(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ បានទទួលនិស្សិត ប្រមាណ៤០នាក់ មកពីប្រទេសឡាវ វៀតណាម និង កម្ពុជា ក្នុងក្របខណ្ឌវិស្សមកាលរដូវក្តៅ នៃនិស្សិត ដែលចេះនិយាយភាសាបារាំង ប្រចាំឆ្នាំ ២០១៧ ដែលជាគំរោងគាំទ្រដោយទីភ្នាក់ងារឧត្តមសិក្សា ដែលប្រើប្រាស់ភាសាបារាំង(AUF)។

ឆ្នាំនេះ ការជួបជុំរវាងនិស្សិត ធ្វើឡើងជុំវិញប្រធានបទ «វប្បធម៌ និងការអភិរក្ស»។ កម្មវិធីនេះប្រព្រឹត្ត ទៅក្នុង រយៈពេល៦ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងកំពង់ស្ពឺ។

សកម្មភាពជាច្រើន បានគ្រោងទុកជាមុន សំរាប់កម្មវិធីនេះ ក្នុងនោះមានដូចជាទស្សនកិច្ចបរិវេណ និងផ្នែកផ្សេងៗ នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សន្និសីទ សិក្ខាសាលា ការងារជាក្រុម និងការទស្សនា ព្រះបរមរាជវាំង សកម្មភាពនៅក្នុងការដ្ឋាន និងរោងជាងជួសជុល វត្ថុសិល្បៈបុរាណជាដើម។ សកម្មភាពទាំងឡាយ ស្ថិតនៅជុំវិញប្រធានបទវប្បធម៌ និងការអភិរក្សវប្បធម៌។

សិក្ខាសាលាស្តី អំពីប្រវត្ថិ និងការថែរក្សាអភិរក្សតំបន់ប្រាសាទព្រៃគុក ដែលទើបតែចុះបញ្ជីបេតិកភណ្ឌ​ពិភពលោក នៃអង្គការយូណេស្កូ ក៏ត្រូវបានរៀបចំ។ ក្រៅពីបញ្ចប់សិក្ខាសាលានេះ ក៏មានដំណើរ ទស្សនកិច្ចសិក្សាផងដែរ។

គំរោងនេះបានផ្តល់ដល់និស្សិត មិនត្រឹមតែបង្ហាញអោយឃើញនូវភាពសំបូរបែបនៃបេតិកភណ្ឌ វប្បធម៌ នៃកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការផ្លាស់ប្តូរចំណេះ ដឹងចំណេះធ្វើ និងជាពិសេសបង្កើតទំនាក់ទំនង រវាងនិស្សិតនិងនិស្សិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលវិស្សមកាលរដូវក្តៅ រៀបចំឡើង នៅប្រទេសកម្ពុជា បន្ទាប់ពីបាន រៀបចំលើកទី១ ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាឆ្នាំ២០១៦កន្លងទៅ៕