(កណ្ដាល)៖ ​នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី១៦ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាប់ផ្តើមបន្តទៀតហើយ នៅផ្សារព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល​។

លោក ពេជ្រ ស្រស់ អះអាងប្រាប់អង្គភាព Fresh News នៅព្រឹកនេះយ៉ាងដូច្នេះថា «បើគណបក្សសង្រ្គោះជាតិមានកំណើត ​ម្ល៉េះចេតិយលោកបណ្ឌិត កែម ឡី នឹងសាងសង់រួចរាល់ហើយ។ ក្នុងន័យនេះយើងអាចសម្គាល់បានថា បក្សសង្រ្គោះជាតិនេះ គឺពូកែនិយាយ និងពូកែយកមុខមាត់ ប៉ុន្តែមិនពូកែធ្វើ»

លោកបានបន្ថែមយ៉ាងដូច្នេះថា «បើយើងមើលទៅក្រោយបន្តិចវិញ គឺបក្សសង្រ្គោះជាតិនេះឯង ជាបក្សកា​ងសពលោកបណ្ឌិត កែម ឡី ហើយបានវាតទីយក ប្រជាប្រិយភាព ចូលបក្សខ្លួនតែម្តង ប៉ុន្តែ​ដល់ពេលសពលោកបណ្ឌិត កែម ឡី ត្រូវការចេតិយមួយ គឺមិនឃើញក្រុមបក្សសង្រ្គោះជាតិណាមួយ ចេញមុខអះអាង ជួយនោះឡើយ ប៉ុន្តែបើសិនជាបក្សសង្រ្គោះជាតិ របស់គេត្រូវការអ្វីមួយនោះ គឺថាមេដឹកនាំបក្សមួយនេះ ចេញមុខប្រកូកប្រកាសរៃអង្គាសភ្លាម»

លោក ពេជ្រ ស្រស់ បានលើក​ជាឧទាហរណ៍ដូច​ជា ការបង្កើតទូរទស្សន៍សង្រ្គោះជាតិ ក្រុមមេដឹកនាំបក្សនេះចេញមុខរៃលុយ ពីប្រជាពលរដ្ឋបានលុយរាប់សែនដុល្លារ ហើយមកដល់ពេលនេះ ទូរទស្សន៍សង្រ្គោះជាតិមិនដឹងនៅទីណាទេ មួយទៀតក្រោយពេលច្បាប់គណបក្សនយោបាយថ្មី ចូលជាធរមានភ្លាម ក្រុមមេដឹកនាំបក្ស សង្រ្គោះជាតិ ចេញមុខប្រកាសរៃលុយភ្លាមដែរ គឺរៃលុយដើម្បីធ្វើស្លាកបក្សថ្មី ពីព្រោះស្លាកចាស់មានជាប់រូបទណ្ឌិត ដូច្នេះយើងអាចសន្និ​ដ្ឋានបានថា បក្សសង្រ្គោះជាតិ គិតតែពីប្រយោជន៍ក្រុមបក្សខ្លួន និងប្រយោជន៍ផ្ទាល់ខ្លួនឯងនោះទេ ដល់ប្រយោជន៍អ្នកដទៃ និងប្រយោជន៍រួម គឺក្រុមបក្សនេះស្ងាត់ឈឹង។

ប្រធានគណបក្សវ័យក្មេងរូបនេះ បញ្ជាក់ថា «ដោយមើលឃើញចេតនា របស់ក្រុមបក្សសង្រ្គោះជាតិយ៉ាងដូច្នេះហើយ ទើបខ្ញុំ ពេជ្រ ស្រស់ ផ្តួចផ្តើមគំនិត្យបង្កើត នូវយុទ្ធនាការ៣០ថ្ងៃ រៃអង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយលោកបណ្ឌិត កែម ឡី នេះឡើង»

យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕