(ភ្នំពេញ)៖ កម្មវិធីគាស់កកាយផលិតផល និងតំបន់ទេសចរណ៍អាថ៌កំបាំង ដែលមានឈ្មោះថា «មែកសឺដែស និង កំណប់អាថ៌កំបាំង» បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនហើយនៅព្រឹកព្រលឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ។ ក្នុងបេសកកម្មជាលើកដំបូងនេះ ក្រុមការងារនៃកម្មវិធី «មែកសឺដែស និង កំណប់អាថ៌កំបាំង» នឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីរំលេចនូវតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងជាច្រើននៅក្នុងខេត្តមួយនេះ។

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរភាគច្រើនប្រហែលគិតថា ខេត្តពោធិ៍សាត់មិនសូវមានអ្វីអស្ចារ្យនោះទេ ព្រោះខេត្តនេះមិនទាន់មានផ្សារទំនើប មិនទាន់មានអគារខ្ពស់ៗ ហើយក៏មិនមានប្រាង្គប្រាសាទ និងឆ្នេរសម្រាប់ទាក់ទាញបេះដូងអ្នកទេសចរដូចខេត្តសៀមរាប និងព្រះសីហនុនោះឡើយ។ ប៉ុន្តែសម្រាប់អ្នកចង់ទស្សនា និងលំហែកាយជាមួយសម្រស់ធម្មជាតិព្រៃប្រឹក្សាវិញ ខេត្តពោធិ៍សាត់ ដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា ជាកន្លែងមានសម្រស់ធម្មជាតិដ៏ស្រស់ស្អាតបំផុតដែលកំពុងបង្កប់ខ្លួនក្នុងដងព្រៃ និងជ្រលង ភ្នំដ៏គួរឲ្យទាក់ទាញបំផុត។

ព្រោះតែហេតុនេះហើយ ទើបកម្មវិធី «មែកសឺដែស និងកំណប់អាថ៌កំបាំង» ដែលបង្កើតឡើងដោយក្រុមហ៊ុនរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ Mercedes-Benz អង្គភាពព័ត៌មានដ៏ល្បីនៅកម្ពុជា Fresh News និង Thmey Thmey បានឯកភាពបើកឆាកចេញដំណើរដំបូងឆ្ពោះទៅខេត្តជាប់បឹងទន្លេសាប និងនៅចំកណ្ដាលជួរភ្នំក្រវាញមួយនេះ ដើម្បីស្វែងរកតំបន់ទេសចរណ៍នានា ជាមួយការពណ៌នាពីទេសភាពធម្មជាតិដែលមាននៅទីនោះ បង្ហាញជូនទស្សនិកជនបានទស្សនា និងមានចំណាប់អារម្មណ៍ចង់ទៅទស្សនាបន្តផងដែរ។

ក្នុងដំណើរស្វែងរកតំណប់ទេសចរណ៍ក្នុងខេត្តពោធិ៍សាត់នេះ ក៏មានការផ្សាយផ្ទាល់ (Live) ដើម្បីបង្ហាញទស្សនិកជនអាចទស្សនានូវទេសភាពធម្មជាតិ និងទិដ្ឋភាពសង្គមតាមដងផ្លូវឆ្ពោះទៅខេត្តពោធិ៍សាត់ ហើយក៏មានបទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តមួយនេះផងដែរ។

លោក លឹម ជាវុត្ថា អគ្គនាយកព័ត៌មាន Fresh News និងលោក គី សុខលីម អគ្គនាយកព័ត៌មាន Thmey Thmey បានថ្លែងឲ្យដឹងថា តាមរយៈកម្មវិធីនេះ ក្រុមអ្នកព័ត៌មានរបស់លោកនឹងចុះរុករកផលិតផលរបស់ខ្មែរ និងតំបន់ទេសចរណ៍នៅគ្រប់ខេត្តទាំងអស់ យកមកផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ។ មួយទៀតសោត តាមរយៈកម្មវិធីនេះ នឹងជួយឲ្យប្រជាពលរដ្ឋកាន់តែច្រើន បានស្គាល់ពីផលិតផលរបស់ខ្មែរនៅតាមខេត្តនៃប្រទេសកម្ពុជា ក៏ដូចជាតំបន់ទេសចរណ៍ស្រស់ស្អាតជាច្រើន ដែលពួកគាត់មិនទាន់បានដឹង ឬមិនទាន់បានទៅដល់។

លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Star Auto Cambodia ឬ Mercedes-Benz Cambodia បានលើកឡើងថា ការបង្កើតកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាគាស់កកាយឡើងវិញ នូវតំបន់ទេសចរណ៍ និងលក្ខណៈពិសេសៗនៅតាមបណ្តាខេត្តនានា ដែលប្រជាពលរដ្ឋកម្ពុជាមិនទាន់ដឹង។ កម្មវិធីនេះ ក៏ជាការធ្វើយុទ្ធនាការ «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» ដែលនឹងជួយឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាទេសចរណ៍ ហើយក៏ជួយឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សា និងលើកកម្ពស់បរិស្ថាន សោភ័ណភាពនៅតាមតំបន់ទេសចរណ៍នោះផងដែរ។

ដូច្នេះការគាស់កកាយតំបន់ទេសចរណ៍ទាំងនេះ នឹងជួយពង្រីកសក្តានុពលទេសចរណ៍តាមបណ្តាខេត្ត លើកកម្ពស់គោលនយោបាយ «ខេត្តមួយ ផលិតផលមួយ» ហើយក៏ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមវិស័យទេសចរណ៍នៅក្នុងភូមិឋានរបស់គាត់ ចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ចាន់ថា។

ដើម្បីដឹងថា តើខេត្តពោធិ៍សាត់មានសម្រស់ធម្មជាតិ និងដងព្រៃភ្នំស្រស់ស្អាតកម្រិតណាសម្រាប់បង្អួតដល់ក្រសែភ្នែកអ្នកទេសចរណ៍ សូមតាមដាន និងទស្សនាជាមួយកម្មវិធី «មែកសឺដែស និងកំណប់អាថ៌កំបាំង» ទាំងអស់គ្នា៕