(កណ្ដាល)៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលថ្មី នៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំប្រធានមន្ទីរថ្មី ត្រូវពង្រឹងប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈរៀបចំពិធីបុណ្យទន្លេ នាខែមីនា ឆ្នាំ២០១៨ ខាងមុខ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលថ្មី ដែលត្រូវប្រកាសតែងតាំងនេះ គឺលោក ជួប សោភ័ណ្ឌ ហើយពិធីប្រកាសនេះ ក៏មានការចូលរួមពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងនគរបាលទេសចរណ៍ អភិបាលក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ និស្សិត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ប្រមាណជាង ៣០០នាក់ ។

ដើម្បីបន្តនិរន្តរភាពការងារ បង្កើនប្រសិទ្ធភាពការងារ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកណ្តាល លោក ថោង ខុន បានណែនាំដល់លោកប្រធានមន្ទីរថ្មីលើកាងារសំខាន់ៗ រួមមាន៖

១៖ ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងមន្ទីរឲ្យបានល្អ។

២៖ ត្រូវធ្វើការបែងចែក និងប្រគល់ភារកិច្ចជូនមន្រ្តីឲ្យបានច្បាស់លាស់។

៣៖ ត្រូវមានរបៀបរបបប្រជុំ របៀបរបបដឹកនាំ និងត្រួតពិនិត្យការងារច្បាស់លាស់។

៤៖ ត្រូវពិនិត្យ និងកែសម្រួលរចនាសម្ព័នរបស់មន្ទីរ ឲ្យបានសមស្របតាមរចនាសម្ព័ន្ធថ្មីរបស់ក្រសួង។

៥៖ ត្រូវពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តី ពង្រឹងវិន័យ និងការចាត់តាំងមន្ត្រីរាជការឲ្យបានច្បាស់លាស់។

៦៖ ត្រូវពង្រឹងការអនុវត្តថវិកាកម្មវិធី និងការគ្រប់គ្រងចំណូល-ចំណាយរបស់មន្ទីរឲ្យបានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាពការងារ និងសម្រេចលទ្ធផលតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់មន្ទីរ។

៧៖ ត្រូវមានកិច្ចសហការល្អជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាព សមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្ត និងផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍។

៨៖ ត្រូវរៀបចំបង្កើតឲ្យមានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ខេត្តកណ្តាល ហើយសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះ ត្រូវដាក់ឆ្លងលោកអភិបាលខេត្ត និងក្រសួងទេសចរណ៍ ដើម្បីពិនិត្យ អនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការ។

៩៖ ត្រូវពង្រឹងការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសគឺត្រូវជំរុញឲ្យមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់ រកស៊ីត្រឹមត្រូវតាមច្បាប់ និងមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មត្រឹមត្រូវ ព្រមទាំងជំរុញអនុវត្តការផ្តល់អាជ្ញាប័ណ្ណទេសចរណ៍តាមប្រព័ន្ធ Online និងជំរុញអនុវត្តស្តង់ដារសេវាកម្មទេសចរណ៍នានា ដែលក្រសួងបានដាក់ចេញ។

១០៖ ត្រូវពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍផលិតផលទេសចរណ៍ ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានទេសចរណ៍នានានៅខេត្តកណ្តាលមានការប្រែប្រួល និងមានភាពទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ ពិសេសគឺត្រូវចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ ដែលនឹងប្រកាសជ័យលាភីនៅចុងឆ្នាំ២០១៧នេះ។ ត្រូវខិតខំរៀបចំបង្កើតជាកញ្ចប់ខ្សែទស្សនកិច្ចមួយរបស់ខេត្តកណ្តាល ដោយតភ្ជាប់គោលដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍មួយ។

១១៖ ត្រូវពង្រឹងការងារទីក្រុងស្អាត ព្រោះក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានដាក់ជាបេក្ខភាពសម្រាប់ចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ហើយសង្ឃឹមថា ក្រុងតាខ្មៅអាចទទួលបានផ្ការំដួល ៣ទង។

១២៖ ត្រូវត្រៀមលក្ខណៈ និងសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងសាលាខេត្តកណ្តាល ដើម្បីរៀបចំពិធីបុណ្យទន្លេ នាដើមខែមីនា ឆ្នាំ២០១៨ ខាងមុខ ឲ្យបានល្អ។

១៣៖ ត្រូវរៀបចំបង្កើតឲ្យមានជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាឲ្យបានច្រើនសម្រាប់ខេត្ត។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្ដរជាតិជាង ៥លាននាក់ កើនឡើង ៥% និងទេសចរក្នុងស្រុកជាង ១០លាននាក់ កើនឡើង ១០% ដោយនាំមកនូវចំណូលប្រមាណ ៣,៤០០លានដុល្លារ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលទេសចរអន្តរជាតិចំនួនជិត ២.៦៦លាននាក់ កើនឡើង ១២.៨% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។ ​នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ដោយនាំមកនូវចំណូលជាតិប្រមាណ ៥,០០០លានដុល្លារអាមេរិក ហើយបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់៕