(សៀមរាប)៖ ដោយគិតពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមការងារចម្រុះរុះរើសំណង់ខុសច្បាប់នៅតំបន់អង្គរ បានសម្រេចរុះរើសំណង់ចំនួន១២០ករណី ក្នុងភូមិសាស្ត្រក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ។

ក្នុងចំណោម១២០ករណីនេះ មាន៧៦ករណីត្រូវបានរុះរើជាស្ថាពរដោយក្រុមការងារចម្រុះ និង៤៤ករណីត្រូវបានប្រជាពលរដ្ឋចុះកិច្ចសន្យារុះរើដោយខ្លួនឯង។ការអនុញ្ញាតឲ្យធ្វើការរុះរើដោយខ្លួនឯងនេះ គឺដោយមូលហេតុប្រជាពលរដ្ឋបានស្នើសុំទៅក្រុមការងារចម្រុះធ្វើយ៉ាងណាកុំឲ្យខាតបង់កាន់តែខ្លាំង ជាពិសេសរបស់របរដែលអាចប្រើប្រាស់បានជាថ្មីឡើងវិញ។

ជាមួយគ្នានេះ កញ្ចុះចំនួន១០ និងផ្ទះថ្មមួយខ្នងបានសង់ឡើង ក្នុងពេលឃោសនាបោះឆ្នោត តាមបណ្តោយផ្លូវ ពីព្រលានយន្តហោះអន្តរជាតិសៀមរាប ទៅប្រាសាទអង្គរវត្ត ស្ថិតនៅភូមិវាល ​សង្កាត់គោកចក ក្រុងសៀមរាប ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ អឿម ស្រីពេជ្រ មានប្តីជាមន្ត្រីយោធា ត្រូវបានក្រុមគណៈកម្មការចម្រុះ ចុះរុះរើដោយផ្ទាល់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីម្ចាស់សំណង់សន្យាថា រុះរើតែបែរជាពន្យារ ពេលជាច្រើនលើកច្រើនសារ។

តាមការបញ្ជាក់ពីក្រុមគណៈកម្មការចម្រុះ បានឱ្យដឹងថា សំណង់ទាំងនេះ គឺស្ថិតក្នុងបញ្ជីរុះរើទាំងអស់ ព្រោះសង់នៅកន្លែងហាមឃាត់ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ មូលហេតុដែលឈានដល់ការចុះរុះរើ ធ្វើឡើងខណៈក្រុមការងារបានជូនដំណឹងរួចហើយ ដល់ម្ចាស់សំណង់ ហើយម្ចាស់សំណង់ផ្ទាល់ក៏យល់ព្រមរុះរើក្នុងរយៈពេល៣ថ្ងៃ ព្រោះខ្លាចខូចខាតទ្រព្យសម្បត្តិច្រើន តែលទ្ធផលនៃការរុះរើមានតិចតួចបំផុត ទើបក្រុមគណៈកម្មការចម្រុះអនុវត្តការងារនេះ ដោយផ្ទាល់ចៀសវាងការលើកហេតុផលបែបនេះបែបនោះ បន្តទៀតពីសំណាក់ម្ចាស់សំណង់។

គួររលឹកផងដែរថា កញ្ចុះទាំងនេះមិនមែនជាភាពចាំបាច់ ដូចលំនៅដ្ឋានប្រចាំថ្ងៃឡើយ វាគ្រាន់តែជាការពង្រីកមុខរបរផ្ទាល់ខ្លួនបន្ថែមប៉ុណ្ណោះ ដែលក្រុមការងារមិនអនុញ្ញាតជាដាច់ខាត។ ជាក់ស្តែងម្ចាស់សំណង់ខាងលើ គឺមានភោជនីយដ្ឋានមួយរួចមកហើយ នៅទល់មុខប្រាសាទអង្គរវត្ត មានឈ្មោះថា «ខ្មែរអង្គរ» ហើយផ្ទះស្នាក់អាស្រ័យក៏គាត់មានដែរ ដែលស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

ការចុះអនុវត្តយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់១ និងតំបន់២នេះ ប្រព្រឹត្តិទៅក្រោមការសម្រេចរបស់ថ្នាក់ដឹកនាំដើម្បីរក្សា ការពាររមណីយដ្ឋានអង្គរ ឲ្យរក្សាបាននូវសោភ័ណភាពធម្មជាតិ និងស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើនផ្សេងទៀត ដែលមានក្នុងតំបន់អតីត មហាអាណាចក្រខ្មែរពីបុរាណ។

សូមបញ្ជាក់ថា មានសំណង់ខុសច្បាប់ជាង៥០០កន្លែង ត្រូវបានលួចសង់អំឡុងពេលមុនបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ៕