(ភ្នំពេញ)៖ កម្មការិនីរោងចក្រកាត់ដេរ យីហោ «LUCIDA លូស៊ីដា» ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវ​ជាតិលេខ៣ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំនួន៤៨នាក់ ក្នុងចំណោម៤០០នាក់ ត្រូវបានតំណាង​រោងចក្រមួយនោះ ដឹកតាមរថយន្តបញ្ជូនទៅកាន់គ្លីនិក «មូលមិត្ត» ដើម្បីសង្គ្រោះបន្ទាន់ ក្រោយពេលដែលពួកគេ កំពុងធ្វើការសុខៗស្រាប់តែដួលសន្លប់ ជាបន្តបន្ទាប់ និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅ​រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

កម្មករបាននិយាយថា គេមិនបានដឹងថា មានមូលហេតុអ្វីទើបមានអ្នកដួលសន្លប់បែបនេះទេ ព្រោះជាច្រើនឆ្នាំកន្លងមកហើយ មិនដែលមានបញ្ហាបែបនេះ កើតឡើងម្ដងណាឡើង។ ដោយឡែក នៅមុនពេល​នៅថ្ងៃកើតហេតុ ក្រោយពេលហូបបាយថ្ងៃត្រង់រួច ពួកគេបានចូលទៅធ្វើការជាធម្មតា ហើយនៅក្នុងពេល​​កំពុងធ្វើការសុខៗ ស្រាប់តែមានកម្មការិនីម្នាក់​ដួលសន្លប់ ដោយមិនដឹងមូលហេតុ ដែលជាហេតុធ្វើឲ្យអ្នកផ្សេងមានការភ្ញាក់ផ្អើល និងតក់ស្លុត រួចក៏បានដួលសន្លប់តាមគ្នា ជាបន្តបន្ទាប់តែម្ដង។

ប្រភពដដែល ​បន្តទៀតថា នៅក្នុងខណៈនោះក៏មាន កម្មការិនីដួលសន្លប់បន្ដបន្ទាប់ទៀត សរុប​ចំនួន៤៨នាក់ ហើយពួកគេត្រូវបានតំណាងរោងចក្រកាត់ដេរ ដឹកតាមរថយន្តទៅកាន់គ្លីនិកយីហោ មូលមិត្ត ដែលមានទីតាំងស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ដើម្បីសង្គ្រោះបន្ទាន់។

ចំណែកកម្មករកម្មការិនី ដែលមិនបានដួលសន្លប់នោះ ត្រូវបានថៅកែរោងចក្រអនុញ្ញាតឲ្យឈប់សម្រាក និងបានវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយរោងចក្រនេះ មិនបានដំណើរការតទៅទៀតនោះទេនៅក្នុងថ្ងៃនោះ គឺបានបិទទ្វារជាបណ្ដោះអាសន្នផងដែរ ព្រោះប្រសិនបើនៅតែដំណើរការប្រាកដជាមានអ្នកដួលសន្លប់បន្តទៀត មិនខានឡើយ។

​ក្រោយពេលកើតហេតុកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅកាន់ទីនោះផងដែរ ប៉ុន្តែនៅមិនទាន់ដឹងពីមូលហេតុនោះឡើយ ដោយគ្រាន់តែសង្ស័យថា ពួកគេមានកម្លាំងខ្សោយ បូករួមជាមួយអារម្មណ៍ភ័យតក់ស្លុត ក៏បានដួលសន្លប់តៗគ្នាតែម្ដង ហើយពួកគេមានអាការៈតឹងទ្រូង វិលមុខទើបដួលសន្លាប់បែបនេះ៕