម្នាក់ ក្នុងអ្វីមួយដែល NDI ចាត់ទុកថា ជាយុទ្ធសាស្រ្តមួយ ដ៏មានឥទ្ធិពល បូកបញ្ចូលជាមួយការប្រើប្រាស់ឧបករណ៏ចំរុះ ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមថ្មី ដោយអះអាងប្រាប់ថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិថា «រៀបចំយុទ្ធសាស្ត្រស៊ីជម្រៅប៉ុណ្ណឹងហើយ បើ CNRP នៅតែចាញ់ឆ្នោត គឺមកពីបក្សកាន់អំណាចជាអ្នកបោកប្រាស់»។ លើសពីនេះទៅទៀត នៅក្នុងឯកសារនោះ NDI ក៏បានរៀបចំផែនការយុទ្ធសាស្ត្រជាជំហ៊ានៗ និងរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់ ឱ្យ CNRP និងបញ្ជាឱ្យបក្សនេះត្រូវតែ អនុវត្តន៍តាមដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជាតិ។

ឯកសារសម្ងាត់ដែលបានបែកធ្លាយពិតជាបង្ហាញយ៉ាងច្បាស់ថា NDI បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងច្បាស់ក្រឡែត ជាពិសេសបានចូលជ្រៅ និងសហការយ៉ាងពេញលេញទាំងគំនិត និងយុទ្ធសាស្រ្តដើម្បីជួយបក្សប្រឆាំងក្នុងការបោះឆ្នោតជាច្រើនអាណត្តិមកហើយ ដែលក្នុងនោះមិនមែនមានតែអង្គការ NDI មួយប៉ុណ្ណោះទេ គឺមានអង្គការមួយចំនួនទៀតបាននៅពីក្រោយខ្នងបក្សប្រឆាំង ដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដូចអ្វីដែលពួកគេធ្លាប់បាន ធ្វើនៅប្រទេសមួយចំនួនបានជោគជ័យរួចមកហើយដូចជាលីប៊ី ស៊ីរី អេហ្ស៊ីប ជាដើម។ បដិវត្តន៍ពណ៌ត្រូវបានគេដឹងថា ជារូបភាពថ្មីនៃការផ្លាស់ប្ដូររបបដែល យុទ្ធសាស្រ្តនេះបង្កើតឡើងដោយសហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៣ ដើម្បីផ្ដួលរំលំ រដ្ឋាភិបាលណាមួយ ដែលគេយល់ឃើញថា ពុំសមស្រប និងពុំគាំទ្រ នយោបាយ ឬមិនចំណុះឥទ្ធិពលអាមេរិកក្រោមរូបភាព «លើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។

យន្ត ការដែលគេប្រើប្រាស់គឺឆ្លងកាត់តាមរយៈការបង្កើតជាប្រព័ន្ធកូនកាត់ ជាមួយអង្គការសង្គមស៊ីវិល នៅក្រោមរូបភាព «មូលនិធិ»ដែលផ្តល់ការគាំទ្រលើការ អនុវត្តគម្រោងនានា ឬផ្តល់ថវិកាគាំទ្រដល់អង្គការសមាគម ក្នុងស្រុកតែម្តងដែលប្រតិបត្តិករទាំងនោះត្រូវបានគេស្គាល់ថាជា វិទ្យាស្ថាន Albert Einstein Institute (AEI) National Endowment for Democracy (NED) វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) Freedom House និង International Center for Non-Violent Conflict (ICNC) ជាដើម។

តាមប្រភពព័ត៌មាន សហរដ្ឋអាមេរិកក៏បានគៀងគរ និងផ្តល់ប្រាក់ជំនួយព្រមទាំងរៀបចំយុទ្ធសាស្រ្តជួយ ឬសហប្រតិបត្តិការផ្តល់ឲ្យគណបក្សនយោបាយ និងក្រុមអង្គការជាច្រើនដែលជួយលើកតម្កើងរបៀបវារៈនយោបាយ និងផលប្រយោជន៍សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលណាដែលគេយល់ឃើញថា មិនរណប ជាមួយសហរដ្ឋអាមេរិក។ នៅពីក្រោយខ្នងនៃមូលនិធិ និងវិទ្យាស្ថានដែលជាភ្នាក់ងាររបស់សហរដ្ឋអាមេរិក នៅក្នុងការងារអន្តរជាតិដូចជាទីភ្នាក់ងារជំនួយ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ USAID។ បច្ចុប្បន្ននេះ USAID ជាស្ថាប័នគោលការណ៍ដ៏មានសារៈសំខាន់មួយ ដែលគេកត់សម្គាល់ថា ជាស្ថាប័នលើកតម្កើងសេដ្ឋកិច្ច និងជាយុទ្ធសាស្រ្តនៃកិច្ចការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក ពាសពេញពិភពលោក ដែលជាចំណែកនៃប្រតិបត្តិការប្រយុទ្ធប្រឆាំង និងការពារ។

កិច្ចការទាំងអស់នេះជាការងារស្នូល និងទិសដៅការងាររបស់ USAID ដែលទទួលបានប្រាក់រាប់លានដុល្លារក្នុងកិច្ចជួយឧបត្ថម្ភដល់គណបក្សនយោបាយ អង្គការ សមាគម និស្សិត យុវជននិងរាល់ចលនាដែលមានទិសដៅលើកតម្កើងរបៀបវារៈនយោបាយ របស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោកនោះមិនថា ឡើយជាព្រឹត្តិការណ៍បដិវត្តន៍ពណ៌ ឬក៏ការផ្លាស់ប្ដូររបបដែលកើតមានឡើងឆ្លើយតប និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកមានវត្តមានរបស់ USAID និងលំហូរប្រាក់ដុល្លាពីសហរដ្ឋអាមេរិក ។

តំណាងអង្គការ NDI ប្រចាំប្រទេសកម្ពុជាបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថាអង្គការលោក បានទទួលថវិកាពីភីភ្នាក់សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ (USAID) ដែលមានទីស្នាក់ការនៅក្នុងស្ថានទូរសហរដ្ឋអាមេរិកនៅកម្ពុជា។ អង្គការនេះបានប្រតិបត្តិការរយៈពេលជាង ២៥ ឆ្នាំនៅកម្ពុជាដោយមិនបានចុះបញ្ជីត្រឹមត្រូវឡើយ។

តាមរយៈសកម្មភាព និងឯកសារលេចធ្លាយនេះ បង្ហាញឱ្យឃើញថា NDI កំពុងតែអនុវត្តនូវផែនការបំផ្ទុះបដិវត្តន៍ពណ៌នៅប្រទេសកម្ពុជា ព្រោះអង្គការនេះបាន ញុះញង់ឱ្យបក្សប្រឆាំងធ្វើសកម្មភាពបះបោរ អសន្តិសុខ បង្កចលាចលសង្គម ធ្វើឱ្យបាត់បង់លំនឹង ឬស្ថេរភាពនយោបាយដែលផែនការនេះ គេតែងតែរៀបចំអនុវត្តនៅក្នុងរយៈពេលយុទ្ធនាការបោះឆ្នោតសកល និងនីតិវិធីនៃការបោះឆ្នោត ដែលនេះគឺជាការលើកឡើងដើម្បីបង្កើតនូវភាពតាន
តឹងជាមួយយុទ្ធសាស្ត្របំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្ត ដែលធ្វើឱ្យសាធារណៈមតិយល់និងជឿជាក់ពីអនុភាពនៃការក្លែងបន្លំ ឬលួចបោកប្រាស់ រំលោភលើនីតិវិធី ការបំបាត់សិទ្ធិសេរីភាព ការរំលោភច្បាប់ ដែលជះឥទ្ធិពលដល់ការមិនទទួលស្គាល់ការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត នាំឱ្យពួកគេងាយស្រួលច្រាល លទ្ធផលចោល ឬមិនអាចយកជាការបាន គឺនៅពេលករណីដែលគណបក្សប្រឆាំងទទួលបរាជ័យ។

ជាក់ស្តែង យុទ្ធសាស្ត្រទាំងនេះត្រូវបានបក្ស សង្គ្រោះជាតិបានប្រើប្រាស់តាំងពីមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ មកម្ល៉េះដែលនៅពេលឃោស នាបោះឆ្នោត និងក្រោយការបោះឆ្នោត បក្សប្រឆាំងនៅតែទន្ទេញពីការឈ្នះការបោះឆ្នោតជានិច្ច ទោះជាលទ្ធផល បង្ហាញថាចាញ់បោសគូថក៏ដោយ។

តាមការសិក្សាស្រាវជ្រាវ នៅក្នុងបដិវត្តន៍ពណ៌នៅប្រទេសមួយចំនួននាពេលកន្លងមក ទីភ្នាក់ងារ និងអង្គការអន្តរជាតិមួយចំនួនដូចជាUSAID, NED, IRI, NDI, Freedom House, AEI and ICNC បានដើរតួនាទីយ៉ាងសកម្ម មានយុទ្ធសាស្រ្ត និងផែនការគ្រប់ជ្រុងជ្រោយ មានទិសដៅឆ្ពោះទៅរកកងកម្លាំងសន្តិសុខ មន្រ្តីសាធារណៈ និងសាធារណជនទូទៅ ដែលភ្ជាប់ជាមួយនូវស្មារតី និងខ្លឹមសារនៃសង្រ្គាម-ចិត្តសាស្រ្តជាមួយការធ្វើឲ្យមានចំណាប់
អារម្មណ៍ខ្ពស់ ចំពោះប្រជាជាតិរបស់គេ រកកលធ្លាក់ទៅក្នុងការបះបោរ កុប្បកម្ម មហាជននេះ។ នៅក្នុងករណីនេះ គេតែងតែឃើញវត្តមាននៃភ្នាក់ងារអន្តរជាតិ ទាំងនោះ តាមរយៈការផ្ដល់ថវិកា ហ្វឹកហ្វឺន និងប្រឹក្សាយោបល់ បំប៉នសមត្ថភាពយុវជនក្នុងការងារដឹកនាំចលនា និងបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរ ប្រកបដោយ«អហិង្សា»។ យុទ្ធសាស្រ្តទាំងអស់នោះ គឺស្វែងរកមធ្យោបាយដែលធ្វើឱ្យពិការភាព និងបាត់បង់សណ្ដាប់ធ្នាប់នៃសសរស្ដម្ភទល់ទ្រអំណាចរដ្ឋ បង្កើតភាពអសកម្មដល់កម្លាំងការពារសន្តិសុខ ជាមួយនឹងការបង្កើតសតិ អារម្មណ៍សាធារណជន ដែលគេពិតប្រាកដ ស្ថិតនៅក្នុងបរិយាកាសវឹកវរ ច្របូកច្របល់ និងអស្ថេរភាព។

ការផ្តួលរំលំរបបដឹកនាំនៃរដ្ឋដទៃ គឺធ្វើឡើងតាមរយៈការបង្កើតចលនានយោបាយប្រឆាំង នឹងរបបដឹកនាំនោះពីខាងក្នុង ដោយប្រើដៃប្រជាជន និងអ្នកនយោបាយនៅក្នុងរដ្ឋនោះ ដើម្បីចៀសវាងការប្រើកម្លាំងយោធា ដែលនឹងទទួលរងការចោទប្រកាន់ថា ជាអំពើឈ្លានពានរដ្ឋអធិបតេយ្យបរទេស។ ដើម្បីអនុវត្តនយោបាយនេះ អាមេរិកត្រូវចាប់ផ្តើមជាមួយការបញ្ចូលភ្នាក់ងាររបស់ខ្លួន គឺអង្គការសង្គមស៊ីវិល ដែលផ្តល់លុយដោយអាមេរិក ដើម្បីធ្វើសកម្មភាពដោយលាក់មុខប្រឆាំងរបបដឹកនាំនៃរដ្ឋនោះ ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិសេសតាមរយៈសកម្មភាពញុះញង់ បន្តិចម្តងៗឱ្យប្រជាជននៃរដ្ឋនោះចេះ និងក្លាហាន ដើម្បីងើបឡើងតស៊ូប្រឆាំងដោយផ្ទាល់នឹងរបបដឹកនាំនោះ ដែលគេនាំគ្នាហៅថា «បដិវត្តពណ៌»។

អ្នកណាដែលមិនរណបនឹងមហាអំណាចលើលោកនេះ អាមេរិកត្រូវតែរកមធ្យោបាយបំផ្លាញ បើមិនដាក់ទណ្ឌកម្មក៏កម្ទេចដែរ! បើអាមេរិកស្រឡាញ់ប្រទេសកម្ពុជា និងជាបិតាប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស មិនមែនអាមេរិកដែលបងធំពិភពលោក មកទម្លាក់គ្រាប់បែក និងគ្រាប់បែកគីមីសម្លាប់ពលរដ្ឋស្លូតត្រង់កម្ពុជាស្លាប់ជាង ៥០ ម៉ឺននាក់នោះទេ គួរណាស់អាមេរិក ដែលជាប្រទេសពោរពេញដោយការគោរពសិទ្ធិមនុស្ស ត្រូវក្លាហានចេញមុខ ទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្តរបស់ខ្លួន ដែលបានបំផ្លិចបំផ្លាញកម្ពុជាស្ទើរខ្ទេចខ្ទីពេញផ្ទៃប្រទេស។

ឥឡូវនេះ ផែនការជាប្រព័ន្ធនៃការធ្វើបដិវត្តន៍ពណ៌ត្រូវបានបែកធ្លាយ ហើយកន្ទុយអ្នកដែលផ្តួចផ្តើម គាំទ្រ ព្រមទាំងអ្នកអនុវត្តផែនការក៏បានលេចចេញមកដែរ។ តើហេតុអ្វីបានជាជនទាំងនេះ នៅតែចិញ្ចឹមចិត្តបន្តព្យាបាទប្រទេសដែលខ្លួនដក់ការសង្ស័យថា មិនស្ថិតនៅចំណុះខ្លួន?
តើការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថា អាមេរិកនឹងឈប់អនុវត្តនយោបាយប្តូររបបចំពោះប្រទេសណដែលខ្លួនមិនពេញចិត្តទៀតហើយនោះមានន័យ ដែរឬ ទេ? ប៉ុន្តែកម្ពុជាគឺជារដ្ឋអធិបតេយ្យមួយ ស្មើសិទ្ធិ និងស្មើភាពគ្នាជាមួយប្រទេសដទៃទោះប្រទេសនោះធំក្តី តូចក្តី។ ដូច្នេះវាជាការដល់ពេលវេលាហើយ ដែលអាជ្ញាធររាជរដ្ឋាភិបាលត្រូវចាត់វិធានការតាមច្បាប់ទៅលើអង្គការ សមាគម ឬក្រុមណាមួយដែលធ្វើការ ងារមិនមានច្បាប់អនុញ្ញាត ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យកើតមានបដិវត្តន៍ពណ៌ដែរ ហើយក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារសន្តិភាព និងការអភិវឌ្ឍឱ្យបាន៕

ដោយ៖ ចៅចាក់ស្មុក