(ភ្នំពេញ)៖ ផលិតកម្ម «សិល្បៈភាពយន្តខ្មែរ» បានរៀបចំកម្មវិធីក្រុងពាលីរឿងថ្មី​ លើកដំបូងរបស់ខ្លួន មានចំណងជើងថា «បន្តោងឆ្នាំងដី» នៅព្រឹកនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ នេះ ដែលជាភាពយន្តខ្នាតធំ ត្រូវបានគេដឹងថា ប្រមូលផ្ដុំទៅដោយតារាសម្ដែង​មានអាជីពផ្សេងៗគ្នា មានដូចជា​​ កីឡាបាល់ទាត់ កីឡាប្រដាល់ អ្នកសារព័ត៌មាន តារាកំប្លែង តារាម៉ូដែល និងតារាផ្សេងៗ​ជាច្រើនរូបទៀត ដែលធ្វើឲ្យសាច់រឿងមានលក្ខណៈ​ខុសប្លែកពីគេ។ ផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» មានអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បៈ ចាងហា្វងផលិត និង​លោក ហេង ឡុង ជាស្វាមី ជាអ្នកគ្រប់គ្រងទូទៅ ​ហើយរឿង «បន្តោងឆ្នាំងដី» ជាស្នាដៃទី១របស់ខ្លួន។

អ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម «សិល្បៈភាពយន្តខ្មែរ» លោក ហេង ឡុង ​បានថ្លែងឲ្យដឹងថា ការបង្កើតផលិតកម្មនេះ​ឡើង មានគោលបំណងចូលរួម លើកស្ទួយវិស័យសិល្បៈ ឲ្យមានការរីកចម្រើនទៅមុខ​ ដែលសព្វថ្ងៃគេសង្កេតឃើញថា​ តារាមួយចំនួនកំពុងតែ​បាត់មុខបន្តិចម្ដងៗ ដោយសារតែពួកគាត់ គ្មានឱកាស ដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួន នៅក្នុងវិស័យសិល្បៈមួយនេះ ជាពិសេសចង់អ្នកសិល្បៈគ្រប់រូបមានការងារធ្វើ និងបានស្ដារមុខមាត់សិល្បៈខ្មែរជាថ្មីវិញម្ដងទៀត។

ក្នុងនោះដែរ​ ប្រធាន​គ្រប់​គ្រង​ការ​ផលិត​រូបនេះ ក៏បានលើកឡើងថា «ការចូលរួមជួយលើកស្ទួយ​វិស័យសិល្បៈ គឺជាកាតព្វកិច្ចរបស់ប្រធានស​មាគមសិល្បៈ​ខ្មែរ ហើយដំបូង​ឡើយ លោកក៏ធ្លាប់បានចូលរួមជួយលើក​ទឹកចិត្ត ផ្ដល់ជាសម្ភារៈ​ផ្សេងៗ ក៏ដូចជាថវិកា ចែកជូនដល់​សិល្បករ-សិល្បការិនី ដែលខ្វះខាត មិនអាចរកចំណូលបាន នៅក្នុង​សិល្បៈ ប៉ុន្តែម្ដងនេះ លោកបង្វែ​មកជាការបើកផលិតកម្ម ហើយនឹងផ្ដល់ឱកាស ដល់តារាសម្ដែង ដែលស្ទើរតែបាត់មុខ ពីសិល្បៈបានបញ្ចេញសមត្ថភាព សារជាថ្មីម្ដងទៀត»​។

សូមបញ្ជាក់ថារឿង«បន្តោងឆ្នាំងដី» ដែលជារឿងដំបូងរបស់ផលិតកម្ម «សិល្បៈភាពយន្តខ្មែរ» និពន្ធ​​និង​ដឹកនាំរឿងដោយ​តារាកំប្លែងល្បី នាយ ពែក​មី ជាមួយការ​ជ្រោមជ្រែង​ពី​ជំនួយ​ការ​ផលិត ដោយ​​​​​ក​​វី​ដែល​​ទើប​នឹង​ភ្ជាប់ពាក្យ​ថ្មីៗ គឺលោក សុខ ជំនោរ ហើយក៏​ជាប្រភេទរឿងស្នេហាអាថ៌កំបាំង ការសម្លាប់ កំប្លែង​លាយខ្មោច​ សាហាវ រន្ធត់ ​ត្រៀមចាក់បញ្ចាំង​នៅរោងកុន នាចុងឆ្នាំ២០១៧ ខាងមុខនេះ។

នៅក្នុងរឿង «បន្តោងឆ្នាំងដី»​ បានចូលរួមសម្ដែង ដោយតារាជាច្រើនរូបមានដូចជា លោក ចែម ច័ន្ទដារ៉ា ហៅ នាយពែក​មី, កញ្ញា ហេង ចន្ថា, លោក​ ឃឿន សុឡា ហៅ K01, លោក ស៊ូ យ៉ាទី, លោក​ វ៉ន វីវ៉ា, លោក​ ប៉ែន ចំរ៉ុង, លោក ហម ឆរ៉ា, អ្នកនាងឃ្មិប និងតារាសម្ដែងប្រុស-ស្រី ជាច្រើនរូបទៀត៕