(ភ្នំពេញ)៖ កម្លាំងចម្រុះរបស់ខណ្ឌសែនសុខដឹកនាំដោយលោក ប៉ិល កុសល សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកម៉ូតូ និងរថយន្តរបស់ហាងបញ្ចាំមួយកន្លែង ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

អភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានប្រាប់ភ្នាក់ងារ Fresh News ថា ជាលទ្ធផលសម្រេចបានក្នុងការងារជាតួរលេខឃើញថា ម៉ូតូអត់មានឯកសារចំនួន៥៤គ្រឿង ក្នុងចំណោមម៉ូតូចម្រុះ៧៤គ្រឿង រថយន្តអត់មានឯកសារចំនួន២គ្រឿង ក្នុងចំណោមរថយន្តចំនួន១០គ្រឿង។

បើតាមសមត្ថកិច្ច ប្រតិបត្តិការចុះត្រួតពិនិត្យនៅក្នុងឃ្លាំងស្តុករបស់ហាងបញ្ចាំខាងលើនេះ ក៏បានធ្វើឡើងកាលពីល្ងាចមិញផងដែរ ហើយបន្តនៅព្រឹកថ្ងៃនេះក្រោមការ សម្របសម្រួល ពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តទៀតថា ទាំងម៉ូតូ និងរថយន្តអត់មានឯកសារគ្រប់គ្រាន់នោះ ត្រូវបានសមត្ថកិច្ចដកហូត យកទៅរក្សាទុកជាបណ្តោះអាសន្ន៕